យោធា​ស៊ូដង់​​ទម្លាក់​ប្រធានាធិបតី​​ចេញពី​តំណែង​​ក្រោយ​ការ​តវ៉ា​​ជាច្រើន​ខែ​

12-04-2019 9:14 am 887
  ស្តាប់
​ប្រធានាធិបតី​ស៊ូដង់លោកOmar al-Bashir
ស្តាប់ជាសំឡេង

​យោធា​ស៊ូដង់​កាលពី​ថ្ងៃ​១១​មេសា​បានធ្វើ​រដ្ឋប្រហារ ទម្លាក់​លោក​ប្រធានាធិបតី​Omar al-Bashir​ចេញពី​តំណែង​ហើយ ក្រោយ​ប្រជាជន​តវ៉ា​ប្រឆាំង​ជាច្រើន​ខែ​។ ភ្លាមៗ​ទូរទស្សន៍​និង​វិទ្យុ​ត្រូវ​ផ្អាក​កម្មវិធី​ផ្សាយ ហើយ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​លោក​Awad Ibn Ouf បានប្រកាស​ពី​ការទម្លាក់​របប​គ្រប់គ្រង​របស់លោក​Bashir និង​បាន​ចាប់ខ្លួន​លោក​ផងដែរ​។ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​បាន​និយាយថា ប្រទេស​ស៊ូដង់​បាន​រង​ការឈឺចាប់​ដោយសារ​កម្សោយ​ការគ្រប់គ្រង អំពើពុករលួយ និង​គ្មាន​យុត្ដិធម៌ ហើយ​លោក​បាន​សុំទោស​ចំពោះ​ការសម្លាប់​និង​អំពើហិង្សា​ដែល​បាន​កើតឡើង​កន្លងមក​។ 

​លោក​Ibn Ouf​សង្កត់ធ្ងន់ថា​យោធា​នឹង​រៀបចំ​ការបោះឆ្នោត​ដើម្បី​ផ្ទេរ​អំ​ណាយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។ បន្ទាប់ពី​រដ្ឋប្រហា​ររដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិក៏​បានប្រកាសដា​ក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល​បី​ខែ រដ្ឋធម្មនុញ្ញ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន ព្រំដែន​ក៏ត្រូវ​បិទ​រហូត​មាន​ការជូនដំណឹង​ជាថ្មី​។ ចំណែក​ការហោះហើរ​ដែនអាកាស​ត្រូវ​បិទ​រយៈពេល​២៤​ម៉ោង​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​បានឲ្យដឹង​ដែរថា បម្រាម​គោចរ​នឹងដាក់​ចាប់ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤​ព្រឹក​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ដូច្នេះ ក្រុមបាតុករ​រាប់ពាន់នាក់​បាននាំគ្នា​ប្រមូលផ្ដុំ​នៅលើ​ដងផ្លូវ​ក្នុង​រដ្ឋធានី​Khartoum របស់​ស៊ូដង់ ប្រឆាំងនឹង​ការដាក់​បម្រាម​គោចរ​។ ក្រុមបាតុករ​លើកឡើង​ថា ក្រុមប្រឹក្សា​យោធា​គឺជា​បក្ខពួក​តែមួយ​នៃ​របប​ដឹកនាំ​សព្វថ្ងៃ ហេតុនេះ​ពួកគេ​មិន​ពេញចិត្ដ​ចំពោះ​អ្វីដែល​យោធា​បានប្រកាស​ឡើយ​។ ការប្រឈមមុខ​ជាថ្មី​បង្ក​ជា​ក្ដីបារម្ភ​ខ្លាច​មាន​ការប៉ះទង្គិច​កើតឡើង​រវាង​ក្រុមបាតុករ​និង​យោធា ហើយក៏​អាច​កើតមាន​គ្រោះថ្នាក់​ពិតប្រាកដ​មួយ គឺ​ការប្រើ​អាវុធ​ដាក់គ្នា​រវាង​កងកម្លាំង​សន្ដិសុខ​និង​ក្រុម​ជីវពល​។ ទាំង​អង្គការសហប្រជាជាតិ​និង​សហភាព​អាហ្វ្រិក​បានចេញ​ការអំពាវនាវ​ឲ្យ​អត់ធ្មត់​ខ្ពស់​។ 

​និយាយ​ពី​លោក​ប្រធានាធិបតី​Omar al-Bashir គឺជា​កម្មវត្ថុ​នៃ​ដីកាចាប់ខ្លួន​របស់​អន្ដរជាតិ​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​(ICC) ដែល​ចោទប្រកាន់​លោក​ថា​បានរៀបចំ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុ​ស្សជាតិ​នៅក្នុង​តំបន់​Darfur​នៅ​ភាគ​ខាងលិច​ប្រទេស​ស៊ូដង់​។ ពេលនេះ​នៅ​មិនទាន់​ដឹងថា​មាន​អ្វី​កើតឡើង​ចំពោះ​លោក​Bashir​ទេ​ខណៈ​លោក​កំពុងស្ថិត​ក្នុងការ​ឃុំឃាំង​៕

ព័ត៌មានផ្សេងទៀត