ពលករខ្មែរជិត១ម៉ឺននាក់ ចូលរួមយ៉ាងសប្បាយរីករាយ ក្នុងព្រឹត្តិការណ៍ មហាសង្ក្រាននៅកូរ៉េ

15-04-2019 9:40 am 755

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូ​រ៉េ​ និងសមាគមខ្មែរនានា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ បានរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្តឆ្នាំខ្មែរ​ នៅ​ពហុកីឡាដ្ឋានអានសាន ទីក្រុងអានសាន​ ដោយមានការចូលរួមពីលោកបណ្ឌិត​អ៊ិត​ សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ លោកឡុង​ ឌីម៉ង់​ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូ​រ៉េ​ អភិ​បាល​ក្រុងអានសាន តំណាងអង្គភាពអភិវឌ្ឍធនធានមនុស្សនៃក្រសួងមុខរបរ​និងការងារកូរ៉េ​ និងពលរដ្ឋខ្មែរនៅកូរ៉េ​ ប្រមាណជិត​១ម៉ឺននាក់​ ដោយមានកម្មវិធីសាសនា​ ការលេងល្បែងប្រជាប្រិយ​ ការតាំងពិពណ៍​ម្ហូបខ្មែរ​ ការ​សម្តែងសិល្បះ និងការរាំកំសាន្តប្រកបដោយភាពសប្បាយរីករាយ​ និងជោគជ័យ។ កម្មវិធីមហាសង្រ្កាន្តឆ្នាំនេះ​ ត្រូវបានរៀបចំជាច្រើនកន្លែងនៅក្នុងប្រទេសកូរ៉េ។

លោកបណ្ឌិត​អ៊ិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បានថ្លែង ថា មាន​បង​ប្អូន​ពលករ​ខ្មែរ​ បាន​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​រាប់​រយ​គីឡូ​ ចំណាយ​ពេល​ច្រើន​ម៉ោង​ ដើម្បី​មក​ចូល​រួម​យ៉ាងច្រើនកុះករ​ ដែ​ល​​លោកសូម​អរគុណ​ដល់ទឹកចិត្ត​ ស្រឡាញ់​ រាប់​អាន​គ្នា​ ដ៏​ស្មោះ​សររបស់​បងប្អូន​ខ្មែរ​ទាំង​អស់​។ ​ឆ្នាំ​នេះ​កម្មវិធី​របស់​យើង​ពិត​សម្បូរ​បែប​ ដោយមាន​ក្រុម​ សិល្បៈ​តន្ត្រី​ និង​អ្នក​ចម្រៀង​ នៃ​សមាគម​នានា​ និង​មាន​សិល្ប​ករ​​ មកពី​ក្នុង​ប្រទេស​បាន​មកចូលរួមសម្ដែង​ ក្នុង​កម្មវិធី​យើង​ រួមជាមួយ​ក្រុម​សិល្បករ​របស់បងប្អូននៅកូរ៉េផ្ទាល់ ហើយ​រូបលោកផ្ទាល់​សង្ឃឹម​ថា បងប្អូន​ សប្បាយ​រីករាយ​ ហើយ​រាំលេងទាំងអស់គ្នា។ ទន្ទឹមនេះ​ក៏​មាន​ការ​រៀបចំកម្មវិធីអបអរឆ្នាំថ្មីនៅតាមកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកូរ៉េផងដែរ។

លោករដ្ឋមន្រ្ដីក្រសួងការងារ បានថ្លែងបន្ត ថា ការ​រៀបចំ​កម្មវិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង​នៅ​សាធារណរដ្ឋកូរ៉េ​ ពិត​ណាស់មិន​អាច​គ្រប់​គ្រាន់​ដូច​យើង​នៅ​ជួប​ជុំ​គ្រួសារ​ នៅ​ស្រុក​កំណើត​យើង​ទេ តែ​បញ្ជាក់​ថា​ខ្មែរ​យើងទោះ​ទៅ​ដល់​ទី​ណា​​ ​សម្បូរ​សប្បាយ​យ៉ាង​ណា​ក្ដី​ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី​ វប្បធម៌​ ខ្មែរ​ឡើយ​។ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ លោកសូម​គោរព​កោត​សរសើរ​បងប្អូន​ខ្មែរ​ រស់​នៅ​កូរ៉េខាងត្បូង​ទាំង​អស់​ ដែល​បាន​ថែរក្សា​ ប្រពៃណី​​ជា​តិ​ ជា​ពូជពង្ស​ខ្មែរ​អង្គរ​ដ៏រុងរឿងនៃយើង​៕  

ព័ត៌មានផ្សេងទៀត