តោះម​ក​ដឹង​ពី​ផ្លូវ​តម្រាយ​ផ្លូវ កុំឲ្យ​កកស្ទះពេល​ចូលរួម​បុណ្យ​ទន្លេ​!

14-03-2019 3:03 pm 122
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ជូនដំណឹង​ដល់​ពលរដ្ឋ ជា​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរដែល​ត្រូវ​ចរាចរណ៍​ចេញ​-​ចូល ចូលរួម​បុណ្យ​ទន្លេ​ត្រូវ​ពង្វាង​ចរាចរណ៍​តាមផ្លូវ​ដូចខាងក្រោម​៖

១. រថយន្ត​ធុន​ធ្ងន់​៖ ថ្ងៃទី​១៥-១៦-១៧ ខែ​មីនា ឆ្នាំ​២០១៩

-​ចាប់ពី​ម៉ោង ១២​ថ្ងៃត្រង់​ដល់​ម៉ោង​១២​យប់ (​ទិស​មក​ពី​ភ្នំពេញ​) ត្រូវធ្វើ​ចរាចរណ៍​តាមផ្លូវ​វាង (​ចេញ​-​ចូល​) ពី​ចំណុច​សួន​ដំរី​ស គីឡូម៉ែត្រ​លេខ ៨៦-៨៧ ស្ថិតក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង (​ទិស​មក​ពី​បាត់ដំបង​) ត្រូវធ្វើ​ចរាចរណ៍ (​ចេញ​-​ចូល​) តាមផ្លូវ​វាង​ព្រលានយន្តហោះ ខេត្ត​កំពង់ឆ្នាំង គីឡូម៉ែត្រ​លេខ ៩៧-៩៨ ស្ថិតក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង តាម​ផ្លាកសញ្ញា និង​ការចង្អុលបង្ហាញ​ផ្លូវរ​បស់​សមត្ថកិច្ច​។​
-​ចាប់ពី​ម៉ោង ១២​យប់ ដល់​ម៉ោង ១២​ថ្ងៃត្រង់ រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ត្រូវ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ជា​តិ​លេខ​៥ ជា​ធម្មតា​វិញ​។​

២. រថយន្ត​ធុន​ស្រាល​៖ ថ្ងៃទី​១៥-១៦-១៧ ខែ​មីនា ឆ្នាំ​២០១៩

-​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ជាធម្មតា (​ទាំង​២​ទិស​)​។​

-​ក្នុងករណី​កកស្ទះ​ចរាច​រណ៍ ដែល​កើតឡើង​ជា​យថាហេតុ រថយន្ត​ធុន​ស្រាល​ត្រូវធ្វើ​ចរាចរណ៍​តាម​ការចង្អុលបង្ហាញ​ផ្លូវ​វាង​របស់​សមត្ថកិច្ច ដែល​ឈរ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​។​

៣. អ្នកធ្វើ​ដំណើរ​តាម​ស្រឡាង​កំពង់លែង​៖ ស្នើ​ប្តូរ​ពី​ផែ​បច្ចុប្បន្ន​នៅ​ចុង​កោះ ទៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង​វិញ​។ ចំណែក​ចំណត​កំពង់​លែង​នៅ​ដដែល ដើម្បី​ជៀសវាង​ការប៉ះពាល់​ដល់​កីឡា​ប្រណាំង ចាប់ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មីនា ឆ្នាំ​២០១៩​។​

៤. ចំពោះ​ភ្ញៀវ​ដែល​បាន​ចូលរួម​កម្សាន្ត​បុណ្យ​ទន្លេ អាច​ធ្វើ​ចរាចរណ៍​ចូល​ក្រុង​កំពង់ឆ្នាំង ដោយ​សមត្ថកិច្ច​បាន​រៀបចំ​កន្លែង​ចំណត​យានយន្ត​ជូន​រួចជាស្រេច ចំនួន​១៨​កន្លែង នៅ​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​។​

​គួរបញ្ជាក់​ថា ក្នុង​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៥​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានបង្ហាញ​ការ​ក្តីរំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវទេសចរ​៥០​ម៉ឺន​នាក់​ចូលរួម​ទស្សនា​កម្សាន្ត​ខណៈ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ មាន​ការយកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ តាម​ដង​ទន្លេ​និង​ត្រូវ​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ ផលិតផល​ក្នុងស្រុក ព្រមទាំង​កម្ម​វិធី​សិល្បៈ ប្រកួត​កីឡា​ជាច្រើន​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត