លោក​ហ៊ុន សែន​ ចំអក​បក្សប្រឆាំង​​ដែល​កំពុង​ទោរ​​ទៅរក​​ការបែកបាក់​​

21-03-2019 11:43 am 1066
  ស្តាប់
ស្តាប់ជាសំឡេង

​រយៈកាល​ចុងក្រោយ​នេះ ការវាយប្រហារ លាប​ពណ៌​គ្នា​ទៅវិញទៅមក​នៃ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កើតមាន​កាន់តែ​ខ្លាំងក្លា បន្ទាប់ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ដែល​មានឈ្មោះ​ជាប់​បំរាម ចេញមក​សុំ​សិទ្ធិ​នយោបាយ​វិញ ជា​បន្តបន្ទាប់​។ ចំណុច​នេះ គេ​មើលឃើញថា អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ កំពុង​បែកបាក់​យ៉ាងធ្ងន់ធ្ងរ​។ 

​ទំនោរ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការវាយប្រហារ​គ្នា ចោទ​គ្នា​ថា​ក្បត់ ដោយ​ចំហ ឬថា​ត្រូវ​លោក​ហ៊ុន សែន ទិញ​បាន​...​ជាដើម ត្រូវបាន​លោក​ហ៊ុន សែន ចេញមក​ចំអកថា លោក​សម រង្ស៊ី ជា​មេដឹកនាំ​អន់​បំផុត ដែល​ឲ្យ​អ្នកដទៃ​បំបែក​បាន យ៉ាង​ដូច្នេះ​។ តែ​លោក​ហ៊ុន សែន ប្រកាស​ស្នើ​ដល់​មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ឈប់​លាប​ពណ៌​អតីត​សហការី​របស់ខ្លួន​តទៅទៀត​។​

​លោក​ហ៊ុន សែន ក៏​ថ្លែង​ពី​ភាព​មាំទាំ​នៃ​ផ្ទៃក្នុង​របស់លោក​ថា នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា មិនមាន​ការដណ្តើម​គ្នា​ធ្វើ​មេបក្ស​នោះទេ​។ ផ្ទុយទៅវិញ​មានតែ​ក្រុម​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ធ្វើ​បក្ស​ប្រហារ​ដណ្តើម​គ្នា​គ្រប់គ្រង​បក្ស និង​មើលស្រាល​អតីត​សហការី​របស់​ពួកគេ ​ពេល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ទំនិញ​ទិញដូរ ដែល​លោក​អះអាងថា នេះ​ជា​បរាជ័យ​របស់​មេដឹកនាំ​ក្រុម​អតីត​បក្សប្រឆាំង​។ ការ​លាប​ពណ៌​គ្នា​នេះ មិនគួរ​កើតមាន​ទេ យើង​គួរគោរព​សិទ្ធិ​សម្រេច​។​

​លោក​ហ៊ុន សែន អំ​អក​ឲ្យ​លោក​សមរង្ស៊ី​ថា អួតខ្លួន​សុទ្ធតែ​អ្នកប្រជាធិបតេយ្យ គោរព​សិទ្ធិសេរីភាព​បញ្ចេញមតិ បែរជា​និយាយ​បំពាន​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ទៅវិញ​។ លោក ឡកឡឺយ​ឲ្យ​លោក​សម រង្ស៊ី ថា ជា​មេដឹកនាំ​អន់​បំផុត។ លោក​ធៀប នឹង​ប្តី​ប្រពន្ធ បើ​ស្រឡាញ់គ្នា​ស្មោះ បើទោះជា​អ្នកដទៃ​ចាក់រុក​យ៉ាងណា ក៏​នៅតែ​ជឿទុកចិត្ត ស្រឡាញ់គ្នា មិនអាច​បែកបាក់​ឡើយ​។ ដូច្នេះ លោក​ថា ការដែល​និយាយថា លោក​ហ៊ុន សែន ជា​អ្នក​បំបែកបំបាក់ គឺជា​ការ​បន្ថោក​តម្លៃ​ខ្លួនឯង​ទៅវិញ​ទេ​។​

​លោក​ហ៊ុន សែន ក៏បាន​អួត​ពី​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មាន​អ្នកណា​បំបែក​បាន ជាង​៤០​ឆ្នាំ​មក​មកនេះ​។ លោក​ថា សូម្បីតែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​ប៉ាន់ប្រមាណ​ខុសពី​ការបែកបាក់ គណបក្ស​ប្រជាជន​កម្ពុជា​នេះដែរ​។ លោក​ហ៊ុន សែន​ថា មូលហេតុ​ប៉ានស្មាន​ខុស​នេះហើយ បានជា​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាញ់ និង​អស់រលីង រហូត​មកដល់ពេលនេះ​។​

ប៉ុន្តែ បើតាម​សេចក្តីថ្លែងការណ៍ ទាក់ទង​នឹង​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មន្ត្រី​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​៨​នាក់ កាលពី​ម្សិលម៉ិញ គណបក្ស​នេះ អះអាងថា ខ្លួន​នៅតែ​រឹងមាំ បើ​ទោះ​ប្រឈម​នឹង​ការគំរាមកំហែង និង​បំបែកបំបាក់​ពី​លោក​ហ៊ុន សែនក្តី​។​

​ជា​ការកត់សម្គាល់ នៅ​រយៈកាល​ចុងក្រោយ​នេះ ការវាយប្រហារ លាប​ពណ៌​គ្នា​ទៅវិញទៅមក​នៃ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កើតមាន​យ៉ាង​ផុលផុស នៅលើ​បណ្តាញ​សង្គម បណ្តាញ​សរ​ព័ត៌មាន​ជាតិ អន្តរជាតិ ជាពិសេស បន្ទាប់ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ដែល​មានឈ្មោះ​ជាប់​បំរាម ចេញមក​សុំ​សិទ្ធិ​នយោបាយ​វិញ ជា​បន្តបន្ទាប់​។ អ្នក​ទាំងនោះ ត្រូវរងការ​ចោទថា​«​លក់​ក្បាល់​ឲ្យ​លោក​ហ៊ុន សែន​, អាយ៉ង​លោក​ហ៊ុន សែន ឬក៏​ជា​ជន​ក្បត់បក្ស ...​» ជាដើម​។ លោក​ហ៊ុន សែន និយាយថា មេដឹកនាំ​បក្សប្រឆាំង លោក​សម រង្ស៊ី មិនគួរ​មើលងាយ ចំពោះ​អ្នក​ដែល​ធ្លាប់ ធ្វើការ​នៅ​ជាមួយ ជា​ទំនិញ​លក់ដូរ​នោះទេ​៕

ព័ត៌មានផ្សេងទៀត