នាយករដ្ឋមន្រ្ដីកម្ពុជា-ថៃ នឹងអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីតភ្ជាប់ ស្ពានមិត្តភាពកម្ពុជា-ថៃ

15-04-2019 10:29 am 1375

លោកហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីតភ្ជាប់ស្ពានមិត្តភាព​កម្ពុជា-​ថៃ​ស្ទឹង​បត់-បាណងអៀង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពីថ្ងៃទី១៤ ខែមេសាម្សិលមិញ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល​ ដឹកនាំគណប្រតិភូ​ក្រសួងសា​ធារណការ និងដឹកជញ្ជូន​ ពិនិត្យវឌ្ឍនភាព​ទីតាំងរៀបចំកម្មវិធី​ តភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ថៃ​ ស្ទឹងបត់​-បាណងអៀង​ ការដ្ឋានសាងសង់អគារ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងស្ថានីយរថភ្លើងប៉ោយប៉ែត​។

ទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង ថា រាជរដ្ឋាភិបាលនៃប្រទេសទាំ​ង២កម្ពុជា-ថៃ នៅថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០១៩​ខាងមុខនេះ​ គ្រោងនឹងរៀបចំកម្មវិធី​ ក្រោមអធិបតីភាព​ លោកហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ​ ដែលមានរបៀបវារៈសំខាន់ៗ​ ដូចខាងក្រោម៖

១-​ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)​។

២-​ពិធីបើកការដ្ឋានសាងសង់អគារ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។

៣-​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែក ឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល​ ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

៤-​នាយករដ្ឋមន្ត្រី​ នៃប្រទេស​ទាំង២ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក​ មកស្ថានីយប៉ោយប៉ែត​៕

ព័ត៌មានផ្សេងទៀត