អ៊ីស្រាអែល​សងសឹក ដោយ​ទម្លាក់​គ្រាប់បែក លើ​ទីតាំង​ក្រុមហាម៉ាសប៉ាឡេ​ស្ទីន​

15-03-2019 9:38 am 1079
  ស្តាប់
ផ្សែងហុយអំឡុងពេលអ៊ីស្រាអែលវាយប្រហារទម្លាក់គ្រាប់បែកនៅក្នុង​តំបន់​Gaza Stripថ្ងៃទី១៥មីនាឆ្នាំ២០១៩
ស្តាប់ជាសំឡេង

​យន្តហោះ​យោធា​អ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​ក្រុម ហាម៉ាស នៅក្នុង​តំបន់​Gaza Strip នៅ​ថ្ងៃ​សុក្រ​ទី ១៥ ខែ​មីនា បន្ទាប់ពី​គ្រាប់​រ៉ុក្កែត​ចំនួន​ពីរ ត្រូវបាន​បាញ់​ចេញពី​តំបន់​ប៉ាឡេ​ស្ទីន ចូលទៅក្នុង​ទីក្រុង​តា​ល​អា​វីវ​ប្រទេស​អ៊ីស្រាអែល​។ ភ្លាមៗ​មិនទាន់មាន​ការ​បញ្ជាក់ថា មាន​មនុស្ស​របួស​ឬ​ស្លាប់ ក្នុង​ការវាយប្រហារ លើ​អាគារ​ដែល​ប្រើប្រាស់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម នេះ​នៅឡើយ​ទេ​។​

​អ៊ីស្រាអែល​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​នៅ​សុខៗ​ស្រាប់តែ​មាន​រ៉ុក្កែត​ហោះចូល​ក្រុង​ទីក្រុង​។ ដ្បិត​មិនដឹង​ច្បាស់​ថា នរណា​ជា​អ្នកបើក​ការវាយប្រហារ​នេះ​ក៏ដោយ ប៉ុន្តែ​អ៊ីស្រាអែល​កំណត់​អត្តសញ្ញាណ​រួចហើយ​ថា ជា​ក្រុម​សកម្ម​ប្រយុទ្ធ ហាម៉ាស ព្រោះ​នៅក្នុង​តំបន់ Gaza Strip មានតែ​ក្រុម​នេះ​ទេ តែងតែ​បង្ក​ការរំខាន​ដល់​អ៊ីស្រាអែល​។ ដូច្នេះ ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​គ្រាប់​រ៉ុក្កែត ដែល​បាញ់​ចេញ​តំបន់​របស់​ពួកគេ​។ នេះ​បើតាម​ការអះអាង​ពី អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​។​

​យ៉ាងណាក៏ដោយ ក្រុម​សកម្មប្រយុទ្ធ ហាម៉ាសបដិសេធថា មិនបាន​ពាក់ព័ន្ធ នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​នោះទេ​។ មេដឹកនាំ​របស់​ពួកគេ បាន​ជួប​ជាមួយ​គណៈប្រតិភូ​អេ​ហ្ស៊ី​ប ដើម្បី​ពិភាក្សា​ស្វែងរក​បទ​ឈប់​បាញ់​រយៈពេល​វែង​ជាមួយ​អ៊ីស្រាអែល ហេតុនេះ​គ្មាន​មូលហេតុ​អ្វី ដែល​ក្រុមហាម៉ាសត្រូវធ្វើ​បែប​នេះឡើយ​។ ចំណែក​ក្រុម​អ៊ីស្លាម​ជី​ហាដ និង​គណៈកម្មាធិការ​តស៊ូ​ប្រជាធិបតេយ្យ​ដែលជា​ក្រុម​ប្រដាប់អាវុធ​តូចៗ​ចំនួន​ពីរ នៅ Gaza ក៏បាន​បដិសេធ​ការទទួលខុសត្រូវ​នេះ​ដែរ​។​

​បើតាម​ក្រុមអ្នកវិភាគ​អ៊ីស្រាអែល​និយាយថា កា​វាយប្រហារ​ដោយ​រ៉ុក្កែត​ចូលក្នុង​រដ្ឋធានី​អ៊ីស្រាអែល ទំនងជា​ថ្វីដៃ របស់​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​។ ពួក​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន ប្រហែល​មិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​ណាមួយ ដែល​ធ្វើឡើង​ដោយ​ក្រុម​ហាម៉ាសនិង​អ៊ីស្រាអែល​។​

​គួរ​កត់សំគាល់ថា នេះ​ជា​លើកទីមួយ​ហើយ ដែលមាន​ការវាយប្រហា​រ​ចូលដល់​រដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល ចាប់តាំងពី​ផ្ទុះ​ជម្លោះ​ទ្រង់ទ្រាយ​ធំ​រវាង​ក្រុម ហាម៉ាសនិង​អ៊ីស្រាអែល​ឆ្នាំ​២០១៤​មក​។ ពោល បន្ទាប់ពី​មាន​ការសម្របសម្រួល ពី​អេ​ហ្ស៊ី​ប​និង​អង្គការសហប្រជាជាតិ ភាគី​ទាំង​ពីរបាន​ផ្ទុះ​ការប៉ះទង្គិច​គ្នា​ក្នុង​ទម្រង់​តូចៗ​ប៉ុណ្ណោះ​។ ភាព​តានតឹង​បាន​កើនឡើង​ខ្ពស់​កាលពី​ឆ្នាំ​កន្លងទៅ នៅតាម​បណ្តោយ​ព្រំដែន​អ៊ីស្រាអែល - ហ្គា​ហ្សា ចាប់តាំងពី​ប្រជាជន​ប៉ាឡេ​ស្ទីន បានចាប់ផ្តើម​ធ្វើបាតុកម្ម​ដោយ​ហិង្សា​ក្បែរ​របង​ព្រំដែន​របស់​អ៊ីស្រាអែល ប្រឆាំងនឹង​ការប្តូរ​រដ្ឋធានី​អ៊ីស្រាអែល មកកាន់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​។ ជា​ញឹកញាប់​ពួក​បាតុករ តែងតែ​រង​នូវ​ការបង្ក្រាប​យ៉ាង​សាហាវ ពី​យោធា​អ៊ីស្រាអែល​។ ប្រជាជន​ប៉ាឡេ​ស្ទីន​ប្រហែល ២០០ នាក់ ត្រូវ​បានសម្លាប់ នៅក្នុង​ការធ្វើ​បាតុកម្ម ហើយ​ប្រជាជន​ប៉ាឡេ​ស្ទីន​ប្រមាណ ៦០ នាក់​ទៀត បាន​ស្លាប់​នៅក្នុង​ឧប្បត្តិហេតុ​ផ្សេងទៀត រួមមាន​ការផ្ទុះអាវុធ​ឆ្លងកាត់​ព្រំដែន​ជាដើម​។ ចំណែក​អ៊ីស្រាអែល​វិញ មាន​ទាហាន​អ៊ីស្រាអែល​ពីរ​នាក់​ត្រូវ​បានសម្លាប់​៕

ព័ត៌មានផ្សេងទៀត