កម្ពុជាស្ថិតក្នុង​ចំណោម​ប្រទេស​១០ដែលមាន​វិបត្តិ​ទឹក​ធ្ងន់ធ្ងរ​បំផុត​

15-03-2019 10:35 am 578

​ទិវា​ទឹក​ពិភពលោក នឹង​មកដល់​នៅ​ថ្ងៃទី​២២​ខែមីនា​នេះហើយ​។ មុន​ទិវា​នេះ​មកដល់ គេហទំព័រ Missions Box បានបង្ហាញ​ពី​ប្រទេស​ចំនួន​១០ ដែលមាន​វិបត្តិ​ទឹក​អាក្រក់​បំផុត​។ នៅ​ក្នុងនោះ ក៏មាន​ប្រទេស​កម្ពុជា​ដែរ​។ គេហទំព័រ​នេះ បាន​ចុះផ្សាយ​អំពី​ប្រទេស​កម្ពុជា នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩​ថា ទោះបីជា​មាន​ទន្លេមេគង្គ ដែលជា​ទន្លេ​វែង​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហូរ​កាត់​ប្រទេស​កម្ពុជា​ក៏ដោយ ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​។

យោងទៅតាម​ការប៉ាន់ស្មាន មាន​ប្រជាជន​កម្ពុជា​ប្រមាណ ៨៤​ភាគរយ គ្មាន​ទឹកស្អាត​ប្រើប្រាស់​។ ពោល ប្រជាជន​ពឹងផ្អែក​យ៉ាងខ្លាំង ទៅលើ​ការ​ត្រ​ង និង​រក្សា ទឹកភ្លៀង​ទុក សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន​។ នៅ​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​ពីរ ដែល​ស្ថិតក្នុង​តារាង​ប្រទេស​ដែលមាន​វិបត្តិ​ទឹក​ធ្ងន់ធ្ងរ​។ បន្ទាប់ពី​កម្ពុជា គឺ​ប្រទេស​ឡាវ​។ ដោយឡែក ប្រទេស​ចំនួន​៨​ទៀត រួមមាន​អា​ហ្វ​ហ្គានី​ស្ថាន​, អេត្យូ​ពី​, ឆាដ​, ហៃ​ទី​, ប៉ា​គី​ស្ថាន​, ស៊ី​រី​, អេ​ហ្ស៊ី​ប និង​សូ​ម៉ាលី​។ 

​គួរ​កត់សំគាល់ថា ការចុះផ្សាយ​ដោយ​គេហទំព័រ Missions Box បែបនេះ ចំពេល​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​ខ្វះ​ទឹក​ប្រើប្រាស់ តួយ៉ាង​ដូចជា ស្រុក​គាស់ក្រឡ​និង​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​ជាដើម ខណៈ​ខេត្តកោះកុង​ឯណោះ​វិញ កំពុង​មមាញឹក​នៅក្នុង​ការ​ត​បណ្តាញ​ទឹកស្អាត​ពី ខេត្ត​ត្រាត ប្រទេស​ថៃ មក​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនោះ នា​រដូវប្រាំង​ឆ្នាំនេះ អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង នឹង​អូសបន្លាយ​ក្នុង​រយៈពេល​យូរ ដែល​ធ្វើឲ្យ​តំបន់​មួយចំនួន កាន់តែ​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​៕

ព័ត៌មានផ្សេងទៀត