​កម្ពុជា​មិន​ខ្វះ​ប្រភពទឹក​ទេ គ្រាន់តែ​សង្វាក់​ផលិតកម្ម​មិន​គ្រប់​តម្រូវការ​

15-03-2019 5:19 pm 717
  ស្តាប់
ស្តាប់ជាសំឡេង

“​ងាកៗ​ដាច់ទឹក ចូល​បង្គន់​ដាច់ទឹក គ្មាន​ទឹក​ងូត​” នេះ​ជា​ពាក្យ​រអ៊ូរទាំ របស់​ប្រជាពលរដ្ឋ​មួយចំនួន រស់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់ ហើយ​ត្រូវ​បាន​បង្ហោះ​យ៉ាង​ព្រោងព្រាត នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។​

​ការ​ដាច់ទឹក ឬ​សម្ពាធ​ទឹក​ខ្សោយ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ងឿងឆ្ងល់ និង​បាន​ចោទ​ជា​សំណួរ​ថា តើ​នៅ​ក្រុង​ភ្នំពេញ​កំពុង​ប្រឈម​កង្វះ​ទឹក​ប្រើប្រាស់ ឬ​ដោយសារ​មាន​បញ្ហា​អ្វី ដែល​ធ្វើឲ្យ​ដាច់​ចរន្តទឹក​បែបនេះ​?

​លោក អ៊ុំ ស៊ីថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្រាប់​វិទ្យុ​វាយោ​ថា នៅ​រាជធានី​ភ្នំពេញ ពុំ​មាន​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ​។ លោក​បន្ថែម ដោយសារ​អាកាសធាតុ​ក្តៅ ហើយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​ច្រើន ដូច្នេះ​ទើប​ធ្វើឲ្យ​សម្ពាធ​ទឹ​កខ្សោយ​។​

សំឡេង

​ដោយឡែក ករណី​ដាច់ទឹក កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ស្ទើរតែ​គ្រប់​ខណ្ឌ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បញ្ជាក់ថា ដោយសារ​ខូច​ម៉ា​ស៊ី​ភ្លើង នៅ​រោងចក្រ​ផលិត​ទឹក​និរោធ ដែល​ធ្វើឲ្យ​តំបន់​មួយចំនួនចេញ​ខ្សោយ និង​មួយចំនួនទៀត​មិន​ចេញ​តែម្តង​។​

​បើ​យើង​ក្រឡេក​ទៅ​មើល ស្រុក​ចំនួន​២ នៅ​ខេត្ត​បាត់ដំបង រួមមាន ស្រុក​គាស់ក្រឡ និង​ស្រុក​មោង​ឬ​ស្សី ដែល​ប្រជាពលរដ្ឋ​ជាង​២០ ០០០​គ្រួសារ កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំងជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​ស្រុក​មួយចំនួន នៃ​ខេត្ត​ដទៃ ដែល​កំពុង​ជួបប្រទះ​ដែរនោះ​។

​ទាក់ទង​នឹង​កង្វះ​ទឹក​ប្រើប្រាស់​នេះ គេហទំព័រ អន្តរជាតិ​មួយ​ឈ្មោះថា Mission Box នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​ចេញ​របាយការណ៍​របស់ខ្លួន ដោយ​បញ្ជាក់​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជួប​វិបត្តិ​ទឹក​ធ្ងន់ធ្ងរ ទាំង​១០ ជុំវិញ​ពិភពលោក​។ របាយការណ៍​បន្តថា បើទោះបីជា​មាន​ទន្លេមេគង្គ ដែល​ជា​ទន្លេ​វែង​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហូរ​កាត់​ប្រទេស​កម្ពុជា​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​។ យោង​ទៅ​តាម​ការប៉ាន់ស្មាន មាន​ប្រជាជន​កម្ពុជា​ប្រមាណ ៨៤​ភាគរយ គ្មាន​ទឹកស្អាត​ប្រើប្រាស់​។ ពោល ប្រជាជន​ពឹងផ្អែក​យ៉ាងខ្លាំង ទៅ​លើ​ការ​ត្រ​ង និង​រក្សា ទឹកភ្លៀង​ទុក សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន​។

​យ៉ាងណាមិញ លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​នេះ​ថា ដោយសារ​កម្ពុជា​រង​នូវ​ឥទ្ធិពល អែល​នី ញ៉ូ ទើប​ធ្វើឲ្យ​តំបន់​ដាច់ស្រយ៉ាល​មួយចំនួន ដែល​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​។ ប៉ុន្តែ​មិនមែន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ទេ​។ រីឯ បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា មិនមែន​ដោយសារ​ខ្វះ​ប្រភពទឹក សម្រាប់​ផលិត​ទឹកស្អាត​នោះទេ តែ​ដោយសារ​សង្វាក់​ផលិតកម្ម មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​។​

សំឡេង​

​លោក​ចាន់ យុ​ត្ថា អះ​អង​ថា ការ​ប្រឈម​នឹង​ការខ្វះ​ទឹក​ក្នុងឆ្នាំនេះ គឺ​មិន​ប្រឈម​ធំធេង​ដូច កាល​ឆ្នាំ​២០១៥-២០១៦​នោះទេ​។ តែ​យ៉ាងណា ក្រសួង​ធនធានទឹក បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន និង​កំពុង ដោះស្រាយ​បញ្ហា​នេះ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មួយ​ចំនួន​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ហើយ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក បាន​ព្យាករណ៍​ថា រដូវប្រាំង​នៅ​កម្ពុជា នឹង​បន្ត​អូសបន្លាយ​ដល់​ពាក់កណ្តាល​ខែ​ឧសភា​។ បញ្ហា​នេះ​គឺ​ដោយសារ​តែ​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​បាតុភូត EL Nino ដែល​ធ្វើឱ្យ​សីតុណ្ហភាព​របស់​កម្ពុជា​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​រង្វង់​ពី​៤០-៤២ អង្សា​សេ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន នៅ​ថ្ងៃ​ទី​១១ មីនា ក៏​បាន​បន្ដ​អំពាវនាវ​ជាថ្មី​ម្ដងទៀត ឲ្យ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​រដូវប្រាំង​ឆ្នាំនេះ​។ លោក​ជំរុញ​ឲ្យ​ជីក​អណ្តូង​នៅ​កន្លែង​ដែល​ខ្វះ​ទឹក ដែល​លោក​ចាត់ទុកថា វិធានការ​នេះ ប្រសើរ​ជាង​ដឹក​ទឹក ទៅ​ចែកជូន ហើយក៏​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត