ណូវែល​ហ្សេ​ឡង់​​ចាប់ផ្ដើម​​​រៀបចំ​​​​បុណ្យ​សព​​​ជនរងគ្រោះ​​ស្លាប់​​ដោយការ​​​​បាញ់ប្រហារ​

20-03-2019 10:42 am 97
រូបភាពក្នុងពិធីបុណ្យសព

​ពិធីបុណ្យ​សព​អ្នកស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ នៅ​ព្រះវិហារ​ពីរ​កន្លែង​ក្នុងប្រទេស​ណូវែល​ហ្សេ​ឡង់ បានចាប់ផ្ដើម​រៀបចំឡើង​នៅ​ថ្ងៃទី​២០​មីនា​នេះហើយ ក្រោយ​កើតហេតុ​តាំងពី​ថ្ងៃទី​១៥​មីនា បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់​៥០​នាក់​។ ក្រុម​អ្នក​ស្ម័គ្រចិត្ដ​បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​Christchurch ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យសព ជួយ​បញ្ចុះសព​និង​ផ្ដល់​កម្លាំងចិត្ដ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។ ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​បាន​ស្នើសុំ​បញ្ចុះសព​ឲ្យបាន​ឆាប់ ប៉ុន្ដែ​ដំណើរការ​នេះ​ត្រូវ​ពន្យារពេល​ដោយសារ​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​អ្នកស្លាប់​អស់​។ មន្ដ្រី​ទីក្រុង​Christchurch​បានប្រកាស​ជូនដំណឹង​ពី​ពិធីបុណ្យ​សព​នេះ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុន​មួយថ្ងៃ ដើម្បីឲ្យ​ប្រជាជន​ចូលរួមបាន​ច្រើន​។ 

​ប៉ូលិស​បានបញ្ជាក់​នៅ​ថ្ងៃ​២០​មីនា​នេះ​ថា ជនរងគ្រោះ​ចំនួន​៦​នាក់​បានបង្ហាញ​អត្ដ​សញ្ញាណ​រួចហើយ និង​រំពឹង​អាច​បង្ហាញ​អត្ដ​សញ្ញាណ​ជនរងគ្រោះ​ទាំង​៥០​នាក់​ក្នុងពេល​ឆាប់ៗ​។ ចំណែក​ខ្មាន់កាំភ្លើង​ជនជាតិ​អូស្ដ្រាលី​ឈ្មោះ​Brenton Tarrant អាយុ​២៨​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម ប៉ុន្ដែ​លោក​នឹង​ប្រឈម​បទ​ចោទ​ជាច្រើន​ទៀត ដែល​នឹងត្រូវ​បង្ហាញខ្លួន​ក្នុង​តុលាការ​ម្ដងទៀត​នៅ​ថ្ងៃទី​០៥​មេសា​៕

ព័ត៌មានផ្សេងទៀត