កម្ពុជា​-​កូរ៉េខាងត្បូង​​បាន​ចុះហត្ថលេខា​​លើ​ឯកសារ​ចំនួន​៥​

15-03-2019 2:25 pm 1264
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​-​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ អំឡុង​ទស្សនកិច្ច លោក មូន ចេ​អុិន ប្រធានាធិបតី​កូរ៉េខាងត្បូង មកកាន់​កម្ពុជា​។ ឯកសារ​ចំនួន​៥ ដែល​បាន​ចុះហត្ថលេខា បាន​ធ្វើឡើង​ក្រោយ​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ កម្ពុជា​-​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៥ ខែ​មីនា​។

​ក្រោយពី​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី រវាង​លោក ហ៊ុន សែន ប្រមុខ​ដឹកនាំ​កម្ពុជា និង​លោក មូន ចេ​អុិន (Moon Jae-in) ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​ចំនួន​៥ ដែលជា​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​កូរ៉េខាងត្បូង​។​

​កិច្ចព្រមព្រៀង​​ចំនួន​៥ ដែល​ត្រូវបាន​ចុះហត្ថលេខា​នោះ​រួមមាន​៖

១. កិច្ចសម្របសម្រួល​ក្របខណ្ឌ​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩-២០២៣ ​ចុះហត្ថលេខា​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោកស្រី កាង ឃ្យូ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ ។​

២. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា ចុះហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង​លោក សង់ យូ​ន​ម៉ូ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឧស្សាហកម្ម និង​ថាមពល​កូរ៉េ​។​

៣. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក អឺុន សង់​ស៊ូ​ ប្រធាន​ធនាគារ​នីហរ័ណ​-​អហរ័​ណ​កូរ៉េ ។​

៤. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ ចុះហត្ថលេខា​ដោយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ក្វន់ ភ្យង់​អូ ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​-​វិនិយោគ​កូរ៉េ ។​

៥. អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិតសភា​កម្ពុជា​និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ ចុះហត្ថលេខា​ដោយ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុ​ង​រ្យ៉ុ​ង ប្រធាន​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​កូរ៉េ​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង លោក ​មូន ចេ​អុិន និង​ភរិយា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នា​រសៀល ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ជា​លើកដំបូង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែ​មីនា ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត