ស្ថានទូត​ចំនួន​៣​នៅ​កម្ពុជា​ចេញ​វីដេអូ​ជូនពរ​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​

13-04-2019 8:53 am 3339
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​, ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​បង្ហោះ​សារ​ជូនពរ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ក្នុងឱកាស​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ថ្ងៃ​ខាងមុខនេះ ...

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក ហ៊ី​ដេ​ហ៊ីសា ហូ​រីណូ​ឈិ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា បាន​ចេញ​វីដេអូ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ជួបតែ​ជ័យ​ជម្នះ និង​សេចក្តីសុខ​គ្រប់ប្រការ ។​

​ក្នុង​វីដេអូ​នោះ លោក​បាន​រំឭក​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​វត្ត រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​និង​ធ្វើ​ពិធី​សាសនា តាម​បែបបទ​ទំនៀមទម្លាប់​ខ្មែរ ។ លោក​ប្រាប់​ថា លោក​បាន​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​CJCC ហើយ​លោក​ក៏​ទទួល​បាន​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ តាម​ការរៀបចំ​បែប​ពុទ្ធ​សាសនា ។​

​ចំពោះ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឯណោះ​វិញ ក៏​បាន​បង្ហោះ​សារ​ជូនពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ថា «​សួស្តី​ឆ្នាំ​ថ្មី សូម​មាន​សេរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​គ្រប់​ក្រុម​គ្រួសារ ពី​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​ភ្នំពេញ​» ។​

​ចំណែកឯ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ជាមួយគ្នានេះ ក៏​បាន​ចេញ​ជា​វីដេអូ​ជូនពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ថា «​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា សូម​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​មិត្ត​ទាំងអស់ សូម​ទទួលបាន​នូវ​ភាព​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ប្រកបដោយ​ពុទ្ធិ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ។​

​គូសបញ្ជាក់ថា សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ គ្រិស្ត​សករាជ ២០១៩ នឹង​ត្រូវ​ចូលមក​ដល់​នៅ​ថ្ងៃ​អាទិត្យ ១០​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៩ ម៉ោង​១៥:១២​នាទី ។ សម្រាប់​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មី ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ៕

ព័ត៌មានផ្សេងទៀត