កូរ៉េខាងជើង​​ប្រកាស​​ដក​ការិយាល័យ​​ទំនាក់ទំនង​​ជាមួយ​​កូរ៉េខាងត្បូង​​​

23-03-2019 9:59 am 753
  ស្តាប់
រូបភាពមេដឹកនាំកូរ៉េខាងជើង​​លោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​បាន​ដក​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ចេញ​ហើយ ដែលជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ​សម្រាប់​កូរ៉េខាងត្បូ​ង ក្រោយពេល​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កូរ៉េខាងជើង​បាន​ល្អប្រសើ​រ​ជាង​មុន​មួយ​រយៈពេល​ចុងក្រោយ​។ ការប្រកាស​ដក​ការិយាល័យ​ទំនាក់ទំនង​របស់​កូរ៉េខាងជើង ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង គិត​តាំងពី​មាន​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅ​វៀតណាម​កាលពី​ខែ​មុន​។​

​ការិយាល័យ​ទំនាក់ទំនង​នេះ​បាន​បង្កើតឡើង​រួមគ្នា​កាលពី​ខែកញ្ញា​ឆ្នាំមុន មាន​ទីតាំងនៅ​ទីក្រុង​ខេ​សុង​នៃ​ព្រំដែន​ប្រទេស​ទាំងពីរ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្ដិសាស្ដ្រ​រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​។ ប៉ុន្ដែ​មន្ដ្រី​កូរ៉េខាងជើង​ប្រចាំ​ការិយាល័យ​បាន​បញ្ជាក់ថា ការដកខ្លួន​ចេញ​គឺ​ធ្វើតាម​បញ្ជា​ពី​ថ្នាក់លើ​។ នេះ​បើតាម​ការ​ឲ្យដឹងពី​អនុរដ្ឋមន្ដ្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​ក្នុង​សន្និសីទកាសែត​។ សម្រាប់​កូរ៉េខាង​ត្បូង​វា​ជា​រឿង​គួរឲ្យ​សោកស្ដាយ​ខ្លាំងណាស់ ហើយ​បាន​ជំរុញ​ឲ្យ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ដូច​ធម្មតា​វិញ​ដោយ​សង្កត់ធ្ងន់ថា កូរ៉េខាងត្បូង​នឹង​បន្ដ​ធ្វើការ​ក្នុង​ការិយាល័យ ដើម្បី​បន្ធូរបន្ថយ​ការឈ្លានពាន​ទៅវិញទៅមក​។​

​សកម្មភាព​របស់​កូរ៉េខាងជើង​គឺ​បន្ទាប់ពី​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ចូល​ក្រុមហ៊ុន​ចិន​ពីរ​ក្នុង​បញ្ជីខ្មៅ​របស់ខ្លួន​ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​លួច​ទាក់ទង​ជាមួយ​កូរ៉េខាងជើង ផ្ទេរ​ទំនិញ​ទៅវិញទៅមក​រំលោភ​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ អាមេរិក​បានបង្ហាញ​នាវា​ចំនួន​៦៧​គ្រឿង​ដែល​លួច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​។ អាមេរិក​ប្រកាស​ជំហរ​ដាច់ខាត​ទណ្ឌកម្ម​មិនអាច​ដក​ចេញពី​កូរ៉េខាងជើង​ទេ បើ​រដ្ឋ​មួយ​នេះ​មិន​រំលាយ​នុយក្លេអ៊ែរ​ចោល​ទាំងស្រុង​។ ប៉ុន្ដែ​សម្រាប់​កូរ៉េខាងជើង​បាន​ទទូច​ចង់ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ ជា​ថ្នូរ​នឹង​ការ​ពន្លឿន​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រ​។ ខ្វែងគំនិត​គ្នា​ត្រង់​បញ្ហា​នេះហើយ ជា​មូលហេតុ​ធ្វើឲ្យ​កិច្ច​ជំនួប​លើក​ទីពីរ​រវាង​លោកត្រាំ​និង​លោក​គីម​កាលពី​ថ្ងៃទី​២៧-២៨​កុម្ភៈ​នៅ​វៀតណាម​ត្រូវ​បរាជ័យ​៕

ព័ត៌មានផ្សេងទៀត