ការប្រមូល​ផល​នេសាទ​​សម្រេចបាន​៩១​ម៉ឺន​តោន​ នាំចេញ​ជាង​១​ម៉ឺន​តោន​កាលពី​ឆ្នាំមុន​​

14-03-2019 2:46 pm 146
  ស្តាប់
ស្តាប់ជាសំឡេង

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានឱ្យដឹងថា​ការប្រមូល​ផល​នេសាទ​សម្រេចបាន​៩១​ម៉ឺន​តោន នៅ​ឆ្នាំ​២០១៨ និង​នាំចេញ​ផល​នេសាទ​ស្រស់ និង​កែច្នៃ​មាន​ជាង​១​ម៉ឺន​តោន ដោយ​ក្នុងនោះ​ផល​ចាប់ពី​ធម្មជាតិ និង​ផល​វារីវប្បកម្ម (​ចិញ្ចឹម​ត្រី​) សម្រេចបាន​ចំនួន​៩១០​ពាន់​តោន កើន​លើស​ឆ្នាំមុន​ចំនួន​៦.៣%។​

​លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ​ផល​ចាប់ពី​ធម្មជាតិ​និង​ផល​វារីវប្បកម្ម​(​ចិញ្ចឹម​ត្រី​)​សម្រេចបាន​ចំនួន​៩១០០០០​តោន កើន​លើស​ឆ្នាំមុន​ចំនួន​៦.៣% ក្នុងនោះ​ផល​នេសាទ​ទឹកសាប​សម្រេចបាន​៥៣៥០០០​តោន ផល​នេសាទ​សមុទ្រ​១២១០០០​តោន និង​ផល​វារីវប្បកម្ម​សម្រេច​បាន​ចំនួន ២៥៤០០០​តោន កើនឡើង​២២.៥% ធៀប​នឹង​ឆ្នាំ​២០១៧​។ ការបញ្ជាក់​ឱ្យដឹង​យ៉ាង​ដូច្នេះ​របស់លោក​ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។ 

​លោក​រដ្ឋមន្ត្រី​ឱ្យដឹងទៀតថា ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ ការកែច្នៃ​ផល​នេសាទ​ទឹកសាប និង​សមុទ្រ​សម្រេចបាន​៨៤០០០​តោន និង​ការនាំចេញ​ផល​នេសាទ​ស្រស់ និង​កែច្នៃ​អនុវត្តបាន​ជាង​១៤០០០​តោន​។ ដោយឡែក បទល្មើស​ជលផល​ជាង​៣,២០០​ករណី ត្រូវ​ក្រសួង​សហការ​បង្ក្រាប ហើយ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ មាន​ការថយចុះ​ចំនួន​៧២១​ករណី​។ ទន្ទឹមគ្នានេះ​លោក វេង សាខុន បាន​ឲ្យដឹងទៀតថា ឆ្នាំ​២០១៨ ក្រសួង​បាន​បង្កើត​សហគមន៍​នេសាទ​ចំនួន​៥១៦​សហគមន៍ ក្នុងនោះ​២៧​សហគមន៍ កំពុង​ប្រែ​ក្លាយទៅជា​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​។​

​ក្នុងចំណោម​សហគមន៍​ទាំងអស់ គឺ​ចែកចេញជា​សហគមន៍​នេសាទ​ទឹកសាប​មាន​ចំនួន​៤៧៥ និង​សហគមន៍​នេសាទ​សមុទ្រ​មាន​ចំនួន​៤១​សហគមន៍ ព្រមទាំង​មាន​សមាជិក​ដែលជា​ប្រជា​សហគមន៍ សរុប​ចំនួន​ជាង​៣៣២០០០​នាក់​។ កន្លែង​អភិរក្ស​ជលផល​សរុប​ទូទាំងប្រទេស មាន​ចំនួន​៦៦៥​កន្លែង និង​បង្កើត​ស្រះ​ជម្រក​ត្រី​សហគមន៍ បាន​ចំនួន​៨៨៤​កន្លែង​។​

​សូមបញ្ជាក់​ផងដែ​រថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​នាំចេញ​ផល​នេសាទ​បាន​១,៣​ម៉ឺន​តោន ក្នុងនោះ​នាំចេញ​ផល​នេសាទ​ស្រស់​បាន​៨៥០០​តោន និង​ផល​នេសាទ​កែច្នៃ​បាន​៤៥០០​តោន​។ ចំណែក​ចំណូល​បាន​ពី​វិស័យ​ជលផល​វិញ​មាន​ចំនួន ជិត​៣​ពាន់​លាន​រៀល​៕

ព័ត៌មានផ្សេងទៀត