អាជ្ញាធរអំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ករណី​គ្រោះថ្នាក់​គ្រាប់មីន​

15-03-2019 4:56 pm 300
  ស្តាប់
ស្តាប់ជាសំឡេង

​តាមរយៈ​សេចក្តីប្រកាស​របស់ អាជ្ញាធរ​កម្ពុជា បានឱ្យដឹងថា​មួយ​រយៈពេល​ចុងក្រោយ​នេះ អត្រា​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ការផ្ទុះ​មីន​កើនឡើង​គួរឱ្យកត់សំគាល់ ដោយសារ​តែ​ការទន្ទ្រាន​ផ្ទៃ​ដី​សង្ស័យថា​មាន​មីន ការកែច្នៃ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ការរុករក​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​មួយចំនួន​បាន​ស្លាប់ និង​អ្នករងរបួស​ធ្ងន់​ជាច្រើន​នាក់​។​ក្នុងន័យ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​អាជ្ញាធរ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ឱ្យ​អាជ្ញារ​ធរ​មូលដ្ឋាន ឬ​អង្គភាព​បោសសម្អាត​មីន​នៅ​ជិត​បំផុត​ពី​កន្លែង​គ្រាប់មីន ឬ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដោយ​កុំ​ប៉ះពាល់​វា​ជា​ដាច់ខាត​។ 

​ជាងនេះទៅទៀត មិន​ត្រូវ​ច្នៃ និង​ប្រកប​របរ​ជាមួយនឹង​គ្រឿង​ផ្ទុះ​ហើយ​ត្រូវ​សាកសួរ​អាជ្ញាធរ ឬ​អ្នក​ដែល​ដឹង​ច្បាស់​អំពី​ព័ត៌មាន​តំបន់​ដែល​មាន​បំណង​ប្រើប្រាស់​ដី ធ្វើដំណើរ​ឆ្លងកាត់​ឬ​រុករក​អនុផល​ព្រៃឈើ​។​ទន្ទឹមនឹងនេះ មិន​ត្រូវ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ដើម្បី​ចូល​ធ្វើការ​រុករាន​ដីព្រៃ​ឬ​ចំការ ដែល​នៅ​មិនទាន់​បាន​ធ្វើការ​បោសសម្អាត​មីន​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម​ដែល​អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់ ជាពិសេស​គ្រោះថ្នាក់​ដោយសារ​មីនតោន​។​

​ជាមួយគ្នា​នេះ​អាជ្ញាធរ​ស្នើ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​អាជ្ញាធរ​ដែនដី ត្រូវតែ​យកចិត្ដទុកដាក់​ពិនិ​ត្យ​តាមដាន​សកម្មភាព និង​គ្រប់​បញ្ហា​ដែល​អាច​បង្ក​គ្រោះថ្នាក់ មកលើ​ពលរដ្ឋ​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​។ ពិសេស​ពង្រឹង​បន្ថែម​នូវ​សកម្មភាព​អប់រំ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​និង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ក្នុង​តំបន់​សង្ស័យ​មាន​មីន​ឱ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​មីន និង​សំណល់​ជាតិ​ផ្ទុះ ។​

​គួរបញ្ជាក់​ថា ចាប់ពី​ខែ​មករា​ដល់​ថ្ងៃ​ទី​១៤​មីនា ឆ្នាំ​២០១៩​មាន​ជនរងគ្រោះ​ស្លាប់​ពិការ  សរុប​ចំនួន​២៩​នាក់ ។​ហើយ​ត្រឹម​រយៈពេល​០៣​ថ្ងៃ​ពី​ថ្ងៃ​១២-១៤​មីនា មាន​គ្រោះថ្នាក់​ចំនួន​៤​ករណី​ស្ថិតនៅ​ខេត្ត​ឧត្តរមានជ័យ​២​ករណី ខេត្ត​បាត់ដំបង​១​ករណី និង​ខេត្ត​រតនគិរី​០១​ករណី​បណ្តាល​ឱ្យ​មាន​ជនរងគ្រោះ​សរុប​៥​នាក់ ក្នុងនោះ​បាន​បាត់បង់​ជីវិត​២​នាក់ និង​ពិការ​ចំនួន​០៣​នាក់​៕

ព័ត៌មានផ្សេងទៀត