សំណុំរឿង​​បោក​​គ្រាប់​បែក​​លើ​​បាតុករ​​២២​ឆ្នាំ​មុន​​មិនទាន់​មាន​ពន្លឺ​យុត្តិធម៌​​?​

30-03-2019 4:01 pm 1155
លោកសម រង្ស៊ី ពេលរងគ្រោះ​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក​កាលពី២២ឆ្នាំមុន។

​ថ្ងៃទី​៣០ មីនា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​២២​ឆ្នាំ នៃ​ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក​លើ​ហ្វូង​បាតុករ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី កាលពី​ថ្ងៃទី​៣០ មីនា ឆ្នាំ​១៩៩៧​។ អតីត​គណបក្សប្រឆាំង​នៅឯនា​យ​សមុទ្យ បានចេញ​សេចក្តីថ្លែងការណ៍​បរិហា​ហេតុការណ៍​កាលណោះ​ថា ជា​ព្រឹត្តការណ៍​មួយ​កើតឡើង​ដោយការ​រៀបចំ​ទុកជាមុន ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​រវែង​មុខ​អ្នក​នៅ​ពីក្រោយ​នៃ​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​នេះ​។

​នៅ​ថ្ងៃ​៣០​មីនា ឆ្នាំ​២០១៩​នេះ ជា​ខួប​គម្រប់ ២២ ឆ្នាំ នៃ​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក ៤​គ្រាប់ លើ​ហ្វូង​បាតុកម្ម ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី កាលពី​ថ្ងៃទី​៣០​មីនា ឆ្នាំ​១៩៩៧​។ ដូច​រៀងរាល់ឆ្នាំ​ដែរ សាច់ញាតិ​ជនរងគ្រោះ បានមក​ជួបជុំគ្នា​នៅ​ចេតិយ​លើ​សួនច្បារ មុខ​អតីត​មន្ទីរ​រដ្ឋសភា ខាងត្បូង​ព្រះបរមរាជវាំង ដើម្បី​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​។​

​កាលពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ត្រូវបាន​តុលាការ​រំលាយ​ឱ្យតែ​ដល់​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ​មកដល់ ពួកគេ​តែងតែ​រៀបចំ​ប្រារព្ធ​ខួប​។​ប៉ុន្តែ​នៅ​ឆ្នាំនេះ អតីត​គណបក្សប្រឆាំង​នៅ​ឯនាយសមុទ្រ បានចេញ​សេចក្តីថ្លែងការណ៍ និង បរិហា​ហេតុការណ៍​កាលណោះ​ថា ជា​ព្រឹត្តការណ៍​មួយ​កើតឡើង​ដោយការ​រៀបចំ​ទុកជាមុន​។​

​សេចក្ដីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា រហូត​មកដល់ពេលនេះ​រដ្ឋាភិបាល មិនបាន​ស្វែងរក​ជនដៃដល់ និង អ្នកបញ្ជា​ពីក្រោយ ដើម្បី​យកមក​ផ្ដន្ទាទោស​ទេ​។​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហរដ្ឋអាមេរិ​ក​(FBI ) បាន​បង្ហាញថា លោក ហ៊ីង ប៊ុន​ហៀ​ង និង​លោក ហ៊ុយ ពិសិដ្ឋ ដែលជា​ប្រធាន និង​អនុប្រធាន​កង​អង្គរក្ស​ផ្ទាល់​លោក ហ៊ុន សែន ជា​អ្នករៀបចំ និង​បញ្ជា​ផ្ទាល់​លើ​ការវាយប្រហារ​ដ៏​អមនុស្សធម៌​នោះ​។ ជាមួយគ្នានេះ​អតីត​គណបក្សប្រឆាំង បាន​បេ្ដ​ជ្ញា​ថា នឹង​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​ខាងតែបាន​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែក ៤ គ្រាប់​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ លើ​ហ្វូង​បាតុកម្ម ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី បាន​បណ្តា​លឲ្យមនុស្ស ១៦ នាក់ បាន​ស្លាប់ និង​ជាង ១០០ នាក់ ផ្សេងទៀត បាន​រងរបួស​។​

​រដ្ឋាភិបាល​ធ្លាប់បាន​បដិសេធន៍​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់បែក នៅ​ទល់មុខ​អតីត​អគារ​រដ្ឋសភា នៅ​ថ្ងៃទី​៣០​មីនា​១៩៩៧ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ទេ​។​បច្ចុប្បន្ន​សំណុំរឿង​បោក​គ្រាប់បែក​នេះ តុលាការ​មិនទាន់​បិទ​ការស៊ើបអង្កេត​ទេ ហើយ​កាលដែល​ស៊ើបអង្កេត​មាន​ការអូសបន្លាយ​ពេល​យូរ​នេះ គឺ​មកពី​សំណុំរឿង​នេះ មាន​លក្ខណៈ​ស្មុគស្មាញ​៕

 

ព័ត៌មានផ្សេងទៀត