កូរ៉េខាងជើង​អាច​នឹង​គិត​ឡើងវិញពី​បម្រាម​ធ្វើតេស្ត​មី​ស៊ី​ល បើ​អាមេរិក​មិន​ព្រមធ្វើ​សម្បទាន​

15-03-2019 3:12 pm 350
  ស្តាប់
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​លោកស្រី​Choe Son Hui អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង នឹង​ប្រកាស​ជា​ផ្លូវការ ពី​ជំហរ​របស់លោក ទាក់ទង​នឹង​ការចរចា​រំលាយ​អាវុធ​នុយក្លេអ៊ែរ ជាមួយ​សហរដ្ឋអាមេរិក និង​សកម្មភាព​របស់​កូរ៉េខាងជើង ពាក់ព័ន្ធ​នឹង​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ នៅពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​។ លោកស្រី បង្ហើប​ថា​មេដឹកនាំ​ប្រទេស​របស់​លោកស្រី កំពុង​ពិចារណា​ព្យួរ​ការចរចា​ជាមួយ​អាមេរិក ពាក់ព័ន្ធ​នឹង​ការរំលាយ​នុយក្លេអ៊ែរ ហើយ​ប្រហែលជា​ត្រូវ​គិត​ឡើងវិញ​ផងដែរ ពី​បម្រាម​ធ្វើតេស្ត​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ ប្រសិនបើ​អាមេរិក​នៅតែ​មិន​ព្រមធ្វើ​សម្បទាន​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​Associated Press​។​

​ការ​ថ្លែង​របស់​លោកស្រី អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ផ្ទុយ​ពី​ចេតនា​របស់លោក​ត្រាំ​ដែល នៅតែ​បន្ត​បើក​ឲ្យមាន​ការសន្ទនា​ជា​មួយលោក​គីម​។ ការចរចា​លើក​ទី​បី អាច​នឹង​កើត​មាននៅ​ថ្ងៃ​ណាមួយ​។ កាលពី​ថ្ងៃ​ចន្ទ​តំណាង​ពិសេស​របស់​អាមេរិក សម្រាប់​ប្រទេស​កូរ៉េខាងជើង​លោក Stephen Biegun និយាយថា អាមេរិក​រំពឹង​នឹង​អាច​បន្ត​ការចូលរួម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងជើង តែ​លោក​មិនបាន​ផ្តល់ព័ត៌មាន​ជាក់លាក់ ស្តីពី ពេលវេលា​ដែល​កិច្ចពិភាក្សា​ថ្មី អាច​ត្រូវធ្វើឡើង​នោះទេ​។ ទន្ទឹមនឹងនោះ លោក Biegun​បាន​ព្រមាន​ថា ដ្បិត​លោក​ត្រាំ​នៅតែ​បើកចំហ​បន្ត​ចរចា​ក៏ដោយ ប៉ុន្តែ​បើ​កូរ៉េខាងជើង នៅតែ​មិន​រំលាយ​នុយក្លេអ៊ែរ អាមេរិក​នឹង​បន្ថែម​ទណ្ឌកម្ម​ថ្មី​។​

​ចិន​ដែល​កូរ៉េខាងជើង​តែងតែ​គោរពនិង​ឲ្យ​តម្លៃ​បំផុត បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​អត់ធ្មត់ និង​បន្ត​កិច្ចសន្ទនា​បន្ថែមទៀត​។ លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ មួយ​កាលពី​ថ្ងៃ​សុក្រ​ថា បញ្ហា​ឧបទ្វីប​កូរ៉េ​អាច​និយាយបានថា មាន​ភាពស្មុគស្មាញ និង​ត្រូវ​ប្រើពេល​យូរអង្វែង​ដើម្បី​ដោះស្រាយ ដោយ​មិនអាច​បង្ខំ​ដោះស្រាយ​ឲ្យ​ចប់​ត្រឹមតែ​រយៈពេល​មួយ​យប់​នោះទេ​។​

​លោក​គីម បាន​បាត់បង់​ការប្តេជ្ញាចិត្ត នៅក្នុង​ការស្វែងរក​កិច្ចព្រមព្រៀង​រួមជាមួយ​លោក​ត្រាំ បន្ទាប់ពី​លោក​ត្រាំ បដិសេធ​មិន​ព្រម​ដក​ទណ្ឌកម្ម តាម​ការស្នើ​របស់លោក​គីម នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ពីរ នៅ​វៀតណាម​។ នៅក្នុង​កិច្ចប្រជុំ​នោះ លោក​គីម​ដាក់​លក្ខខណ្ឌ​ឲ្យ​លោក​ត្រាំ​ធ្វើ​សម្បទាន តាមរយៈ​ការដក​ទណ្ឌកម្ម​ចេញពី​កូរ៉េខាងជើង ប្រសិនបើ​ចង់ឲ្យ​កូរ៉េខាងជើង​រំលាយ​នុយក្លេអ៊ែរ ប៉ុន្តែ​លោក​ត្រាំ​មិន​យល់ព្រម​ឡើយ ដ​រ៉ាប​ណា​មិនទាន់​ឃើញ​កូរ៉េខាងជើង រំលាយ​នុយក្លេអ៊ែរ​។​

​លោកស្រី​Choe Son Hui បាន​និយាយថា អាមេរិក​បាន​បោះចោល​ឱកាស​មាស នៅក្នុង​កិច្ចប្រជុំ នៅឯ​ប្រទេស​វៀតណាម​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​។ មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ បញ្ជាក់ថា ជំហរ​របស់​សហរដ្ឋ​អាមេរិក នឹង​ធ្វើឲ្យ​ស្ថានការណ៍ ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ យ៉ាងណា លោកស្រី​អះអាងថា ទំនាក់ទំនង​រវាង មេដឹកនាំ​កំពូល​ទាំង​ពីររូប នៅតែ​ល្អ​នឹង​គ្នា​ធម្មតា​។​

​គួរ​ជម្រាបជូន​ថា កូរ៉េខាងជើង​បាន​ផ្អាក​ធ្វើតេស្ត​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​ចាប់តាំងពី​មេដឹកនាំ​កូរ៉េខាងជើង​និង​អាមេរិក បាន​ជួបចរចា​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំមុន​។ តែ​ថ្មីៗ​នេះ ប្រព័ន្ធ​ផ្កាយរណប​អាមេរិក ថត​បាន​សកម្មភាព​នៅ​កន្លែង​ផលិត​មី​ស៊ី​ល​និង​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​។ គេ​ដាក់​ការសង្ស័យថា ទីក្រុង​ព្យុងយ៉ាង​កំពុងរៀ​ចំ​ធ្វើតេ​ស្តមី​ស៊ីល​ជាថ្មីទៀត​៕

ព័ត៌មានផ្សេងទៀត