ក្រុមហ៊ុន​អាកាសចរណ៍​អារ៉ាប់​រួមមួយ​​នឹង​បើក​ជើងហោះហើរ​ថ្មី​​ពី​ភ្នំពេញ​ទៅ​បាងកក​

15-03-2019 12:50 pm 155
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​មមឺ​រឹត​(Emirates) នៃ​ប្រទេស​អារ៉ាប់​រួម គ្រោង​នឹង​បើក​ជើងហោះហើរ​ថ្មី​ដើម្បី​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅកាន់​រាជធានី​បាងកក​ប្រទេស​ថៃ ដោយ​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​ផ្តល់ជូន​អតិថិជន​ទាំងអស់ នូវ​ការធ្វើដំណើរ​ប្រកបដោយ​ផាសុកភាព ជាមួយ​ជម្រើស​ជើងហោះហើរ​ប្រចាំថ្ងៃ​កាន់តែច្រើន បន្ថែម​លើ​ការហោះហើរ​ទៅកាន់​គោលដៅ​ជាង ១៥០​កន្លែង នៅក្នុង​ប្រទេស​ចំនួន​៨៣​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងពាណិជ្ជកម្ម ក្នុងជំនួប​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ជាមួយ​លោក អាប់​ឌុល​ឡា អេតណា​ន់ (Abdulla Adnan) នាយក​ក្រុមហ៊ុនអ៊ែ​មមឺ​រឹត ប្រចាំ​ប្រទស​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​។ 

លោក អាប់​ឌុល​ឡា អេតណា​ន់ (Abdulla Adnan) នាយក​ក្រុមហ៊ុនអ៊ែ​មមឺ​រឹត ប្រចាំ​ប្រទស​កម្ពុជា បាន​គូសបញ្ជាក់ថា «​អ៊ែ​មមឺ​រឹត​» ចង់​ធ្វើឱ្យ​ទីក្រុង​ឌុយ​បៃ ក្លាយជា​វេទិកា​ត​ភ្ជាប់​ប៉ែក​ខាងកើត ទៅកាន់​ខាងលិច ហើយ​តាមរយៈ​ជើងហោះហើរ​ថ្មី​នេះ ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តហោះ​ធុន​បូ​អី​ង ៧៧៧ និង​អ៊ែ​បើស A៣៨០ ដើម្បី​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅកាន់​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ​២០២០ ជាមួយ​បច្ចេកវិទ្យា​ទំនើប គ្មាន​ទំនាញផែនដី​។​

​ជា​ការឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ការបើក​ឱ្យមាន​ជើង​ហើរ​ថ្មី របស់​ក្រុមហ៊ុនអ៊ែ​មមឺ​រឹត ដែល​នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ និង​វិនិយោគិន ទាំង​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់​។ លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា តាមរយៈ​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​ឆ្នាំ​២០២០ ប្រទេស​ទាំងពីរ​នឹង​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​វិស័យ​សំខាន់ៗ​ដូចជា​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ហើយ​ក្រសួងពាណិជ្ជកម្ម នឹង​រង់ចាំ​សម្របសម្រួល​រាល់​គម្រោង​វិនិយោគ ស្នើ​ដោយ​រដ្ឋាភិបាល ឬ​វិនិយោគិន នៃ​ប្រទេស​អារ៉ាប់​រួម​។​

​សូមជម្រាបថា ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​មមឺ​រឹត បានធ្វើ​ប្រតិបត្តិ​ការហោះហើរ មកកាន់​រាជធានី​ភ្នំពេញ​ដំបូង នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៧ ដែល​គិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បាន​ដឹក​អ្នកដំណើរ​ប្រមាណ ១០​ម៉ឺន​នាក់ និង​បានឈ្នះ​ពានរង្វាន់​ជាប់​គ្នា​យ៉ាងច្រើន​។ ជាក់ស្តែង​កាលពី​ឆ្នាំមុន ក្រុមហ៊ុនអ៊ែ​មមឺ​រឹត បានទទួល​ពានរង្វាន់​ឆ្នើម​ចំនួន​៣ នៅក្នុង​ពិព័រណ៍​អន្តរជាតិ APEX Asia និង​បាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ សម្រាប់​ពានរង្វាន់​ការដឹកជញ្ជូន​តាម​យន្តហោះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត