នៅ​​កម្ពុជា​​និន្នាការ​​ប្រើ​ថ្នាំ​​គីមី​​លើ​វិស័យ​​កសិកម្ម​​នៅតែ​​បន្ត​កើន​ឡើង​​

20-03-2019 1:50 pm 649
  ស្តាប់
កសិករនៅស្រុកស្អាង ខេត្តកណ្តាល។ រូបថត៖ គួន សំបូរ
ស្តាប់ជាសំឡេង

នៅ​ប្រទេស​កម្ពុជា ការប្រើ​ថ្នាំពុល​កសិកម្ម នៅតែ​បន្ត​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ បើទោះបីជា​ការប្រើ​ថ្នាំពុល​កសិកម្ម​នេះ ត្រូវបាន​គេ​ចោទប្រកាន់ថា ជា​ភ្នាក់ងារ​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ និង ប្រជាកសិករ​ក្តី​។ បើតាម​អ្នកជំនាញ​ផ្នែក​កសិកម្ម បាន​អះអាងថា ការប្រើប្រាស់​ថ្នាំពុល​លើ​វិស័យ​កសិកម្ម​នៅតែ​បន្ត​កើនឡើង ខណៈដែល​ពេលខ្លះ​ការប្រើប្រាស់​មិនបាន​គោរព​តាម​បទដ្ឋាន​សុវត្ថិភាព​ក៏មាន​។

​ថ្នាំ​សម្លាប់​សត្វល្អិត សម្លាប់​ស្មៅ ថ្នាំពុល​ថ្នាំ​គីមី​កសិកម្ម ត្រូវបាន​គេ​ចាត់ទុកថា ជា​ភ្នាក់ងារ​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ និង ប្រជាកសិករ​ផ្ទាល់​។ នៅ​ប្រទេស​កម្ពុជា ការប្រើ​ថ្នាំពុល​កសិកម្ម​នៅតែ​ពេញនិយម​សម្រាប់​ប្រជាកសិករ​ខ្មែរ ក្នុង​ការប្រើប្រាស់​លើ​វិស័យ​កសិកម្ម ហើយ​ការ​នាំចូល​ផលិតផល​ថ្នាំ​គីមី​ក៏​ចេះតែ​បន្ត​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​។​

​ក្នុង​ដំណើរ​ចុះ​ស្រាវជ្រាវ​ខ្លី​មួយ​របស់​ក្រុម​អ្នកសារព័ត៌មាន​ដឹកនាំ​ដោយ​អង្គការ Gret  នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​ជា​តំបន់​សំបូរ​ដោយ​ដំណាំ​បន្លែ​កសិកម្ម ពលរដ្ឋ​ដែល​ត្រូវបាន​សម្ភាសន៍​ភាគច្រើន សុទ្ធតែ​អះអាងថា ពួកគាត់​ជ្រើសរើស​យក​វិធីសាស្ត្រ​ប្រើ​ថ្នាំ​គីមី​បាញ់សម្លាប់​សត្វល្អិត សម្លាប់​ស្មៅ ឬ ថ្នាំពុល​ថ្នាំ​គីមីកសិកម្ម​ផ្សេងៗ ដើម្បី​ថែទាំ​បន្លែរបស់ខ្លួន​។​

​មូលហេតុ​កសិករ​ជ្រើសរើស​យក​វិធីសាស្ត្រ​នេះ ពួកគាត់​ពន្យល់ថា ដោយសារតែ​មាន​សត្វ​ចង្រៃ សត្វល្អិត​ច្រើន​មក​បំផ្លាញ់​ផលដំណាំ​របស់គាត់ និង មិនដឹងពីវិធីសាស្ត្រ​បែប​ធម្មជាតិ ដើម្បី​ទប់ស្កាត់​។ ម្យ៉ាងវិញទៀត ទម្លាប់​នៃ​ការដាំណុះ​វិញ ពួកគាត់​ចេះ​តៗ​គ្នា​មក គ្មាន​អ្នកជំនាញ​កសិកម្ម​ណា​ចុះមក​បង្រៀន​នោះឡើយ​។​

​សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​នៃ​សាកលវិទ្យាល័យ​ខេត្តបាត់ដំបង​លោក ប៉ុក បញ្ញា បាន​ចុះ​ស្រាវជ្រាវ​នៅ​នឹង កន្លែង​ជាមួយ​អ្នកសារព័ត៌មាន លោក​កត់សម្គាល់​ឃើញថា ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​របស់​កសិក​រខ្លះ មិន​គោរព​បទដ្ឋាន​សុវត្ថិភាព និង ប្រើប្រាស់​លើស​កំណត់​។ ឥរិយាបថ​នេះ លោក​បញ្ញា​គិតថា អាច​ដោយសារ​កសិករ​ខ្វះ​ការយល់ដឹង​ពី​បច្ចេកទេស​នៃ​ការប្រើ​ថ្នាំ​គីមី និង វិធីសាស្ត្រ​បែប​ធម្មជាតិ​ដើម្បី​ទប់ស្កាត់​។​

​លោក ប៉ុក បញ្ញា ទទួលស្គាល់ថា ថ្នាំពុល​គីមី​អាចជួយ​ឱ្យ​ផលដំណាំ​របស់​កសិករ​ឆាប់​ទទួលបាន​ផល រក្សាបាន​ផលដំណាំ​បានយូរ ការពារ​សត្វល្អិត​ចង្រៃ ប៉ុន្តែ​ផលប៉ះពាល់​របស់​ថ្នាំ​គីមី​វិញ គឺ​បង្ក​ឱ្យ​សត្វល្អិត​ក្នុង​ដី​បាន​ងាប់​ដែល​បំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ធម្មជាតិ ប្រភពទឹក ដី ខ្យល់ សត្វ មនុស្ស ត្រូវ​រង​ផលប៉ះពាល់​ដល់​សុខភាព និង អាយុជីវិត​ផងដែរ​។​

​របាយការណ៍​វិភាគ​សេដ្ឋកិច្ច​លើ​ថ្នាំពុល​កសិកម្ម​ឆ្នាំ ២០១០ បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំ​គីមី​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា កាន់តែ​មាន​ការកើនឡើង​នៅក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ​។​ការកើនឡើង​ដោយសារ​ប្រជាកសិករ​ខ្មែរ នៅតែ​មិនទាន់​យល់ដឹង​គ្រប់គ្រាន់​អំពី​ផលប៉ះពាល់​នៃ​ថ្នាំ​គីមី​កសិកម្ម និង ការគ្រប់គ្រង​ថ្នាំ​គីមីកសិកម្ម​របស់​រដ្ឋាភិបាលមិន​បានល្អ​។

​បើតាម​របាយការណ៍​ដ​ដែរ ប្រជាពលរដ្ឋ​ក្រីក្រ នៅក្នុង​ទីក្រុង​និង​ជនបទ ជានិច្ច​ជា​កាល​ប្រឈម​ទៅនឹង​ហានិភ័យ​ខ្ពស់ ចំពោះ​ការប៉ះពាល់​ផ្ទាល់​ទៅនឹង​សារ​ធាតុគីមី ដោយសារតែ​មុខរបរ​របស់​ពួកគេ ស្ថានភាព​រស់នៅ និង កង្វះ​ការយល់ដឹង​អំពី​ការប្រើប្រាស់​ថ្នាំ​គីមី​ទាំងនោះ​ឱ្យបាន​ត្រឹមត្រូវ​។​

​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនេះ អ្នកជំនាញ​ផ្នែក​កសិកម្ម​ធ្លាប់​ផ្តល់​ជា​គំនិត​ថា រដ្ឋាភិបាល​គួរពិនិត្យមើល​ទៅលើ​ក្រុមហ៊ុន​នាំចូល​ថ្នាំ​គីមី​កសិកម្ម ដែល​កំពុងដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ថ្នាំ និង អ្នក​ទទួលទាន​។​ជាមួយគ្នា​នោះ រដ្ឋ​គួរ​ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន ឬ​អ្នករកស៊ី​ត្រូវ​ចូលរួមចំណែក​ឱ្យបាន​ច្រើន ក្នុង​ការអប់រំ អ្នក​ដែល​ទិញ​ផលិតផល​របស់ខ្លួន ពន្យល់​ប្រាប់​ការពិត​អំពី​ផលិតផល​របស់ខ្លួន​ថា វា​ពុល​យ៉ាងម៉េច ជៀសវាង​ការផ្សព្វផ្សាយ​បំភ្លេច​ការពិត​។​

​ក្រៅពីនេះ ការទម្លាក់​អ្នកជំនាញ​ផ្នែក​កសិកម្ម​ទៅតាម​មូលដ្ឋាន​បង្រៀន​ដល់​កសិករ ក៏​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​ជួយ​ដល់​ប្រជាកសិករ​ក្នុង​ការផលិត​បន្ថែ​សុ​វត្តិភាព និង កាន់​បន្ថយ​ការប្រើប្រាស់​ថ្នាំ​គីមី​លើ​ដំណាំ​៕

ព័ត៌មានផ្សេងទៀត