​ជប៉ុន​​ផ្ដល់ជំនួយ​ជិត​៣០​ម៉ឺន​ដុល្លារ​​សម្រាប់​អភិវឌ្ឍ​គម្រោង​៣​នៅ​កម្ពុជា​​

15-03-2019 4:23 pm 172
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង​ចំនួន​២៧៥,២៩៦​ដុល្លារ ដល់​អង្គភាព​ចំនួន​៣ នៅ​កម្ពុជា ក្រោម​គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​របស់​ជប៉ុន សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច សន្ដិសុខ​មនុស្សជាតិ​។ ពិធី​ចុះហត្ថលេខា​ផ្តល់​ជំនួយឥតសំណង​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​ស្ថានទូត​ជប៉ុន​។ 

​ជំនួយឥតសំណង​លើ​គម្រោង​ចំនួន​៣ ដែល​បាន​ចុះហត្ថលេខា​ផ្ដល់ជូន​នោះ​រួមមាន​៖

១. គម្រោង​កែលម្អ​ផ្លូវថ្នល់​ក្នុង​ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត​កំពត នូវ​ថវិកា​ចំនួន​១០៦,១៤៦​ដុល្លារ ហើយ​អង្គភាព​ទទួល​ជំនួយ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កំពត នៅក្នុង​គម្រោង​នេះ ស្ពាន​ចាស់​ចំនួន​ពីរ​ដែលមាន​ស្រាប់​នឹង​ត្រូវបាន​ជំនួស​ដោយ​លូ​ប្រអប់​បេតុង​ចំនួន​ពីរ​នៅ​ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត​កំពត​។ គម្រោង​នេះ​​គេ​រំពឹងថា នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ​១៥៥,៨០០​នាក់ នៅក្នុង​តំបន់​។ គេ​រំពឹង​ផងដែ​រថា ផ្លូវ​កែលម្អ​នេះ នឹង​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន នូវ​ភាពងាយស្រួល​ជាង​មុន​ក្នុង​ការធ្វើដំណើរ​ទៅ​សាលារៀន មន្ទីរពេទ្យ និង​ផ្សារ ហើយ​ជាពិសេស​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​តាមរយៈ​ការលើកកម្ពស់​ការតភ្ជាប់​នៅក្នុង​តំបន់​។​

២. គម្រោង​កែលម្អ​ផ្លូវថ្នល់​នៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បូរី ខេត្ត​ក្រចេះ នូវ​ថវិកា​ចំនួន ៨២,៤៥០​ដុល្លារ អង្គភាព​ទទួល​ជំនួយ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ក្រចេះ នៅក្នុង​គម្រោង​នេះ​ស្ពាន​ប្រវែង​១៥​ម៉ែត្រ នឹងត្រូវ​សាងសង់​នៅ​ឃុំ​ដា ស្រុក​ចិត្រ​បូរី​។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់​ស្ពានឈើ​ដែល​ងាយ​នឹង​បាក់​បន្ទាប់ពី​លូ​បេតុង​ចាស់​នោះ​ត្រូវបាន​បំផ្លាញ​ដោយ​ទឹក​ជំនន់​។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ​៣៨០០​នាក់ នៅក្នុង​តំបន់​។​

៣. គម្រោង​សាងសង់​បរិក្ខារ​សាលា​មត្តេយ្យ​ចំនួន​៨ ក្នុង​ខេត្តកំពត នូវ​ថវិកា​ចំនួន​៨៦,៧០០​ដុល្លារ អង្គភាព​ទទួល​ជំនួយ អង្គការ Planete Enfants & Development នៅក្នុង​គម្រោង​នេះ​អង្គការ នឹង​សាងសង់ បរិក្ខារ​មត្តេយ្យ​ចំនួន​៨ នៅក្នុង​ស្រុក​ទឹកឈូ និង​ស្រុក​ដងទង់​។ ការកែលម្អ​បរិក្ខាសាលា​មត្តេយ្យ​នឹង​ចំណែក​ផ្តល់ដល់កុ​មារ​ប្រមាណ​២៧០​នាក់ ទទួលបាន​ការអប់រំ​ប្រកបដោយ គុណភាព​ខ្ពស់ និង​ប្រកបដោយ​និរន្តរភាព​។ លើសពីនេះទៅទៀត​គម្រោង​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ពង្រីក​នូវ​ឱកាស​អប់រំ​សម្រាប់​កុមារ​ទាំងអស់​នៅក្នុង​តំបន់​។​

​សូមបញ្ជាក់ថា គម្រោង​ឥត​សំណង​គូ​សាណូ​ណិ​របស់​ជប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៩១ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន​៕

ព័ត៌មានផ្សេងទៀត