កម្ពុជា ​បង្ហាញ​កំណើន​​នៃ​ទំហំ​ពាណិជ្ជកម្ម​​ជាមួយ​​កូរ៉េខាងត្បូង​​

15-03-2019 10:11 am 1286
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក​មូន ចេ​អ៊ិន (Moon Jae-in) មកកាន់​កម្ពុជា គឺ​ស្ថិតនៅក្នុង​ទម្រង់​ទំនាក់ទំនង​ល្អ និង​សហប្រតិបត្តិការ​កាន់តែ​ប្រសើរ លើ​វិស័យ​នានា​បន្ថែមទៀត ក្នុងនោះ​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ គឺជា​ការងារ​ដ៏​សំខាន់ ខណៈ​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ បាន​កើនឡើង​ជា​លំដាប់​។​

​ទិន្នន័យ​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េខាងត្បូង បាន​កើនឡើង ពី​ជាង​២១៨​លាន​ដុល្លារ ដល់​ជាង​៧៤៦​លាន​ដុល្លារ​។ ក្នុងនោះ កម្ពុជា​នាំ​ចេញទៅ​កូរ៉េ​ចំនួន​ជាង​២០២​លាន​ដុល្លារ ខណៈ​កូរ៉េ​នាំចូល​មក​កម្ពុជា​វិញ​មាន​ចំនួន​ជាង ៥៤៣​លាន​ដុល្លារ​។​

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​កូរ៉េខាងត្បូង​មានដូចជា សម្លៀកបំពាក់ គ្រឿង​អេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និង​ក្រដាសកាតុង​។ ខណៈ​ទំនិញ​ដែល​កម្ពុជា នាំចូល​ពី​កូរ៉េ​ច្រើន​បំផុត​មាន ក្រណាត់​ត្បាញ រថយន្ត​ដឹកទំនិញ ភេសជ្ជៈ គ្រឿង​អេឡិកត្រូនិក គ្រឿង​ម៉ាស៊ីន វត្ថុ​តុបតែង​លម្អ​ផ្ទះ ឱសថ សាប៊ូ និង​ផលិតផល​ប្លា​ស្ទិក​។​

​បើតាម​ការអះអាង​ពី​លោក​ក្វុន ព្យុង​អូ (Kwon Pyung-oh) នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ (KOTRA) បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នឹង​រឹតតែ​រឹងមាំ​ថែមទៀត នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មូន ជែ​អ៊ិន នៅក្នុង​ប្រទេស​កម្ពុជា​។​

​ចំណែក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ  មាន​សុទិដ្ឋិនិយម​ថា តាមរយៈ​វេទិកា​ធុរកិច្ច​ដែល​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នឹង​រៀបចំ​រួមគ្នា​ក្នុងអំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ គឺ​នឹង​ទាក់ទាញ​បាន​វិនិយោគ​ពី​ប្រទេស​កូរ៉េ បន្ថែមទៀត​។​

​ជា​ការកត់សម្គាល់ កូរ៉េខាងត្បូង ក៏​ជា​ប្រទេស​ដែលមាន​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា​ធំ​មួយ​ផងដែរ​។ បើ​គិតពី​ឆ្នាំ​១៩៩៦ ដល់ ខែ​មករា ឆ្នាំ​២០១៩ ការវិនិយោគ​ដោយ​អ្នកវិនិយោគ​កូរ៉េខាងត្បូង មាន​ចំនួន ២១៤​គម្រោង ជាមួយ​ទំហំ​ទឹកប្រាក់​ប្រមាណ ៤.៤៧​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​គម្រោង​ទាំងនេះ​មាន ១២៣​គម្រោង គឺជា​រោងចក្រ​ដែលមាន​ទំហំ​ទុនវិនិយោគ​សរុប ៤៨៦​លាន​ដុល្លារ​អាមេរិក បង្កើត​ការងារ​ប្រមាណ ៨​ម៉ឺន​កន្លែង​៕

ព័ត៌មានផ្សេងទៀត