អាមេរិក​​ដាក់ទណ្ឌកម្ម​​ក្រុមហ៊ុន​ដឹកជញ្ជូន​៤​​នាវា​៩​គ្រឿង​​ដែល​ដឹក​ប្រេង​​ចេញពី​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

13-04-2019 2:28 pm 638
រូបភាព​នាវា​​ដឹកប្រេងចេញពីប្រទេសវេណេហ្ស៊ូអេឡា

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម ទៅលើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ប្រេង​ពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដោយ​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​នូវ​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន​៤ និង​នាវា​ដឹកជញ្ជូន​ចំនួន​៩​គ្រឿង​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​រតនាគារ​អាមេរិក ដោយ​អះអាងថា​ក្រុមហ៊ុន​បាន​ដឹក​ប្រេង​ទៅកាន់​ប្រទេស​គុយបា​។ សេចក្ដីថ្លែងការណ៍​រត​នាគារ​អាមេរិក​បាន​និយាយាថា វិស័យ​ប្រេង​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​បន្ដ​ផ្ដល់​ជីវិត​ដល់​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ ដូច្នេះ​អាមេរិក​នឹង​កំណត់​គោលដៅ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ប្រេង​ពី​វេ​ណេ​ហ្ស៊ូ​អេ​ឡាទៅ​គុយបា មិនឲ្យ​ពួកគេ​បន្ដ​ទទួល​ផលប្រយោជន៍​ពី​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​ទៀតឡើយ​។​

​ទណ្ឌកម្ម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការដាក់​សម្ពាធ​របស់​អា​មេរិក ដើម្បី​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡានី​កូឡាស ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​តំណែង​។  អាមេរិក​គាំទ្រ​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូ ទាមទារ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​តំណែង ក្រោម​ហេតុផល​បរាជ័យ​ក្នុង​ការដឹកនាំ​ប្រទេស ធ្វើឲ្យ​ជួប​វិបត្ដិ​សេដ្ឋកិច្ចនិងន​យោបា​យ​ធ្ងន់ធ្ងរ​។ ប៉ុន្ដែ​លោក​ម៉ា​ឌូ​រ៉ូ​ប្រឆាំង​ថា​មិន​ចុះចេញ​ទៅណា​ដាច់ខាត ព្រោះ​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​។ លោក​ម៉ា​ឌូ​រ៉ូ​មាន​មហាអំណាច​ចិន​និង​រុស្ស៊ី នៅ​គាំទ្រ​ពីក្រោយ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត