ត្រៀម​ទប់ទល់​​ក្រែង​ក្រុម​​IS​រស់​ឡើងវិញ​​លោក​ត្រាំ​​ប្រកាស​​ទុក​ទ័ព​៤០០​​នាក់​នៅ​ស៊ី​រី​

21-03-2019 5:18 pm 243
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បានបញ្ជាក់​សាជាថ្មី​ម្ដង​ទៀតថា ទាហាន​អាមេរិក​ចំនួន​៤០០​នាក់​នឹង​បន្ដ​ឈរជើង​នៅក្នុង​ប្រទេស​ស៊ី​រី​។ ស្របពេល​ជាមួយគ្នា​លោក​ក៏បាន​សន្យា​ម្ដងទៀត​ថា​នឹង​ធ្វើឲ្យ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បរាជ័យ​ទាំងស្រុង ដោយ​បោះពាក្យ​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​អាច​នឹង​រលាយ​នៅ​យប់​នេះ​ផង​។ បង្ហាញខ្លួន​នៅមុខ​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ​បានចង្អុលបង្ហាញ​ដោយ​កាន់​ផែនទី​មួយ​សន្លឹក​ក្នុង​ដៃ​ថា “​នៅពេល​ខ្ញុំ​ដោះស្រាយ​រឿងនេះ វា​ពិតជា​រញ៉េរញ៉ៃ​។ សព្វថ្ងៃ​គ្មាន​ចំណុច​ក្រហម​ទៀត​ទេ ជាក់ស្ដែង​នៅមាន​ទីតាំង​តូច​បំផុត​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ឈរជើង ហើយ​វា​អាច​នឹង​រលាយ​នៅ​យប់​នេះ​ផង​។​”

​លើកឡើង​ដូច្នេះ​លោក​ត្រាំ​ចង់​សំដៅលើ​តំបន់​Baghouz​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ជា​ទីតាំង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​និង​ក្រុមគ្រួសារ​របស់​ពួកគេ​កំពុង​រស់នៅក្នុង​ជំរំ​តូច​មួយ ស្ថិតក្រោម​ការឡោមព័ទ្ធ​របស់​ក្រុម​ជីវពល​ឃឺ​ដ​គាំទ្រ​ដោយ​អាមេរិក​។ ជា​ការកត់សម្គាល់​ក្នុង​ការប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី លោក​ត្រាំ​មិនបាន​ផ្ដល់​ការគាំទ្រ​ណាមួយ​ដល់​កងទ័ព​ស៊ី​រី​ទេ គឺ​លោក​គាំទ្រ​ក្រុម​ជីវពល​ឃឺ​ដ​។ ប៉ុន្ដែ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​មាន​រុស្ស៊ី​និង​សម្ព័ន្ធមិត្ដ​មួយចំនួន​ទៀត​គាំទ្រ​។​

​ចំពោះ​ការសម្រេចចិត្ដ​រក្សាក​ង​ទ័ព​៤០០​នាក់​នៅ​ស៊ី​រី ២០០​នាក់​នឹងដាក់​ប្រចាំការ​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស និង​២០០​នាក់​ទៀត​នៅ​តំបន់​Al-Tanf​ជាប់​ព្រំដែន​ប្រទេស​ហ្ស៊កដានី​។ កងទ័ព​អាមេរិក​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ស៊ី​រី​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ការ​បោះទីតាំង​លើ​ផ្នែក​ទាំងនោះ ក្រោម​ហេតុផល​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ចាប់តាំងពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចាកចេញ ពេលនេះ​កងទ័ព​អាមេរិក​និង​ក្រុម​ជីវពល​ឃឺ​ដ លែង​ប្រឈមមុខ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ទៀតហើយ ប៉ុន្ដែ​នៅ​ប្រឈមមុខ​នឹង​កងទ័ព​ស៊ី​រី​វិញ​ម្ដង ដោយសារតែ​ប្រឆាំងនឹង​ការដឹកនាំ​របស់លោក​ប្រធានាធិបតី​ស៊ី​រី​បា​សា អាល់​អាសាដ​។​

​សូម​រម្លឹកថា កាលពី​ខែធ្នូ​ឆ្នាំមុន​លោក​ដូណាល់ ត្រាំ​ធ្លាប់​ប្រកាស​ពី​ការដក​ទ័ព​ទាំង​២​ពាន់​នាក់​ចេញពី​ស៊ី​រី ប៉ុន្ដែ​រង​ការរិះគន់​យ៉ាងខ្លាំង​។ ក្រោយមក​លោក​ប្រកាស​នឹង​ទុក​កងទ័ព​នៅ​ស៊ី​រី​២០០​នាក់ ហើយ​កាលពី​ថ្ងៃទី​២០​មីនា​នេះ​លោក​បានបញ្ជាក់​ជាថ្មី​ថា នឹង​ទុក​កងទ័ព​អាមេរិក​៤០០​នាក់​វិញ​។ ទាក់ទង​នឹង​ការរិះគន់​រឿង​ដកទ័ព ដោយ​បារម្ភ​ខ្លាច​ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រមូលផ្ដុំ​កម្លាំង​ជាថ្មី​ម្ដងទៀត​៕

ព័ត៌មានផ្សេងទៀត