លោក​ហ៊ុន សែន​៖ ប្រាក់ខែ​មន្ត្រីរាជការ មិន​ដែល​យក​លុយ​ពី​បរទេស​ទេ​

01-04-2019 4:10 pm 395

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​ផ្តាំ​ទៅ​ក្រុម​អ្នកប្រឆាំង​ថា រាជរដ្ឋាភិបាល​មិន ត្រឹមតែ​មាន​លទ្ធភាព ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​នោះទេ ថែមទាំង​មាន​លទ្ធភាព​ឲ្យ​មន្ត្រីរាជការ បើក​ប្រាក់​បៀវត្សរ៍ ពីរ​សប្តាហ៍​ម្តង​ផងដែរ​។ លោក​សង្កត់ធ្ងន់​ថា ក្រោម​ការដឹកនាំ​ប្រទេស ជាង​៣៤​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា​មិនដែល យក​ប្រាក់​ជំនួយ​បរទេស ឬ​ប្រាក់​កម្ចី​ពី​បរទេស​ទៅ​បើក​ប្រាក់ខែ​ឲ្យ​មន្ត្រី​រាជការទេ​។

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ ជា​អធិបតីភាព ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ថ្ងៃ​ទី​០១ ខែ​មីនា​។​

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បាន​គូសបញ្ជាក់​ដែរ​ថា រយៈពេល​៣​ខែ​ចាប់ពី​ខែ​មករា​ដល់​ខែ​មីនា ឆ្នាំ​២០១៩​នេះ ចំណូល​ពន្ធ​ផ្ទៃក្នុង​ប្រមូល​បាន​រហូត​ដល់ ៨៣៤​លាន​ដុល្លារ អាមេរិក ហើយ​ចំពោះ​ចំណូល​ពន្ធគយ​វិញ​ប្រមូល​បាន​រហូត​ដល់ ៧១១​លាន​ដុល្លារ​អាមេរិក ដែល​សរុប​មាន​ជាង ១,៥០០​លាន​ដុល្លារ​អាមេរិក​។

​តែ​យ៉ាងណាមិញ នៅ​ដើមឆ្នាំ​២០១៩​ដូចគ្នានេះ កម្ពុជា​បាន​ប្រើប្រាស់​ថវិកា​អស់​ជិត ១០០​លាន​ដុល្លារ​អាមេរិក ទៅលើ​ការធ្វើ​បដិភាគ​គម្រោង​អភិវឌ្ឍន៍​នានា​។ ហើយ​គម្រោង​អភិវឌ្ឍន៍​នី​មួយៗ សុទ្ធតែ​ប៉ះពាល់​ទៅលើ​ប្រយោជន៍​ប្រជាពលរដ្ឋ តែ​រាជរដ្ឋាភិបាល​នៅតែ​មាន​ប្រាក់​សំណង ទៅលើ​ពួក​គាត់​យ៉ាង​សមរម្យ និង​មិន​ឲ្យ​ខ្វះខា​តឡើយ​។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​ពី​លោកនាយក​រដ្ឋមន្ត្រី​៕

ព័ត៌មានផ្សេងទៀត