លោក​ហ៊ុន​សែន​ស្នើ​អាជ្ញាធរ​ពង្រឹង​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​

13-04-2019 8:09 am 1540

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា បាន​ស្នើ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ជួយ​សម្រួល​សណ្តាប់ធ្នាប់​ចរាច​រណ៍ និង​ពង្រឹង​សន្តិសុខ​ជូន​ពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ឱ្យ​បានល្អ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ។​

​សំណើ​នេះ​ធ្វើឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​សំអាងថា នឹង​មាន​ការកកស្ទះ​នៅតាម​ផ្លូវ​មួយចំនួន ព្រោះ​ថ្ងៃ​នេះ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​សម្រាក​ការងារ ។ លោក​បន្តថា ប៉ុន្មាន​ថ្ងៃ​មកនេះ ក៏មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជា​ច្រើន​ដែរ ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់ និង​របួស​មួយចំនួន ដោយសារ​ការបើកបរ​មិន​គោរព​ច្បាប់ បើក​វ៉ា​ប្រជែង​យក​លឿន​រៀងៗ​ខ្លួន ដែល​បន្សល់​ទុក​តែ​នូវ​ការឈឺចាប់ និង​សោកស្តាយ​អស់​មួយ​ជីវិត ។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ឡានក្រុង​សាធារណៈ​មិន​គិតថ្លៃ ដែល​រដ្ឋាភិបាល​រៀបចំ​ជូន ដើម្បី​សុវត្ថិភាព​ផង និង​បាន​សន្សំសំចៃ​ប្រាក់កាស​ខ្លះ​ផង នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ៕

ព័ត៌មានផ្សេងទៀត