វត្តមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​កម្ពុជា ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​កិច្ច​ទំនាក់ទំនង​

14-03-2019 4:54 pm 397
  ស្តាប់
ស្តាប់ជាសំឡេង

​លោក មូន ចេ​អ៊ីន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​១៤ ខែ​មីនា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ជា​លើកដំបូង​របស់​លោក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មីនា​។

​បើតាម​តាម​ការប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានឲ្យដឹងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក មូន ចេ​អ៊ីន នឹង​ចូលគាល់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ព្រះបរមរាជវាំង ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ជួប​ជាមួយ​សហគមន៍​កូរ៉េ​នៅ​កម្ពុជា​។ ក្រោយ​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេចកី្តប្រកាស​ព័ត៌មាន​រួម​គ្នា​ផង​ដែ​រ​។​

​ទស្សនកិច្ច​លើកដំបូង​មក​កាន់​កម្ពុជា របស់​លោក​ប្រធានាធិបតីមូន ចេ​អ៊ីន គឺជា​ព្រឹតិ្តការណ៍ ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយ​នឹង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​។​

​គួរ​រម្លឹក​បន្តិច​ថា កម្ពុជា និង​កូរ៉េខាងត្បូង បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​១៩៩៧ ក្រោយ​ការផ្តួចផ្តើម​ដោយ​ផ្ទាល់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក គឹម យ៉ុង​សាន ដែល​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង នាពេលនោះ​។

​ដើម្បី​លើ​កម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កូរ៉េ​ខាងត្បូង​ចំនួន ៦​លើក រួមមាន​៖ ឆ្នាំ​១៩៩៦, ២០០១, ២០០៦, ២០០៨, ២០០៩ និង ២០១៤​។ ដោយឡែក អតីត​ថ្នាក់ដឹកនាំ​កំពូល​កូរ៉េខាងត្បូង ក៏​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ញឹកញាប់​នៅ​កម្ពុជា​ផងដែរ​។

​ផ្តើមចេញ​ពី​ទំនាក់ទំនង​ការទូត ដ៏​ល្អ​ប្រសើរ​នេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង ក៏​មាន​ភាពល្អប្រសើរ​ផងដែរ​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​ជា​បន្តបន្ទាប់​៕

ព័ត៌មានផ្សេងទៀត