វេលា​ឈប់សម្រាក​បុណ្យចូលឆ្នាំ​នៅ​ភ្នំពេញ​ស្ងាត់​ជា​បណ្តើរៗ​ហើយ​

13-04-2019 10:53 am 215

​ពេលវេលា​នៃ​ការ​ឈប់សម្រាក នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ របស់​មន្ត្រីរាជការ កម្មករ​-​កម្មការិនី បាន​ចាប់ផ្តើម​ជា​បណ្តើរៗ​ហើយ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​នេះ​។ ក្នុងពេល​ជាមួយគ្នា​នេះ បើ​យើង​សង្កេតមើល​ពី​ការធ្វើ​ចរាចរណ៍ នៅតាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ហាក់​មិនសូវ​មាន​ភាព​មមាញឹក ឬ​កកស្ទះ​ដូច​សព្វដង​នោះឡើយ​។ ឯ​រី​នៅតាម​បណ្តា ភោជនីយដ្ឋាន រោងចក្រ សហគ្រាស និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ក៏​ត្រូវ​បាន​បិទទ្វារ​ស្ងាត់ជ្រងំ​ផងដែរ​។​

​ជុំវិញ​ការចាកចេញ​ពី​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ស្រុកកំណើត នៅតាម​បណ្តា​ខេត្ត​នានា​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ឲ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ការរៀបចំ​ទុកដាក់​ទ្រព្យសម្បត្តិ និង​បញ្ហា​គ្រោះ​អគ្គីភ័យ ត្រូវ​ត្រួតពិនិត្យ​ចរ​ចន្តអគ្គិសនី ភ្លើង​ទៀនធូប ឲ្យបាន​ត្រឹមត្រូវ មុន​នឹង​ចាកចេញ​ពី​ផ្ទះ ដើម្បី​បង្ការ​ឧប្បទ្ទវហេតុ​ណាមួយ កើតឡើង​ជា​យថាហេតុ​។​

​ដោយឡែក បើ​យើង​ងាក​មក​ចាប់​អារម្មណ៍​ពី​ទិដ្ឋភាព នៃ​ការធ្វើ​ចរាចរណ៍ នៅតាម​បណ្តា​ផ្លូវជាតិ​សំខាន់ៗ ទៅកាន់​បណ្តា​ខេត្ត​នានា​វិញ ឃើញថា មាន​សភាព​អ៊ូអរ និង​មមាញឹក​ជាខ្លាំង ដោយសារតែ​ប្រជាពលរដ្ឋ បាន​សម្រុក​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុកកំណើត​រៀងៗ​ខ្លួន ពិសេស​នៅ​ត្រង់​ចំណុច​ទីប្រជុំជន គេ​ឃើញ​មាន​ប៉ូលីស​ចរាចរណ៍ ចុះ​ជួយ​សម្រួល​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​ផងដែរ​។​

​យ៉ាងណាក៏ដោយ ជុំវិញ​ការ​ការធ្វើដំណើរ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បើកបរ​ដោយ​ចេះ​គោរព និង​អធ្យាស្រ័យ​គ្នា ទៅវិញទៅមក បើកបរ​ប្រកាន់​ស្តាំ និង​គោរព​សិទ្ធិ​អាទិភាព​គ្នា ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត