តួ​ក​គី​៖​​បើ​អាមេរិក​​មិន​លក់​​ប្រព័ន្ធ​ការពារ​​ដែនអាកាស​​ឲ្យ​មាន​តែ​ទិញ​បន្ថែម​​ពី​រុស្ស៊ី​

10-04-2019 4:48 pm 310
  ស្តាប់
ប្រព័ន្ធការពារមីស៊ីល​​S-400​របស់រុស្ស៊ី
ស្តាប់ជាសំឡេង

​តួ​ក​គី​នឹងមិន​ចុះ​ញ៉ម​ចំពោះ​សម្ពាធ​អាមេរិក​ឡើយ រឿង​ទាមទារ​ឲ្យ​លុបចោល​ផែនការ​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ពី​រុស្ស៊ី​នោះ​។ តួ​ក​គី​នឹង​បន្ដ​ទិញ​បន្ថែមទៀត​ប្រសិនបើ​អាមេរិក​មិន​លក់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ឲ្យ ហើយ​ម្យ៉ាងទៀត​តួ​ក​គី​នឹង​សម្លឹងមើល​ជម្រើស​ផ្សេង ដែល​អាច​ជំនួស​យន្ដហោះ​ចម្បាំង F-35​របស់​អាមេរិក​ផងដែរ​។ រដ្ឋមន្ដ្រីការបរទេស​តួ​ក​គី​លោក​Mevlut Cavusoglu បាន​និយាយ​នៅ​ថ្ងៃទី​១០​មេសា​នេះ​ថា ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​មិន​ព្រម​លក់​ប្រព័ន្ធ​ការពារ​ដែនអាកាស ឬ​លុបចោល​ផែន​ការបញ្ជាទិញ​យន្ដហោះ​ចម្បាំង​F-35​របស់​តួ​ក​គី នៅមាន​វិធីសាស្ដ្រ​ផ្សេង​ដែល​ស័ក្ដិសម​។​

​លោក​រដ្ឋមន្ដ្រី​បាន​បន្ថែមថា សំណើ​មួយ​ដែល​ទីក្រុង​អង់កា​រ៉ា​បានដាក់​ទៅ​រដ្ឋមន្ដ្រី​នៃ​អង្គកា​រណា​តូ​កាលពី​សប្ដាហ៍​មុន ជុំវិញ​ការបង្កើត​ក្រុមបច្ចេកទេស​សម្រាប់​ដោះស្រាយ​កង្វល់​ប្រទេស​ជា​សមាជិក ក្នុង​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ពី​រុស្ស៊ី មិនបាន​ទទួល​ការឆ្លើយតប​ជា​វិជ្ជមាន​នោះទេ​។ ប៉ុន្ដែ​យ៉ាងណាមិញ​កិច្ចព្រមព្រៀង​នេះ​មិនអាច​លុបចោល​បានឡើយ ព្រោះ​វា​បាន​ចុះហត្ថលេខា​រួចរាល់​ហើយ​។ អ៊ីចឹង​គ្រប់យ៉ាង​មានតែ​បន្ដដំណើរ​ទៅមុខទៀត​។ 

​កិច្ចព្រមព្រៀង​ដែល​មានតម្លៃ​២.៥​ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ឯកភាព​រវាង​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​អង់កា​រ៉ា​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៧​។ ប៉ុន្ដែ​តួ​ក​គី​បាន​ស្ថិតក្រោម​សម្ពាធ​កាន់តែខ្លាំង​ពី​អាមេរិក​និង​សម្ព័ន្ធមិត្ដ​ផ្សេង​ទៀតជា​សមាជិក​អង្គកា​រ​ណាតូ ដោយ​ពួកគេ​ទាមទារ​ឲ្យ​បោះបង់​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ជាមួយ​រុស្ស៊ី​។ ទីក្រុង​វ៉ាស៊ីនតោន​ទទូចថា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​រុស្ស៊ី មិនត្រូវ​គ្នា​ជាមួយ​ប្រព័ន្ធ​របស់​ណា​តូ​ដែលមាន​ស្រាប់ ហើយ​អាច​ប៉ះពាល់​ដល់​សន្ដិសុខ​នៃ​យន្ដហោះ​ចម្បាំង F-35​។ តួ​ក​គី​គឺជា​ដៃគូ​មួយ​របស់​អាមេរិក​ក្នុង​ការអភិវឌ្ឍ​យន្ដហោះ​ចម្បាំង​នេះ​។ អ៊ីចឹង​ហើយ​ទើប​អាមេរិក​ចង់ឲ្យ​តួ​កគីលុបចោល​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​។​

​កាលពី​ថ្ងៃទី​០៩​មេសា​គណៈកម្មការ​កិច្ចការបរទេស​និង​សព្វាវុធ​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​ប្រឆាំងនឹង​ការលក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ឲ្យ​តួក​គី​។ គណៈកម្មការ​ព្រមាន​ថាបើ​តួ​ក​គី​ហ៊ាន​ទិញ​នោះ​នឹងមាន​ហានិភ័យ​ចំពោះ​ការ​អនុវត្ដ​ទណ្ឌកម្ម​។ សមាជិក​ព្រឹទ្ធសភា​បាន​និយាយថា នៅ​ចុង​ឆ្នាំនេះ​តួ​ក​គី​នឹងត្រូវ​សម្រេចចិត្ដថា​គួរជ្រើ​សយកប្រព័ន្ធ​កា​រពា​រមី​ស៊ីល S-400​របស់​រុស្ស៊ី ឬ​យន្ដហោះ​ចម្បាំង​F-35​របស់​អាមេរិក​។ តួ​ក​គី​មិនអាច​ជ្រើស​យក​ទាំងពីរ​បានឡើយ​៕

ព័ត៌មានផ្សេងទៀត