លោក​សួន សេរី​រដ្ឋា​ សម្រេច​បង្កើត​​គណបក្ស​​នយោបាយ​ថ្មី​​

20-03-2019 11:42 am 838
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានសម្រេច​បង្កើត​គណ​បក្ស​ថ្មី​មួយទៀត បន្ទាប់ពី​គណបក្ស​អំណាច​ខ្មែរ​របស់លោក ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក​សួង សុភ័ណ្ឌ អំឡុងពេល​លោក​ជាប់​ក្នុង​ពន្ធនាគារ កន្លងមក​។​

​លោក​សួន សេរី​រដ្ឋា បញ្ជាក់​នៅលើ​បណ្តាញ​សង្គម Facebook ថា គណៈ​ស្ថាបនិក​គណបក្ស និង​ក្រុមប្រឹក្សា​នយោបាយ បាន​សម្រេចយក ថ្ងៃ ១៨ មីនា ឆ្នាំ​២០១៩ ជា​ថ្ងៃកំណើត​បង្កើត​គណបក្ស និង​បាន​រើស​យកឈ្មោះ ចំនួន ២ ដើម្បី​ដាក់ជូន ក្រសួងមហាផ្ទៃ គឺ​ទី​១ គណបក្ស​ខ្មែរ​កែទម្រង់ (​គ​.​ខ​.​ក​) Khmer Reform Party (K.R.P) និង​ទី​២ គណបក្ស​ផ្តល់​អំណាច​ពលរដ្ឋ (​គ​.​ផ​.​អ​.​ព​) People Empowerment Party (P.E.P)​។ ឯ​បាវចនា​គឺ ជាតិ ទឹកដី សេរីភាព​។ តែ​មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៅ​មិនទាន់​សម្រេច​បែបណា លើ​ការបង្កើត​គណបក្ស​ថ្មី​របស់លោក​សួន សេរី​រដ្ឋា នេះ​នៅឡើយ​ទេ​។​

​លោក​សួន សេរី​រដ្ឋា ក៏បាន​ប្រកាស​ស្វាគមន៍ ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរ គ្រប់​អតីត​និន្នាការ​នយោបាយ ពិសេស​យុវជន​ជំនាន់​ថ្មី ចូលធ្វើ​នយោបាយ ដែល​លោក​អះអាងថា ដើម្បី ឲ្យ​ពលរដ្ឋ​ឈ្នះ​, ដើម្បី ជាតិ ទឹកដី សេរីភាព​, ដើម្បី​ការកែទម្រង់ និង​ផ្តល់​អំណាច​ឲ្យ​ពលរដ្ឋ ធ្វើជា​អ្នកសម្រេច វាសនា​របស់​អ្នកនយោបាយ ។​

​ជា​ការកត់សម្គាល់ មុននឹង​ឈានដល់​ការសម្រេចចិត្ត​បង្កើគណ​បក្សនយោបាយ​ថ្មី​ពេលនេះ លោក​ធ្លាប់បាន​ប្តឹង​ទាមទារ​គណបក្ស​អំណាច​ខ្មែរ​របស់លោក ពី​លោក​សួង សុភ័ណ្ឌ មកវិញ​ដែរ ក្រោយ​ចេញពី​ពន្ធនាគារ​វិញ​បាន ជាង​ពីរ​សប្តាហ៍ តែ​មិនបាន​ជោគជ័យ​។​

​លោក សួន សេរី​រដ្ឋា ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រមាថ​កងទ័ព​។ ក្រោយមក លោក​ត្រូវបាន​លោក ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​លើកលែងទោស កាលពី​ចុង​ខែសីហា បន្ទាប់ពី លោក​បាន​សុំទោស​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខ​កងទ័ព រួចមក​។​

​បន្ទាប់ពី​ចេញពី​ពន្ធនាគារ​មក លោក​សួន សេរី​រដ្ឋា ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃមាត់​នេះ ក្លាយជា​អ្នកនយោបាយ​តែលតោល គ្មាន​ទ្រនំ​នយោបាយ​ឡើយ​។ ក្រោយពី​មិនអាច​ទាមទារ​យក​គណបក្ស​អំណាច​ខ្មែរ​របស់ខ្លួន​មក​គ្រប់គ្រង​វិញ​បាន លោក​ក៏​ធ្លាប់​បានប្រកាស ចង់​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​មួយ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដើម្បី​បន្ត​ទិសដៅ​នយោបាយ​រួមគ្នា ក្នុង​ការប្រកួតប្រជែង​នយាបាយ​ជាមួយ​គណបក្ស​ដទៃ​។ 

​លោក​ធ្លាប់​និយាយថា មូលហេតុ​ដែល​លោក ចង់​បន្ត​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នោះ ដោយសារ​ឃើញ​គណបក្ស​មួយ​នេះ មាន​គោលនយោបាយ​ត្រឹមត្រូវ ស្របតាម​គោល​គំនិត​ខ្លួន ទាំង​ភាសា​និយាយ និង​ការប្រើប្រាស់​ការទូត ដោះស្រាយ​បញ្ហា​ជាដើម​។​លោក​ថា លោក​ចាប់អារម្មណ៍​លើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន តាំងពី​លោក​មិនទាន់​ជាប់ពន្ធនាគារ​ម្ល៉េះ ប៉ុន្តែ​មិនទាន់​មានឱកាស​ក្នុង​ការចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ប៉ុណ្ណោះ​។​

​តែ​ពេលនេះ លោក​បែរជា​មក​បង្កើត​គណបក្ស​ថ្មី​ដោយ​ខ្លួនឯង​វិញ តែ​មិនទាន់​ដឹងថា ឈ្មោះ​មួយណា​ឲ្យ​ពិតប្រាកដ ក្នុងចំណោម ឈ្មោះ ចំនួន​២ ដែល​លោក​ដាក់ជូន​ក្រសួងមហាផ្ទៃ គឺ​ទី​១ គណបក្ស​ខ្មែរ​កែទម្រង់ និង​ទី​២ គណបក្ស​ផ្តល់​អំណាច​ពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត