នយោបាយ​​«​ការ៉ុត​»​​ និង ​មន្ត្រី​អតី​ត​គណ​បក្ស​ប្រឆាំង​​

21-03-2019 2:17 pm 821
អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សសង្រ្គោះជាតិ។

​គិត​ត្រឹម​ពេលនេះ មាន​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប​ហើយ ក្នុងចំណោម​១១៨​រូប ដែល​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បើទោះជា​លោក សម រង្ស៊ី ចាត់ទុក​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជាការ​ចុះចូល និង ជា​រឿង​ថោកទា​បក្តី​។ ការវិវឌ្ឍ​នយោបាយ​ចុងក្រោយ​នេះ ត្រូវបាន​គេ​មើលឃើញថា អាចជា​សញ្ញា​នៃ​ការបែកបាក់​កាន់តែខ្លាំង​ក្នុង​ជួរ​អតីត​បក្សប្រឆាំង និង យុទ្ធសាស្ត្រ​នយោបាយ​«​ការ៉ុត​»​។

​នយោបាយ​នៅ​កម្ពុជា​នា​ពេលបច្ចុប្បន្ន ហាក់ដូចជា​មាន​ការប្រែប្រួល​ថ្មី​បន្ទិ​ច​។​ប្រែប្រួល​ថ្មី ដោយសារ​មាន​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ បាន​ដឹក​ដៃ​គ្នា​ដាក់ពាក្យ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ តាម​ការអំពាវនាវរ​បស់​លោក ហ៊ុន សែន​។

​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ អាច​បង្ហាញឱ្យឃើញថា ជាការ​ប្រឆាំងនឹង​ការអំពាវនាវ​របស់លោក សម រង្ស៊ី​។​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន នៅ​ក្រៅប្រទេស បាន​បន្ត​រិះគន់ និង វាយប្រហារ​ទៅលើ​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ថា​ជា​ការសុំ​ចុះចូល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ជា​រឿង​ថោកទាប​។​

​គេ​កត់សម្គាល់​ឃើញថា មុនពេល​មន្ត្រី​អតីត​បក្សប្រឆាំង​ដឹក​ដៃ​គ្នា​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ទៅកាន់​ក្រុមមន្ត្រី​អតីត​បក្សប្រឆាំង​ថា នឹង​បិទទ្វារ​លែង​ទទួលសំណើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅមុន ឬ​ក្រោយ បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ សម្រាប់​លោក ហ៊ុន សែន ការស្នើសុំ​ឬ​មិន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជា​រឿង​របស់​ក្រុម​ប្រឆាំង តែ​លោក​បានប្រកាស​ជាមុន​ថា នឹង​គ្មាន​ការចរចា​នយោបាយ​ណាមួយ​កើតឡើង​ជាដាច់ខាត​។​

​ជាទូទៅ​មន្ត្រី​អតីត​បក្សប្រឆាំង ជាពិសេស​អ្នក​នៅ​ក្នុងស្រុក​ហាក់ដូចជា​រង​សម្ពាធ​ទាំងសងខាង ដោយ​សម្ពាធ​ទី​១ គឺ​ការហាម​ពី​សំណាក់​មេបក្ស​របស់ខ្លួន​មិនឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ចាត់ទុក​អ្នក​ដែល​សុំ​ជា​មនុស្ស​ក្បត់បក្ស​។ ទី​២ ត្រូវ​រង​សម្ពាធ​ពី​ដៃគូ​ដែល​កំពុង​ព្យាយាម​សម្រួល​នៅ​ស្ថានការណ៍​នយោបាយ​ឡើងវិញ ដើម្បី​បញ្ជៀ​ស​សម្ពាធ​ពី​ខាងក្រៅ​។ បើតាម​មន្ត្រី​អតីត​បក្សប្រឆាំង​មួយចំនួន​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ ធ្លាប់​ត្អូញត្អែ​ថា ការរស់នៅ​របស់​ពួកគេ​ប្រៀបដូចជា​រស់នៅក្នុង​គុក​ឥត​ជញ្ជាំង ដោយសារតែ​មាន​ការតាមដាន​ពី​អាជ្ញាធរ អ្នកគាំទ្រ និង មេបក្ស​របស់ខ្លួន​។​

​ការវិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា​ចុងក្រោយ បង្ហាញ​ពី​ភាព​បែកបាក់​កាន់តែខ្លាំង​ក្នុង​ជួរ​អតីត​គណបក្សប្រឆាំង ជាពិសេស​ក្រុម​លោក​កឹម សុខា​និយម និង សម រង្ស៊ី​និយម​។ ការគាំទ្រ​របស់​បក្ស​នេះ​អាច​នឹង​បន្ត​បាត់បង់​តាម​អ្វីដែល​ដៃគូ​របស់ខ្លួន​ចង់បាន​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​បក្ស​កាន់អំណាច បានឱ្យដឹងថា ក្រុម​អ្នក​ជាប់​បម្រាម​នយោបាយ​នឹង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុង​ទ្រង់ទ្រាយ​ធំ​ឆាប់ៗ​នេះ​។

​ប៉ុន្តែ​អ្នក​រូត​វាំងនន​នយោបាយ​ខ្លះ​គិតថា ការវិវឌ្ឍ​ចុងក្រោយ​នេះ​ហាក់ដូចជា​យុទ្ធសាស្ត្រ​នយោបាយ​«​ការ៉ុត​» ឬ​ជា​យុទ្ធសាស្ត្រ​ផ្ដល់​រង្វាន់​ផង និង គំរាមកំហែង​ផង​។ យោងតាម​សទ្ទានុក្រម វិទ្យាសាស្ត្រ​នយោបាយ បាន​ពន្យល់ថា នយោបាយ​ការ៉ុត ជា​នយោបាយ​ប្រើប្រាស់​ការទូត​ផង និង ប្រើ​កម្លាំង​ផង​ក្នុងពេល​តែមួយ តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើទៅបាន​រួមមាន ការចរចា ការ​ផ្តល់ជំនួយ ការដាក់​សម្ពាធ និង ការប្រើប្រាស់​កម្លាំង​ជាដើម​។​

​ការដឹក​ដៃ​គ្នា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​ក្រុម​ប្រឆាំង គឺ​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ព្រមាន​ពី​ការបញ្ឈប់​ផ្ដល់ឱកាស​ដល់​អ្នក​ជាប់​បម្រាម​នយោបាយ និង ក្រោយ​មាន​ការផ្ដល់​ជា​តម្រុយ​សម្រាប់​ដោះលែង​លោក កឹម សុខា ដើម្បី​ទាក់ទាញ​ក្រុម​កឹម សុខា​និយម​និង​អ្នក​នៅ​ក្នុងស្រុក​ឱ្យ​ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ការដើរ​ចេញពី​ក្រុម​លោក សម រង្ស៊ី​។​

​ចំណែក​ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក សម រង្ស៊ី អាច​នឹងត្រូវ​ជាប់ទោស​បន្ថែម​ពី​តុលាការ​។​គិត​មកដល់ពេលនេះ​ក្រុម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី ត្រូវបាន​តុលាការ ចេញ​ដីកាចាប់ខ្លួន​ជា​បន្តបន្ទាប់​ដោយ​ចោទប្រកាន់​ដូចៗ​គ្នា គឺ​រួមគំនិត​ក្បត់ និង ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​នៅ​កម្ពុជា និង កន្លែង​ផ្សេងទៀត​។​

​ជារួម​ការចូលរួម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​មន្ត្រី​ក្រុមប្រឆាំង​មួយចំនួន បើទោះជា​ធ្វើឡើង​ប្រឆាំងនឹង​បក្ស និង អ្នកគាំទ្រ​មួយចំនួន តែ​វា​បង្ហាញ​នូវ​រូបភាព​មួយ​ក្នុង​ការចូលរួម​ស្តារ​ជម្លោះ​នយោបាយ​នៅ​ប្រទេស​ឡើងវិញ ដើម្បី​បញ្ជៀ​ស​ប្រទេសជាតិ​កុំឱ្យ​ធ្លាក់​ក្នុង​សម្ពាធ​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អន្តរជាតិ ដែល​កំពុង​តាមដាន​ត្រួតពិនិត្យ​ពី​ដំណើរការ​ប្រជាធិបតេយ្យ និង ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត អ្នក​ដែល​ទទួលបាន​សិទ្ធ​ទំនង​នឹងមាន​ទ្រនំ​ថ្មី​សម្រាប់​ពួកគេ​ ដើម្បី​ប្រកប​ជីវិត​នយោបាយ​ឡើងវិញក៏​ថា​បាន​៕

ព័ត៌មានផ្សេងទៀត