មនុស្ស​ស្លាប់​ច្រើន​នាក់នៅក្នុង​ការបាញ់ប្រហារ​ពីរកន្លែងនៅ​ប្រទេសញូវ​ហ្សា​លែន​

15-03-2019 12:52 pm 465
បុគ្គលិកសុខាភិបាលនាំជនរងគ្រោះនៅខាងក្រៅព្រះវិហារជាកន្លែងដែលមានការបាញ់ប្រហារយ៉ាងកក្រើក

​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ បន្ទាប់ពី​ខ្មាន់កាំភ្លើង បើក​ការបាញ់ប្រហារ នៅ​ព្រះវិហារ​អ៊ីស្លាម​ចំនួន​២ ស្ថិតនៅក្នុង​ទីក្រុង Christchurch ប្រទេសញូវ​ហ្សា​លែន​នៅថ្ងៃសុក្រនេះ។ ទីមួយ​នៅ​វិហារ Al Noor និង​ទី​ពីរ វិហារ​Linwood​។ ភ្លាមៗ​មិនទាន់មាន​របាយការណ៍​ផ្លូវការ បង្ហាញ​ពី​ករណី​បាញ់ប្រហារ​នេះ​នៅឡើយ​ទេ ដោយ​មានតែ​ពី​សាក្សី​ឃើញ​ហេតុការណ៍​នេះ បាន​និយាយប្រាប់​អ្នកកាសែត​ប៉ុណ្ណោះ​។ ប៉ូលិស​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ ព្រោះតែ​សកម្មភាព​បាញ់រះ​ទាំងពីរ​កន្លែង​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ នៅក្នុង​ហេតុការណ៍​នេះ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ប្រុស​៣​នាក់​និង​ស្រី​ម្នាក់​។​

​នាយករដ្ឋមន្ត្រី​ញូ​វ​ហ្សា​លែ​ន​លោកស្រី Jacinda Ardern  បាន​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​ថា ភ្លាមៗ​នេះ​មិនទាន់មាន​ព័ត៌មាន​លម្អិត ដើម្បី​និយាយប្រាប់​នៅឡើយ​ទេ ប៉ុន្តែ​ឥឡូវនេះ លោកស្រី​អាច​និយាយប្រាប់​អ្នក​ទាំងអស់គ្នា​បាន​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​របស់​ប្រទេសញូវ​ហ្សា​លែន​។ លោកស្រី​ថ្លែងថា ច្បាស់​ណាស់ អ្វីដែល​បាន​កើតឡើង មិនមែនជា​រឿង​ធម្មតា​ឡើយ និង​ជា​អំពើហិង្សា ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​ក្រោយ​កើត​ហេតុការណ៍​បាញ់រះ អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទទ្វា​រវិហារ​អ៊ីស្លាម​ទាំងអស់ រហូត​មាន​ការជូនដំណឹង​ជាថ្មី​។ ចំណែក សាលារៀន​ទាំងអស់​នៅក្នុង​ទីក្រុង Christchurch ក៏ត្រូវ​ចាក់សោរ​បណ្តោះអាសន្ន​សិន​ដែរ ហើយ​អាជ្ញាធរ​បាន​ណែនាំ ប្រជាពលរដ្ឋ​ត្រូវ​នៅ​ក្នុងផ្ទះ កុំ​ចេញ​ទៅណា​ផ្តេសផ្តាស់​ឲ្យសោះ​៕

ព័ត៌មានផ្សេងទៀត