រថយន្ត​ក្រុង​​១២០​​គ្រឿង​​ផ្តើម​​ដឹក​ពលរដ្ឋ​​ទៅ​លេង​​ស្រុក​កំណើត​​នៅ​ថ្ងៃនេះ​​

12-04-2019 10:57 am 816
ពលរដ្ឋជិះរថយន្តក្រុងទៅស្រុកក្នុងឱកាសចូលឆ្នាំថ្មី។រូបថតពីរដ្ឋបាលរាជធានីភ្នំពេញ

​រថយន្តក្រុង​ទាំង ១២០ គ្រឿង​របស់​សាលា​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ដឹក​ប្រជាពលរដ្ឋ ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា​ហើយ​នៅ​ថ្ងៃទី​១២ មេសា​នេះ​។​ជា​រថយន្ត​ដឹក​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី ១២ រហូតដល់​ថ្ងៃទី ១៨ ខែ មេសា ដើម្បី​អបអរ​សារ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។

​ដូច​ការគ្រោងទុក​នៅថ្ងៃនេះ សាលា​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ទាំង ១២០ គ្រឿង ដើម្បី​ដឹក​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ សិស្ស និស្សិត ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ  ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី ១២ រហូតដល់​ថ្ងៃទី ១៨ ខែ មេសា​។​

​ជាមួយគ្នានេះ រថយន្ត ១១៥ គ្រឿង​ផ្សេងទៀត រួមទាំង​កាណូត​ដឹក​អ្នកដំណើរ ៤ គ្រឿង​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ដឹក​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​រយៈពេល ៧ ថ្ងៃ​ដូចគ្នា ដោយ​មិន​គិតថ្លៃ​។​រថយន្តក្រុង​ជិះ​មិន​គិតថ្លៃ​នេះ ដឹក​ប្រជាពលរដ្ឋ​ទាំង​ទៅ​និង​ត្រឡប់​មកពី​ខេត្ត​វិញ​។ ប្រជាពលរដ្ឋ​ដែល​ត្រឡប់មក​ពី​ខេត្ត​វិញ គឺ​ត្រូវ​មក​រង់ចាំ​នៅតាម​ចំណតរថយន្ត​នៅតាម​បណ្តា​ខេត្ត​នីមួយ​។​

​តាំងពីព្រឹក​ប្រលឹម​គេ​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ចាស់​ក្មេងប្រុស​ស្រី បាននាំគ្នា​សម្រុក​ទៅ​ជិះ​ឡានក្រុង​តាម​គោលដៅ​ដែល​កំណត់ដោយ​សាលា​រាជធានី​ភ្នំពេញ​។ ចំណែក​អាជ្ញាធរ​ក៏បាន​ដាក់ពង្រាយ​កម្លាំង​ទៅតាម​គោលដៅ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រពល​រដ្ឋ​ផងដែរ​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​រដ្ឋាភិបាល បាន​បញ្ចេញ​រថយន្តរ​បស់​រដ្ឋ​ដឹក​ប្រជាពលរដ្ឋ​ទៅតាម​បណ្តា​ខេត្ត​ដោយ​មិន​គិតថ្លៃ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​។​ការដាក់ឱ្យ​ដំណើរការ​រថយន្តក្រុង​ដឹក​ពលរដ្ឋ​មិន​យក​កម្រៃ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាច​ហាមឃាត់​កុំឱ្យ​ក្រុម​អ្នករត់​រថយន្តឈ្នួល​ដំឡើងថ្លៃ​បាន នៅក្នុង​ពិធី​បុណ្យទាន​ម្ដងៗ ហើយ លោក​មិន​ចង់​និយាយ​បញ្ហា​ច្រំ​ដែល​ជាមួយ​ម្ចាស់​រថយន្ត (​ឈ្នួល​) ទៀត​ទេ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​បញ្ចេញ​រថយន្ត​ខ្លួនឯង​តែម្ដង​៕

ព័ត៌មានផ្សេងទៀត