តិក​និក​ផ្សំ​ថ្នាំពុល​ធម្មជាតិ​កម្ចាត់​សត្វល្អិត​លើ​ដំណាំ​បន្លែ​

01-04-2019 8:29 pm 417

​វត្ថុ​ធាតុ​ផ្សំ ៖
- ដើម​ផ្កាស្បៃរឿង ៤​គុម្ព​
- សំបក​ស្តៅ ១៥ គីឡូក្រាម​
- សំបក​កន្ទួត ១៥ គីឡូក្រាម​
- រំដេង ៣ ខាំ​
- មើម​ក្តួច ៥ គីឡូក្រាម​
- មើម​ម្រះព្រៅភ្នំ ២ គីឡូក្រាម​
- វល្ល៍​បណ្តូល​ពេជ្រ ១៥ គីឡូក្រាម​
- ដើម​ប្រមាត់​មនុស្ស ៣ គីឡូក្រាម​
- ផ្លែ​ស្លាក់ ១៥ គីឡូក្រាម​
- ខ្លឹម​ស ១ គីឡូក្រាម​។​

​វិធី​ផ្សំ ៖
​យក​ធាតុ​ផ្សាំ​ទាំងអស់ ទៅបុក ឬ​ដំ​ឱ្យ​ទក់ រួច​ដាក់​ក្នុង​ពាង​ធំ​មួយ ដោយ​ចាក់ទឹក​ឱ្យ​លិច​ធាតុ​ផ្សំ​ទាំងនោះ រួច​ត្រាំ​វា​ទុក​ក្នុង​រយៈពេល​១៥ ទៅ​២០​ថ្ងៃ ទើប​យក​ទៅប្រើ ។ ក្រោយ​ពី​ផ្សំ​រួចរាល់​ហើយ យក​ទឹក​ថ្នាំ​នេះ ទៅ​ទុក​នៅ​ក្រោម​ម្លប់ ហើយ​បើក​គម្រប​ពាង កូរ​មួយថ្ងៃ​ម្តង ដើម្បី​ឱ្យ​ថ្នាំ​ឆាប់​កាច់ ។​

​វិធី​ប្រើ ៖
​គាត់​ប្រើ​ថ្នាំ​នេះ ស្រោច​ទៅលើ​ដំណាំ​បន្លែ​គ្រប់​ប្រភេទ មានដូចជា ស្ពៃ ខាត់​ណា ត្រកួន ជាដើម ។ ក្នុង​ការប្រើ ត្រូវ​លាយថ្នាំ​ទៅតាម​អាយុ​ដំណាំ ៖
- ដំណាំ​នៅ​តូច​កម្ពស់ ១ ទៅ ២​តឹក យក​ទឹក​ថ្នាំ ១​លីត្រ លាយ​ជាមួយ​ទឹក ១០​លីត្រ​
- ដំណាំ​ធំ ត្រូវ​លាយ​ទឹក​ថ្នាំ ១​លីត្រ​ដដែល ជាមួយ​ទឹក ៨​លីត្រ (​បន្ថយ​) 
​គេ​ប្រើ​ថ្នាំ​នេះ ស្រោច​រៀងរាល់​៣​ទៅ​៥​ថ្ងៃ​ម្តង ស្រោច នៅ​ពេល​ល្ងាច​ត្រជាក់ ។ នៅពេល​ព្រលឹម ទើប​ស្រោច​ទឹក​ធម្មតា​លាង​តាម​ក្រោយ ។ ការធ្វើ​ដូច្នេះ ដើម្បី​កុំឱ្យ​ស្រពោន​ស្លឹក នៅពេល​ត្រូវ​កម្តៅថ្ងៃ ។ ត្រូវ​ផ្អាក​ការ​ស្រោច​ទឹក​ថ្នាំ មុន​ពេល​ប្រមូល​ផល​បាន​១​សប្តាហ៍ ។​

​ដកស្រង់​ចេញពី​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ ៕

ព័ត៌មានផ្សេងទៀត