ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​មិន​គាំទ្រ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​

12-04-2019 11:08 am 306
  ស្តាប់
ស្តាប់ជាសំឡេង

​ការប្រកាស​មិន​គាំទ្រ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​គណបក្ស​នយោបាយ ដែល​ជា​សមាជិក​-​សមាជិកា​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ។ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏បាន​លើកឡើង​នូវ​វិធានការ​ចំពោះ​មុខ​ចំនួន​ពីរ ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន ដែល​កើតចេញ​ពី​ការផ្សាយពាណិជ្ជកម្ម...

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀ​រ ឬ​គ្រឿង​ស្រវឹង​ជា​សាធារណៈ​ទេ និង​បាន​លើកឡើង​ជំហរ​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​មិន​ទទួលយក​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​បៀរ សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ ។​

​ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន ដែល​កើតចេញ​ពី​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មកលើ​សង្គម​កម្ពុជា លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​នូវ​វិធានការ​ចំពោះ​មុខ​ចំនួន​ពីរ ដែល​ក្រសួង​ត្រៀម​អនុវត្ត ក្នុងនោះ រួមមាន ៖

១. រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពិនិត្យ និង​សម្រេច ។​

២. រៀបចំ​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម ដោយ​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ទំនិញ និង​សេវា ។​

​លោក​ក៏​បាន​ស្នើ​ដល់​សមាជិក​-​សមាជិកា​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​ទាំងអស់ ជួយ​គាំទ្រ​កិច្ចការ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុង​ការអនុវត្ត​តួនាទី​និង​កាតព្វកិច្ច​ថ្មី ដោយ​អនុលោម​តាមច្បាប់ ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​, ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង នៅពេល​ច្បាប់​ទាំងបី​នេះ​ត្រូវបាន​អនុម័ត​ចប់សព្វគ្រប់ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត