ស្ថាបនិក​​WikiLeaks​​ត្រូវបាន​ចាប់ខ្លួន​​នៅ​អង់គ្លេស​

12-04-2019 9:45 am 135
លោក​Julian Assange

​ចក្រភព​អង់គ្លេស​កំពុង​ពិចារណា​លើ​ការស្នើសុំ​ពី​អាមេរិក ចំពោះ​ការធ្វើ​បត្យាប័ន​ស្ថាបនិក​គេហទំព័រ WikiLeaks​លោក​Julian Assange បន្ទាប់ពី​ការចាប់ខ្លួន​នៅក្នុង​ទីក្រុង​ឡុង​។ លោក​Assange​ត្រូវបាន​ប៉ូលិស​នាំ​ពី​ស្ថានទូត​អេក្វាឌ័រ​ទៅ​ឃុំខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​កន្លែង​ដែល​លោក​បាន​ជ្រកកោន​រយៈពេល​រយៈពេល​៧​ឆ្នាំ​មកហើយ​។ ប៉ូលិស​បាន​ចាប់ខ្លួន​លោក​Assange​ចំពោះ​ការខកខាន​មិនបាន​រាយ​ការណ៍​ទៅ​តុលាការ​អង់គ្លេស​ក្នុង​ឆ្នាំ​២០១២ នៅពេល​លោក​ត្រូវបាន​ធានា​ឲ្យនៅ​ក្រៅ​ឃុំ​។ ការចាប់ខ្លួន​ក៏​ពាក់ព័ន្ធ​នឹង​សំណើសុំ​ធ្វើ​បត្យាប័ន​របស់​អាមេរិក​ដែរ​។​

​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា បាន​ចោទប្រកាន់​លោក Assange​ពី​ការ​រួមគំនិត​ដើម្បី​ចូល​ប្រើ​បណ្ដាញ​កុំព្យូទ័រ​កាលពី​ខែ​មីនាឆ្នាំ​២០១០ ជាមួយនឹង​អតីត​អ្នកវិភាគ​យោធា​អាមេរិក​ម្នាក់​។ ការចោទប្រកាន់​និយាយថា​លោក​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ ប្រសិនបើ​រកឃើញ​កំហុស​។ លោក​Assange​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​អង់គ្លេស​នៅ​ថ្ងៃទី​០២​ឧសភា ទាក់ទង​នឹង​ការធ្វើ​បត្យាប័ន​ទៅ​អាមេរិក​។ ចំពោះ​អតីត​អ្នកវិភាគ​យោធា​អាមេរិក​ត្រូវបាន​ចោទប្រកាន់​ពីបទ លួច​ឯកសារ​ប្រមាណ​៧០​ម៉ឺន​ទំព័រ ហើយ​បានប្រគល់​ឯកសារ​ទាំងនោះ​ទៅឲ្យ​WikiLeaks៕

ព័ត៌មានផ្សេងទៀត