លោក​ត្រាំ​ប្រកាស​ឲ្យ​ផ្អាកប្រើ​យន្តហោះ​ប៊ូ​អ៊ីង​737 Max​ទាំងអស់​

14-03-2019 3:07 pm 587
  ស្តាប់
ស្តាប់ជាសំឡេង

​នៅពេល​ប្រទេស​មួយចំនួន​ដូចជា ចិន សិង្ហ​បុរី ឥណ្ឌូនេស៊ី មិក​ស៊ិក ប្រេ​ស៊ីលនិង​កាណាដា​ជាដើម ផ្អើល​បញ្ឈរជើង​យន្តហោះ​ប៊ូ​អ៊ី​ញ​737 Max មិន​ឲ្យធ្វើ​ប្រតិបត្តិ​ការហោះហើរ អាមេរិក​នៅតែ​អះអាងថា​មាន​ទំនុកចិត្ត​លើ​សុវត្ថិភាព​របស់​យន្តហោះ​ម៉ូ​ដែល​នេះ​។ ប៉ុន្តែ​នៅ​ទីបំផុត​ទៅ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានសម្រេច​ឲ្យ​ផ្អាក​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​យន្តហោះ​ប៊ូ​អ៊ី​ញ​ទាំងអស់បណ្តោះអាសន្ន ​មិន​ថា ម៉ូ​ដែល 737 MAX 8 ឬ 737 MAX 9 ឡើយ​។  យន្តហោះ​ប៊ូ​អ៊ីង​737 Max មាន​ចំនួន​ជាង​៣០០​គ្រឿង កំពុង​ដាក់ឲ្យ​ធ្វើចរាចរណ៍​តាមផ្លូវ​អាកាសនៅ​ក្នុងពិភពលោក​។ លោក​ត្រាំ​បាន​ប្រាប់​អ្នកកាសែត​នៅ​សេត​វិមាន​ថា សុវត្ថិភាព​ប្រជាជន​អាមេរិក និង​ប្រជាជន​ទាំងអស់ គឺជា​ក្តីកង្វល់​ចម្បង​របស់​យើង​។​

​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​( FAA ) បាន​និយាយថា ការសម្រេច​ផ្អាក​ប្រើប្រាស់​យន្តហោះ​ប៊ូ​អ៊ី​ញ​737 Max ធ្វើឡើង ដោយ​ផ្អែកទៅលើ​ភស្តុតាង​ថ្មី ដែល​ទើប​ប្រមូលបាន នៅ​ទីតាំង​យន្តហោះ​ស៊េរី​នេះ​ធ្លាក់​នៅ​ជិត​ទីក្រុង Addis Ababa​ប្រទេស​អេត្យូ​ពី ក៏ដូចជា​ទិន្នន័យ​ពី​ផ្កាយរណ​បដែល​ទើប​រកឃើញ​ថ្មី​។ មិនទាន់មាន​ការបង្ហាញ​លម្អិត អំពី​ភស្តុតាង​ថ្មី ដែល​ទើបនឹង​រកឃើញ រហូត​ធ្វើឲ្យ​អាមេរិក​ដែល​ជាប្រទេស​ផលិតយ​ន្ត​ហោះ​ម៉ាក​នេះ សម្រេច​ផ្អាក​ប្រើប្រាស់​យន្តហោះ​ប៊ូ​អ៊ី​ញ​737 Max​នៅឡើយ​ទេ​។ FAA​អាមេរិក​នៅតែ​បន្ត​សហការ​ជាមួយ​អ្នក​ស៊ើបអង្កេត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ បណ្តាលឲ្យ​យន្តហោះ​ធ្លាក់ ខណៈ​ប្រទេស​អេត្យូ​ពី​ថា នឹង​បញ្ជូន​ប្រអប់​ខ្មៅ​យន្តហោះ​ទៅ​អឺរ៉ុប ដើម្បី​វិភាគ​ទិន្នន័យ​។​

​របាយការណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Ethiopian បានបង្ហាញ​ពី​ផល​លំបាក​របស់​អ្នក​បើក​យន្តហោះ គឺ​ស្រដៀង​ទៅនឹង​ផល​លំបាក ដែល​អ្នកបើក​យន្តហោះ​ប៊ូ​អ៊ី​ញ​Max របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ឥណ្ឌូនេស៊ី​ជួបប្រទះ មុន​ធ្លាក់​កាលពី​ខែតុលា​ឆ្នាំមុន​ដែរ​។ យោងទៅតាម​ទិន្នន័យ​ហោះហើរ​ មុនពេល​ធ្លាក់​អ្នកបើក​យន្តហោះ Lion Air បាន​ព្យាយាម​គ្រប់គ្រង​យន្តហោះ ខណៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិ MCAS បាន​រុញច្រាន​ច្រមុះ​យន្តហោះ ទាញ​ទម្លាក់​ចុះក្រោម​តែម្តង​។ 

​គួរ​ជម្រាបជូន​ដែរថា អាមេរិក ជា​ប្រទេស​ចុងក្រោយ ដែល​សម្រេច​ផ្អាក​ប្រតិបត្តិ​ការហោះហើរ​យន្តហោះ ប៊ូ​អ៊ូង​737 Max​។ រយៈពេល​មិន​ដល់​៦​ខែ​ផង យន្តហោះ​ម៉ូ​ដែល​នេះ បាន​ជួប​គ្រោះ​ធ្លាក់​បន្តបន្ទាប់​គ្នា ដល់​ទៅ​២​គ្រឿង​។ មួយគ្រឿង​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air​ឥណ្ឌូនេស៊ី ធ្លាក់​កាលពី​ខែតុលា​ឆ្នាំ​២០១៨ ផ្តាច់ជីវិត​មនុស្ស​ជិត​១៩០​នាក់ និង​មួយគ្រឿង​ទៀត ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី ធ្លាក់​កាលពី​ថ្ងៃទី​១០​មីនា​ឆ្នាំ​២០១៩ សម្លាប់​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​ចំនួន​១៥៧​នាក់​៕


ព័ត៌មានផ្សេងទៀត