លោកហ៊ុន ម៉ានី លើកទឹកចិត្តឲ្យពលរដ្ឋចូលរួមព្រឹត្តិការណ៍សង្ក្រានតាមបណ្ដារាជធានី-ខេត្ត

12-04-2019 9:36 pm 338

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមការងាររបស់លោកបានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យចូលរួមដោយស្នាមញញឹម និងសប្បាយរីករាយ ក្នុ​ងព្រឹត្តិ​ការណ៍សង្ក្រាន នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រ​ពៃ​ណីជាតិខ្មែរនាឆ្នាំនេះ ខណៈដែលមិនមានការរៀបចំព្រឹត្ដិការណ៍ អង្គរសង្រ្កាននៅខេត្តសៀមរាប ដូ​ចប​ណ្ដាឆ្នាំមុនៗនោះ។  

ក្នុងសារជូនពរ និងអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាវីដេអូ ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន លោកហ៊ុន ម៉ានី បានថ្លែង ថា”ឱកាសនៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររប​ស់យើង ដែល​ជាពេលវេលានៃការជួបជុំ ជាមួយក្រុមគ្រួសារបងប្អូន មិត្តភក្ដិបានខិតជិតចូលមកដល់ហើ​យ….ថ្ងៃនេះឆ្នាំមុន ខ្ញុំក៏ដូចជាក្រុមការងាររៀបព្រឹត្ដិការណ៍អង្គរសង្ក្រាន កំពុងតែស្ថិតនៅលើកទឹកដីខេត្តសៀ​មរាប ដើម្បីរៀបចំ​ឲ្យរួចជាស្រាច ក្នុងស្វាគមន៍ពុកម៉ែ-បងប្អូនទូទាំងប្រទេស ក៏ដូចជាមិត្តភក្ដិបរ​ទេ​ស ដើ​ម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង ជាលក្ខណៈមហាគ្រួ​សា​រខ្មែរ”។

ក្នុងសារជូនពរ និងអបអរសាទរឆ្នាំថ្មីនេះលោកម៉ានី បានថ្លែងបញ្ជាក់ ថា”ដោយឡែកនៅក្នុងឆ្នាំនេះ ក្រុមការ​ងារ មិនបានរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន ដោយហេតុថា ក្រុមការងារចង់ផ្ដល់ឱកាស​ជូនទៅដល់បង​ប្អូន​ប្រជា​ពលរដ្ឋទូទាំងប្រទេស និងក្រៅប្រទេសផងដែរ អាចទៅចូលរួម នូវការអបអរសាទរសង្ក្រាន ទៅតាមបណ្ដារាជធានី-ខេត្ត…..ទី២ក៏ជាការផ្ដល់ឱកាសឲ្យក្រុមការងារបានសម្រាក ជួបជុំក្រុមគ្រួ​សារ ហើយ​និងវាយ​តំលៃ ទៅលើអ្វីដែលជាការងារសម្រេចបាន នៅក្នុងដំណាក់កាល រៀបចំអង្គរសង្រ្កា​ន៦ឆ្នាំកន្លងទៅនេះ ដើម្បីធ្វើយ៉ាងណាអាចរៀបចំ នូវព្រឹត្តិការណ៍អង្គរសង្ក្រានមួយ ដែលមានភាពទាក់ទាញ ពោរពេញដោយ​ភាព​សប្បាយរីករាយ និងត្រៀមស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុង និងក្រៅប្រទេស ដើម្បីទៅរួមចំណែកសារជាថ្មីម្ដងទៀត”។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានថ្លែងទៀត ថា”បើទោះបីក្រុមការងារមិនបានរៀបចំ នូវព្រឹត្តិការណ៍អង្គរសង្រ្កាននៅក្នុងឆ្នាំនេះក្ដី ក៏យើងសង្កេតឃើញ ថា មានការរៀបចំសង្ក្រាននូវតាមវិទ្យាល័យ ក៏​ដូច​ជានៅតាមរាជធានី-ខេត្តទូទាំងប្រទេស….ក្នុងនោះក្រុមការងារ មានការលើកទឹកចិត្តខ្ពស់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានទៅចូលរួមដោយស្នាមញញឹម និងសប្បាយរីករាយនៅក្នុងព្រឹត្តិការ​ណ៍សង្ក្រាននៅ​តាម​រាជធានី-ខេត្ត នៅពេលខាងមុខនេះ”។

សូមជម្រាប ថា កាលពីថ្ងៃទី២ ខែមេសាកន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានជូនដំណឹងជាផ្លូវការ ថា ស.ស.យ.ក នឹងមិនធ្វើការរៀបចំព្រឹត្ដិការណ៍ អង្គរសង្រ្កានថ្នាក់ជាតិឆ្នាំ២០១៩ឡើយ ដោ​យ​ក្រុម​ការ​ងារមានបំណងយកឱកាសនេះ ចូលរួមក្នុងពិធីសង្រ្កាន ដែលគ្រោងនឹងរៀបចំដោយស.ស.យ.ក នៅតាមបណ្ដារាជធានី-ខេត្ត និងក៏ដើម្បីឆ្លៀតពេលនេះ ធ្វើការឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ ដែលបានរៀបចំ​ក្នុងបណ្ដា​ឆ្នាំ​កន្លង​ទៅ ធ្វើយ៉ាងណាឲ្យការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាននៅឆ្នាំបន្តបន្ទាប់ មានលក្ខណៈកាន់តែល្អប្រសើរឡើង៕

ព័ត៌មានផ្សេងទៀត