នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​​ចង់​ដោះស្រាយ​​ជម្លោះព្រំដែន​​នឹង​ឥណ្ឌា​​តាមរយៈ​​ការចរចា​

10-04-2019 11:13 am 313
នាយករដ្ឋមន្ដ្រីប៉ាគីស្ថានលោក​Imran Khan

​ខណៈដែល​ជម្លោះព្រំដែន​រវាង​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​នៅ​ពុំទាន់​ដោះស្រាយបាន នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​លោក​Imran Khan​បាន​ទទូច​ឲ្យ​រួមគ្នា​ដោះស្រាយ​ដោយ​សន្ដិភាព កុំឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​។ ថ្លែង​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​សារព័ត៌មាន​BBC លោក​លើកឡើងថា​សន្ដិភាព​គឺជា​រឿង​សំខាន់ ហេតុនេះ​លោក​ចង់បាន​សន្ដិភាព​ជា​មួយ​ឥណ្ឌា មិន​ចង់​បង្ក​ជម្លោះទឹកដី​ទៀត​នោះទេ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង​នៅក្នុង​តំបន់​ទាំងមូល​។ លោក​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​ចង់បាន​ការចរចា​ដើម្បី​ដោះស្រាយ​ភាព​ខ្វែងគំនិត​គ្នា​។​

​សូមបញ្ជាក់ថា ជម្លោះ​កើតឡើង​ជាថ្មី​រវាង​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា បន្ទាប់ពី​មាន​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​កាលពី​ខែកុម្ភៈ​សម្លាប់​ទាហាន​ឥណ្ឌា​៤០​នាក់​នៅ​តំបន់​កា​ស្មៀ​។ ការវាយប្រហារ​ត្រូវ​ក្រុម​ភេរ​វករ​មាន​មូលដ្ឋាន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ចេញមុខ​ទទួលខុសត្រូវ ហើយ​ឥណ្ឌា​ចោទថា​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ជា​អ្នកគាំទ្រ​ពួកគេ​។ ប៉ុន្ដែ​ប៉ា​គី​ស្ថាន​បដិសេធ​ដាច់ខាត និង​យល់ព្រម​សហការ​ស៊ើបអង្កេត​ប្រសិនបើ​ឥណ្ឌា​យល់ព្រម​។ តំបន់​ព្រំដែន​កា​ស្មៀ​ជា​តំបន់​ជម្លោះ​ជាច្រើន​ឆ្នាំ​មកហើយ រហូត​ដល់ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​បញ្ចប់វិបត្ដិ​ទេ​៕

ព័ត៌មានផ្សេងទៀត