ថ្ងៃ​ឃោសនា​​ចុងក្រោយ​​បេក្ខជន​​នាយករដ្ឋមន្ដ្រី​​ថៃ​បី​រូប​​និយាយ​យ៉ាង​ឡូយ​​ទាក់​អ្នកគាំទ្រ​

23-03-2019 11:30 am 3220
  ស្តាប់
ពីឆ្វេង លោកអាភីស៊ីត លោកប្រាយុទ្ធ អ្នកស្រី​ស៊ូ​ដា​រ៉ាត់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​២៤​មីនា​នេះ​ជា​ពេល​កំណត់​ដែល​ប្រទេស​ថៃ ត្រូវ​រៀបចំ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ជ្រើសរើស​មេដឹកនាំ​កើតចេញពី​ឆន្ទៈ​ប្រជាជន​។ ការបោះឆ្នោត​ត្រូវ​ពន្យារពេល​ម្ដង​ជា​ពីរដង ទម្រាំ​សម្រេចបាន​កាលបរិច្ឆេទ​ចុងក្រោយ​។ បណ្ដា​គណបក្ស​ដែល​ចូលរួម​ការបោះឆ្នោត​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​យ៉ាង​សស្រាក់សស្រាំ ស្វែងរក​ការគាំទ្រ​នៅមុន​ថ្ងៃ​បោះឆ្នោត​មកដល់​។ មិន​ខុសពី​គណបក្ស​ដទៃ បេក្ខជន​នាយករដ្ឋមន្ដ្រី​គណបក្សនយោបាយ​ធំៗ​ចំនួន​បី បាន​ថ្លែង​សុន្ទរកថា​គួរឲ្យ​ទាក់ទាញ​ក្នុងពេល​ឃោសនាបោះឆ្នោត​ថ្ងៃ​ចុងក្រោយ​កាលពី​ថ្ងៃទី​២២​មីនា​។​

​ក្នុងនោះ​មាន​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ជា​នាយករដ្ឋមន្ដ្រី​ថៃ​បច្ចុប្បន្ន និង​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី​គណបក្ស​ប៉ា​ឡាំង ប្រា​ចា​រ៉ាត់​(Palang Pracharat)​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៩ បានលើកឡើង​ដូច្នេះ​ថា “​ការថែរក្សា​សន្ដិភាព​និង​សណ្ដាប់ធ្នាប់​គឺជា​បញ្ហា​អាទិភាព​ដ៏​សំខាន់បំផុត​សម្រាប់​ប្រទេស​ថៃ​នា​ពេលបច្ចុប្បន្ន​។ ប្រសិនបើ​អ្នក​មិន​ចង់ឃើញ​ភាពចលាចល​ម្ដងទៀត​ទេ សូម​បោះឆ្នោតឲ្យ​គណបក្ស​ប៉ា​ឡាំង ប្រា​ចា​រ៉ាត់ ខ្ញុំ​សន្យា​នឹង​ជំរុញ​ឲ្យ​ប្រទេស​ថៃ​ឆ្ពោះទៅមុខ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​គ្រប់គ្នា​។ សូម​អរគុណ​ដល់​អ្នក​រាល់គ្នា​ដែល​បាន​គាំទ្រ​ខ្ញុំ ខ្ញុំ​សន្យា​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព​ធ្វើការ​សង​អ្នក​វិញ​។ ខ្ញុំ​ស្រឡាញ់​ប្រទេស​ថៃ ហើយ​ខ្ញុំ​នឹង​ស្លាប់​សម្រាប់​ប្រទេស​នេះ​។​”

​រីឯ​អ្នកស្រី​ស៊ូ​ដា​រ៉ាត់ កេ​យូរ៉ា​ផាន ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី​គណបក្ស​ភឿ​ថៃ​(Pheu Thai) ដែល​ធ្លាប់មាន​លោក​ថាក់ស៊ីន​និង​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ជា​នាយករដ្ឋមន្ដ្រី បាន​និយាយថា គណបក្ស​ភឿ​ថៃ​មិន​ត្រឹមតែ​ចង់​ឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​សភា​ប៉ុណ្ណោះ​ទេ តែ​ក៏​ចង់បាន​អាសនៈ​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ចេតនា​ចង់​ក្រាញ​អំណាច​នៃ​របប​សព្វថ្ងៃ​។ អ្នកស្រី​ជំរុញ​ឲ្យ​សាធារណជន​បោះឆ្នោត​គាំទ្រ​គណបក្ស​ភឿ​ថៃ ប្រយុទ្ធប្រឆាំង​នឹង​សមាជិក​ព្រឹទ្ធសភា​ទាំង​២៥០​រូប​តែងតាំង​ដោយ​របប​យោធា ដែល​ពួកគេ​ទាំងនោះ​អាចមាន​សិទ្ធិ​ចូលរួម​ក្នុង​ការជ្រើសរើស​នាយក​រដ្ឋមន្ដ្រី​ថ្មី​បាន​។​

​ចំណែក​លោក​អា​ភី​ស៊ីត វេចា​ជីវ៉ា បេក្ខជន​នាយករដ្ឋមន្ដ្រី​គណបក្ស​ប្រជាធិបតេយ្យ​និង​ធ្លាប់ជា​នាយករដ្ឋមន្ដ្រី​ថៃ​ដែរនោះ បាន​គូសបញ្ជាក់ថា “​ការបោះឆ្នោត​លើក​នេះ ចំនួន​អ្នកបោះឆ្នោត​ដែល​មិនទាន់​សម្រេចចិត្ដ​ច្បាស់លាស់​នៅតែមាន​ច្រើន​។ តំណាងរាស្ដ្រ​គណបក្ស​ប្រជាធិបតេយ្យ​រំពឹង​អាច​ទទួលបាន​អាសនៈ​នៅតាម​មណ្ឌលបោះឆ្នោត ដែល​ពួកគេ​មិន​ធ្លាប់​ឈ្នះ​ពីមុន​។ ខ្ញុំ​នៅតែ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀតថា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​ទទួលបាន​កៅអី​តិចជាង​១០០ ខ្ញុំ​នឹង​ធ្វើតាម​ការសន្យា​គឺ​បោះបង់ចោល​តួនាទី​ជា​មេដឹកនាំ​តែម្ដង វា​គ្មាន​បញ្ហា​សម្រាប់​ខ្ញុំ​ទេ​។​”

​សូមបញ្ជាក់ថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤​មីនា​នេះ គឺជា​លើកដំបូង​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នកស្រី​យីង​ឡាក់ ស៊ីណាវ៉ាត្រា​ក្នុង​ឆ្នាំ​២០១៤​។ អន្ដរជាតិ​បាន​ទទូច​ឲ្យ​ថៃ​រៀបចំ​ការបោះឆ្នោត​ជា​យូរ​មកហើយ ប៉ុន្ដែ​របប​យោធា​ឆ្លើយតប​ថា​ត្រូវ​រង់ចាំ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ​សិន​។ រយៈពេល​៥​ឆ្នាំ​មកនេះ​របប​យោធា​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ដឹកនាំ​ប្រទេស តាម​យុទ្ធសាស្ដ្រ​និង​គោលនយោបាយ​របស់ខ្លួន ប៉ុន្ដែ​ក្រុមប្រឆាំង​រិះគន់ថា​របប​យោធា​មាន​ចេតនា​ចង់​ក្ដោប​ក្ដាប់​អំណាច និង​រឹតបន្ដឹង​សិទ្ធិសេរីភាព​ប្រជាជន​គ្រប់​រូបភាព​៕

ព័ត៌មានផ្សេងទៀត