វិធី​ជំរុញ​ឱ្យ​ទុរេន​ឆាប់​ចេញ​ផ្កា​

19-03-2019 6:24 pm 271

​មុន​ពេល​ដំណាក់កាល​ទុរេន​ចេញ​ផ្កា ត្រូវ​ឱ្យ​ដើម​វា​មាន​សុខភាព​ល្អ​ពណ៌​បៃតង ចាស់​ភ្លឺរលោង ។ ការពារ​មិនឱ្យ​មាន​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ និង​ជំងឺ ជាពិសេស​ពពួក​ជំងឺ​រលួយ​ឫស ។​

​ការតាក់តែង​ផ្កា ៖
- ការតាក់តែង​ផ្កា​មាន​សារប្រយោជន៍​ណាស់ ទោះបីជា​អ្នក​ដាំ​មិនសូវ​និយម​ក៏ដោយ ។ នៅពេល​ដែល​ទុរេន​ចេញ​ផ្កា គួរ​កាត់​ផ្កា​រំ​លួស​ចោល​ខ្លះ ។​
- កាត់​ផ្កា​ដែល​មាន​ច្រើន នៅលើ​មែក​តូចៗ  និង​មិន​មាន​សុខភាព​ល្អ ។​
- ការ​ទុក​ផ្កា​ច្រើនពេក អាច​ធ្វើឱ្យ​ក្តិប វា​មាន​ភាពទន់ខ្សោយ មិន​រឹងមាំ និង​មិន​កាន់​ផ្លែ​បានល្អ​ទៀតផង ។​
- ប្រហែល​៥​សប្តាហ៍ ក្រោយពេល​ផ្កា​រីក​ស្រុះ ប្រសិនបើ​មាន​ដង់ស៊ីតេ​ផ្កា​ច្រើនជាង​៦​ទង ក្នុង​ប្រវែង​១​ម៉ែត្រ នៃ​មែក​ទុរេន ឬ​អាយុ​ផ្កា​របស់​វា​មាន​ការខុស​គ្នា ច្រើន​នៅលើ​មែក​តែមួយ ចាំបាច់​ត្រូវការ​កាត់​រំ​លួស​ផ្កា​ទុរេន​ចេញ​ខ្លះ ។ ចំនួន​ដង់ស៊ីតេ ផ្កា​ដែល​សមស្រប គឺ​ពី​៣-៦​ផ្កា ក្នុង​ប្រវែង​មែក​១​ម៉ែត្រ និង​ទុកចន្លោះ​ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយ​ប្រវែង​៣០​សង់ទីម៉ែត្រ ។​

​ការតាក់តែង​ផ្លែ ៖
- ការតាក់តែង​ផ្លែ គឺជា​ការគ្រប់គ្រង​ផ្លែ​ឱ្យ​សមស្រប​ទៅនឹង​ទំហំ និង​សុខភាព​ដើម ដែល​អាច​ចិញ្ចឹម​ផ្លែ​បានល្អ ។​
- ការ​ជម្រុះ ឬ​កាត់​រំ​លោះ​ក្តិបទុរេន គឺជា​បច្ចេកទេស​សំខាន់​មួយ ដែល​ជួយ​ជំរុញ​ការលូតលាស់​ផ្លែ​របស់​វា ធ្វើឱ្យ​មាន​រូបរាង និង​គុណភាព​ល្អ ។​
- ការ​ជម្រុះ​ក្លឹប​ផ្លែ គួរ​ធ្វើ​វា​នៅ​ពេល​ចេញ​ពន្លក​ក្លឹប​បាន​៤-៥​សប្តាហ៍ ។ ផ្លែ​តូច ទម្រង់​មិនល្អ ផ្លែ​មាន​ទីតាំង​មិនល្អ ដូចជា​នៅ​លើ​មែក​តូច ឬ​មាន​អាយុកាល​ខុស​គ្នា​ច្រើន ត្រូវ​យក​ចេញ ។​
- ការ​ជម្រុះ​លើក​ទី​១ ត្រូវ​ឱ្យ​នៅ​សល់​ផ្លែ​ចំនួន​២-៣​ច្រើន​ជាង​ចំនួន​ផ្លែ​ដែល​ត្រូវ​ទុក ។​
- ការ​ជម្រុះ​លើក​ទី​២ គឺ​ត្រូវ​ធ្វើ​នៅ​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់​ពី​ការ​ជម្រុះ​លើក​ទី​១ ។ ប្រសិនបើ​ផ្លែ​មាន​សុខភាព​មិនល្អ ពណ៌​ត្នោត​ក្រ​ម៉ៅ​ជំនួស​ឱ្យ​ពណ៌​បៃតងខ្ចី ឬ​ផ្លែ​ដែល​បំផ្លាញ​ដោយ​សត្វល្អិត និង​ជំងឺ ត្រូវ​បេះ​ជម្រុះ​ចេញ ។​
- បន្ទាប់​ពី​៦​សប្តាហ៍ នៃ​ការលូតលាស់​របស់​ផ្លែ​ទុរេន ត្រូវ​ត្រួតពិនិត្យ​តាមដាន ជា​រៀង​រាល់​សប្តាហ៍ រហូត​ដល់​សប្តាហ៍​ទី​១០ គិត​ចាប់ពី​ពេលចេញ​ពន្លក​ក្តឹប​របស់​វា ។ ជាទូទៅ ការ​ជម្រុះ​ផ្លែ​ទុរេន គួរ​ធ្វើ​ពី​៤-៥​ដង ។ 
-​ការ​កាត់​ផ្លែ​នេះ គេ​ធ្វើ​២​លើក បន្ទាប់​ពី​លើក​ទី​១ នៅពេល​ផ្កា​ទុរេន​រីក​បាន​៣០-៣៥​ថ្ងៃ និង​លើក​ទី​២ នៅពេល​តាក់តែង​លើក​ទី​១ បាន​២០-២៥​ថ្ងៃ ។ សម្រាប់​ផ្លែ​ទុរេន ដែល​ត្រូវ​កាត់ចេញ​នោះ គឺ​ផ្លែ​ដែល​លូតលាស់ និង​រូបរាង​មិនល្អ មាន​ជំងឺ និង​សត្វល្អិត​បំផ្លាញ ។​

​ដកស្រង់​ចេញពី​សៀវភៅ​ដំណាំ​ទុរេន របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៕

ព័ត៌មានផ្សេងទៀត