EBA ក្លាយជា​ប្រធានបទ​នៃ​អា​យ៉ៃ​ឆ្លើយឆ្លង​រវាង​លោក​សុខ​ទូច និង លោក​ព្រាប កុល​

21-03-2019 7:54 pm 1829

​ដំណើរការ​នីតិវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA នៅ​កម្ពុជា កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ នៃ​ការ​ឆ្លងឆ្លើយ​គ្នា​រវាង​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា និង​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ខណៈ​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា កំពុង​គិតគូរ​ដោះស្រាយ លើ​បញ្ហា​នេះ​។

​តាមរយៈ​ហ្វេ​សប៊ុក លោក​ព្រាប កុល បានសរសេរថា សូម​ផ្ញើ​ចម្លើយ​ទៅ បណ្ឌិត សុខ ទូច ដែល​តែងតែ​លើក​ជា​សំណួរ​ឡើង​ដដែលៗ​ថា ហេតុ​អ្វី​ប្រទេស​ឡាវ គ្មាន​ប្រជាធិបតេយ្យ ប៉ុន្តែ​សហភាព​អឺរ៉ុប​មិន​ដក ឬ​ព្យួរ​គោលនយោបាយ​អនុគ្រោះ​ពន្ធ (EBA)?  គឺ​មកពី​ប្រទេស​ឡាវ​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ ដែល​តម្រូវ​ឱ្យ​ប្រទេស​ឡាវ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​។ ម្យ៉ាងទៀត​នៅ​ប្រទេស​ឡាវ​ក៏​មិនសូវ​ល្បីល្បាញ​ខ្លាំង​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ដី​ធី្ល​ពី​សំណាក់​អ្នកមានអំណាច ទៅលើ​ប្រជាជន​ដែរ​។ ខ្ញុំ​ឮ​លោក​បណ្ឌិត​លើក​ហេតុផល និង​សំណួរ​បែប​នេះ​មក​និយាយ​តាម​សារព័ត៌មាន​ម្តង​ជា​ពីរ​ដង ថា​ខ្ញុំ​ជ្រេញ​នោះ​ជ្រេ​ញ​។

​ជុំវិញ​ការបកស្រាយ​នេះ លោក​សុខ ទូច ប្រធាន​រាជ​បណ្ឌត្យសភា​កម្ពុជា បាន​ឆ្លើយតប​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​វិញ​ថា សូមឲ្យ​អ្នក​វិភាគឯករាជ្យ និង​NGO ទាំងអស់​មុននឹង​និយាយ ឬ វិភាគ សូម​សំអាង​លើ​ឯកសារយោង​។ ខ្ញុំ​ក្នុង​នាម​អ្នកវិទ្យាសាស្ត្រ​(Academic) គឺ​សំអាង​លើ​ឯកសារ ទើប​ហ៊ាន​វិភាគ​។​

​កាលពី​អំឡុង​ខែ​កុម្ភៈ​កន្លងទៅនេះ សហភាព​អឺរ៉ុប បានសម្រេច​ទុក​រយៈពេល​ឲ្យ​កម្ពុជា ១៨​ខែ ដើម្បី​ឲ្យ​រដ្ឋាភិបាលកម្ពុ​ជា ងាក​មក​រក​កន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បើ​មិន​ដូច្នោះ​ទេ សហភាព​អឺរ៉ុប នឹង​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​។

​យ៉ាងណាមិញ ក្នុង​កិច្ច​ជំនួប​រវាង លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ជាមួយ​នាយក​ផ្នែក​គ្រប់គ្រង ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ច កាលពី​ថ្ងៃ​ទី​២០ មីនា មន្ត្រី​តំណាង​សហភាព​អឺរ៉ុប​រូបនេះ បាន​បង្ហាញ​ពី​ប្តេជ្ញាចិត្ត ក្នុង​ការរក្សា​ស្ថានភាព​របប អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ ទាំងអស់ លើកលែង​គ្រឿង​សព្វាវុធ​(EBA) សម្រាប់​កម្ពុជា មិន​ឲ្យ​បាត់បង់​នោះ​ឡើយ បើទោះបី ជា​គណៈកម្មការ​អឺរ៉ុប​កំពុង​រៀបចំ​នីតិវិធី​ដាក់​សម្ពាធ មកលើ​កម្ពុជា អំពី​ផ្លូវ​សេដ្ឋកិច្ច​មួយ​នេះ ក្រោមលេស​នយោបាយ​លម្អៀង​ក៏ដោយ​។​

​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា សហភាព​អឺរ៉ុប នឹង​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​EBA​ពី​កម្ពុជា​នោះឡើយ ដោយសារ​តែ​កម្ពុជា បាន​អនុវត្ត​តាម​គោលការណ៍ កំណត់​របស់​សហភាព​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត