ឥណ្ឌា​ចាប់ផ្ដើម​ការបោះឆ្នោត​​ជា​សកល​​ធំ​បំផុត​​ក្នុង​លោក​​នៅ​ថ្ងៃ​​១១​​មេសា​នេះ​

11-04-2019 12:33 pm 260
  ស្តាប់
ប្រជាជន​ឥណ្ឌា​​ដែល​ទៅចូលរួម​​ការបោះឆ្នោត
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​១១​មេសា​នេះ​គឺជា​ថ្ងៃ​ចាប់ផ្ដើម​ការបោះឆ្នោត​នៅ​ក្នុងប្រទេស​ឥណ្ឌា ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី​។ ប្រជាជន​ឥណ្ឌា​ប្រមាណ​៩០០​លាន​នាក់​នៃ​ប្រជាជន​សរុប​១.៣​ពាន់​លាន​នាក់ ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ដែលមាន​៧​ដំណាក់កាល​។ ដំណាក់កាល​ទី​១​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១១​មេសា​នេះ មាន​មណ្ឌលបោះឆ្នោត​ចំនួន​៩១​មណ្ឌល ដំណាក់កាល​ទី​២​នៅ​ថ្ងៃទី​១៨​មេសា​មាន​៩៧​មណ្ឌល ដំណាក់កាល​ទី​៣​នៅ​ថ្ងៃទី​២៣​មេសា​មាន​១១៥​មណ្ឌល ដំណាក់កាល​ទី​៤​នៅ​ថ្ងៃទី​២៩​មេសា​មាន​៧១​មណ្ឌល ដំណាក់កាល​ទី​៥​នៅ​ថ្ងៃទី​០៦​ឧសភា​មាន​៥១​មណ្ឌល ដំណាក់កាល​ទី​៦​នៅ​ថ្ងៃទី​១២​ឧសភា​មាន​៥៩​មណ្ឌល និង​ដំណាក់កាល​ទី​៧​នៅ​ថ្ងៃទី​១៩​ឧសភា​មាន​៥៩​មណ្ឌល​។ ចំពោះ​ការរាប់​សន្លឹកឆ្នោត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣​ឧសភា ហើយ​នៅថ្ងៃនោះ​ក៏​អាច​ប្រកាស​លទ្ធផល​ផងដែរ​។​

​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​បច្ចុប្បន្ន​លោក​Narendra Modi បានឈ្នះ​ការបោះឆ្នោត​លើកដំបូង​ក្នុង​ឆ្នាំ​២០១៤ ហើយ​ពេលនេះ​ជា​ការចូលរួម​ប្រកួតប្រជែង​ក្នុង​អាណត្ដិ​ទីពីរ​របស់លោក​ហើយ​។ លោក​Modi​ត្រូវ​ប្រជែង​ជាមួយ​ដៃគូ​ខ្លាំង​ម្នាក់ទៀត​គឺ​លោក​Rahul Gandhi​។ សែស្រឡាយ​របស់លោក​Gandhi​ក៏មាន​អ្នក​កាន់តំណែង​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​ជាច្រើនរូប គឺមាន​តាំងពី​ឪពុក ជីដូន​និង​ជីតា​ទូត​របស់លោក ដូច្នេះ​វា​ជា​ការប្រកួតប្រជែង​យ៉ាង​តឹងតែង​មួយ​សម្រាប់​លោក​Modi​។ មាន​គណបក្សនយោបាយ​ជិត​២,៣០០​បាន​ចុះបញ្ជី​នៅ​គជប ប៉ុន្ដែ​មានតែ​៧​គណបក្ស​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ទទួលស្គាល់​នៅ​កម្រិត​ថ្នាក់ជាតិ និង​៥៩​គណបក្ស​នៅ​កម្រិត​ថ្នាក់​រដ្ឋ​។ 

​ទាក់ទង​នឹង​អាសនៈ​នៅក្នុង​រដ្ឋសភា​ឥណ្ឌា​មាន​ចំនួន​៥៤៣​អាសនៈ ហើយ​គណបក្ស​ដែល​អាចបង្កើត​រដ្ឋាភិបាល​បាន​ត្រូវមាន​អាសនៈ​យ៉ាងហោចណាស់​២៧២​ឡើងទៅ​។ បើ​មាន​មិន​គ្រប់គ្រាន់​តាម​ចំនួន​នេះ​ទេ​គណបក្ស​ត្រូវ​ចងសម្ព័ន្ធ​ជាមួយគ្នា ដើម្បី​បង្គ្រប់​អាសនៈ​២៧២​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​។ ក្នុង​ឆ្នាំ​២០១៤​គណបក្ស​របស់លោក​Modi​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា​រហូតដល់​២៨២​អាសនៈ លើស​ចំនួន​កំណត់​ចំនួន​១០​អាសនៈ ក្លាយជា​គណបក្ស​ឈ្នះ​សំឡេង​ភាគច្រើន​អាចបង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​លើកដំបូង​ក្នុងពេល​៣​ទសវត្ស​។ ការបោះឆ្នោត​លើក​នេះ​លោក​Modi​នៅតែ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គណបក្ស​របស់លោក​នឹង​នៅតែ​បន្ដ​ឈ្នះឆ្នោត​ដដែល​៕ 

ព័ត៌មានផ្សេងទៀត