លោក​Netanyahu​​សង្ឃឹម​ខ្ពស់​​នឹង​ឈ្នះឆ្នោត​​ជា​នាយករដ្ឋមន្ដ្រី​​អ៊ីស្រាអែល​​អាណត្ដិទី​៥

10-04-2019 3:55 pm 273
  ស្តាប់
​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​លោក​Benjamin Netanyahu(កណ្ដាល)
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​លោក​Benjamin Netanyahu រំពឹង​នឹង​ឈ្នះ​ការបោះឆ្នោត​ក្នុង​អាណត្ដិទី​៥​បន្ដទៀត បន្ទាប់ពី​លទ្ធផល​បឋម​បានបង្ហាញ​ក្រោយ​ការបោះឆ្នោត​។ នេះ​បើតាម​សេចក្ដីរាយការណ៍​នៅលើ​បណ្ដាញ​ទូរទស្សន៍​ក្នុងស្រុក​។ ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៩​មេសា ទាំង​គណបក្សកាន់អំណាច​របស់លោក​Netanyahu និង​គណបក្សប្រឆាំងរ​បស់​លោក​Benny Gantz សុទ្ធតែ​អះអាង​ពី​ជ័យជម្នះ​ដូចគ្នា​។ ប៉ុន្ដែ​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ប្រមាណ​៩០​ភាគរយ គណបក្ស​លី​គូដ​របស់លោក​Netanyahu ទទួលបាន​សំឡេងគាំទ្រ​២៦.២៨​ភាគរយ ហើយ​គណបក្ស​លោក​Gantz​ទទួលបាន​២៥.៩៧​ភាគរយ​។ នេះ​បើតាម​លទ្ធផល​បង្ហាញ​ដោយ​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​។​

​យ៉ាងណាមិញ​លោក​Netanyahu​អាចនឹងទទួល​បាន​ផលចំណេញ​ច្រើន នៅពេល​ចាប់ដៃ​ជាមួយ​គណបក្ស​ជា​សម្ព័ន្ធមិត្ដ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​បើ​បក្ស​លោក​ឈ្នះឆ្នោត​មែន​។ បក្ស​របស់លោក​Netanyahu​បាន​ចងសម្ព័ន្ធ​ជាមួយ​ក្រុម​ស្ដាំនិយម​ដែលមាន​ប្រមាណ​៦៥​អាសនៈ ខណៈ​គណបក្ស​របស់​Gantz​ជា​ក្រុម​ឆ្វេង​-​កណ្ដាល​អាច​មានតែ​៥៥​អាសនៈ​ប៉ុណ្ណោះ នៃ​អាសនៈ​ក្នុង​សភា​សរុប​១២០​អាសនៈ​។ ដើម្បី​អាចបង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​មួយ បេក្ខជន​នាយករដ្ឋមន្ដ្រី​ត្រូវការ​សំឡេង​រួម​៦១​អាសនៈ​នៅក្នុង​សភា​។ ប៉ុន្ដែ​គ្រប់យ៉ាង​អាច​នឹង​ផ្លាស់ប្ដូរ​ប្រសិនបើ​គណបក្ស​ស្ដាំនិយម​តូចៗ ផ្លាស់ប្ដូរ​ចិត្ដ​មិន​គាំទ្រ​លោក Netanyahu​តែ​បែរ​ទៅ​គាំទ្រ​លោក​Gantz​វិញ​។ 

​លោក​Netanyahu​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុម​ស្ដាំនិយម​នឹង​ជា​អ្នកបង្កើត​រដ្ឋាភិបាល​ថ្មី ប៉ុន្ដែ​លោក​នឹង​ធ្វើជា​នាយករដ្ឋមន្ដ្រី​សម្រាប់​មនុស្ស​គ្រប់គ្នា​។ លោក​ថា​ពិតជា​រំភើបចិត្ដ​ជាខ្លាំង​ដែល​ប្រជាជន​បោះឆ្នោត​គាំទ្រលោក និង​មាន​ទំនុកចិត្ដ​ឲ្យ​លោក​ធ្វើជា​នាយករដ្ឋមន្ដ្រី​អាណត្ដិទី​៥​។ ដូច្នេះ​លោក​នឹង​តបស្នង​ដោយ​ធ្វើជា​នាយករដ្ឋមន្ដ្រី​សម្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​មិន​ថា​ក្រុម​ណាមួយ​ឡើយ​។ រីឯ​លោក​Gantz​និយាយថា ការបោះឆ្នោត​នឹង​បង្ហាញ​យ៉ាងច្បាស់​ថា​អ្នក​ដែល​ឈ្នះ​មិនមែន​លោក​Netanyahu​ទៀត​ទេ​។ បើ​ម្ខាងៗ​សុទ្ធតែ​អះអាង​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន​ដូច្នេះ មានតែ​រង់ចាំ​មើល​លទ្ធផល​ផ្លូវការ​ប៉ុណ្ណោះ​ទើប​ដឹង​ការពិត​៕

ព័ត៌មានផ្សេងទៀត