ជប៉ុន​ផ្តល់​ថវិកា​ជាង​$២៦​ម៉ឺន អភិវឌ្ឍ​គម្រោង​៣​នៅ​ខេត្ត​២​របស់​កម្ពុជា​

14-03-2019 10:39 am 167
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ២៦២.៧៥០ ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន​៣ ក្រោម​គ្រោងការណ៍​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង នៃ​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ សម្រាប់​ការស្តារ​ប្រព័ន្ធ​ប្រឡាយ និង​កែលម្អ​បរិយាកាស​សិក្សា នៅ​ខេត្ត​ឧត្តរមានជ័យ និង​បាត់ដំបង ។ កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ក្រោម​វត្តមាន​លោក ហូ​រីណូ​អ៊ុជី ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​វិសាមញ្ញ​របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំងបី ...

​លោក ហូ​រីណូ​អ៊ុជី ហ៊ី​ដេ​ហ៊ីសា បាន​ថ្លែងថា គម្រោង​ទី​១ គឺ​សម្រាប់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ ។ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៨៩.០០០ ដុល្លារ​អាមេរិក សម្រាប់​ការស្តារ​ឡើង​វិញ​ទំនប់​អូរ​ស្នូក ។​

​លោក​ថា ប្រជាជន​ប្រមាណ ១.៣០០​នាក់ ត្រូវបាន​រំពឹងថា នឹង​ទទួលបាន​ទឹក​ស្រោចស្រព​ជា​ស្ថិរភាព ហើយ​ទំហំ​ដី​កសិកម្ម ដែល​ទទួល​បាន​ទឹក​ស្រោចស្រព ត្រូវបាន​ពង្រីក​ក្រោម​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​បាន​ស្តារឡើងវិញ ។​

​លោក​ឯកអគ្គរាជទូត​បន្តថា គម្រោង​ទី​២ សម្រាប់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បាត់ដំបង ។ រដ្ឋាភិបាល​ជប៉ុន ផ្តល់​ថវិកា​ប្រមាណ ៨៩.០០០ ដុល្លារ​អាមេរិក សម្រាប់​ការងារ​ស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រ​បឹង​ខ្ញុំ ។ គម្រោង​នេះ ត្រូវបាន​រំពឹងថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ​២៣០​នាក់ ក្នុង​តំបន់ ។​

​លោក​សង្ឃឹមថា ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ត្រូវបាន​ស្តារឡើងវិញ នឹង​រួមចំណែក​ក្នុង​ការផ្តល់​ទឹក​ស្រោចស្រព​បន្ថែមទៀត ដល់​វាលស្រែ និង​បង្កើន​ផលិតផល​កសិកម្ម ។​

​គម្រោង​ទី​៣ គឺ​សម្រាប់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​បាត់ដំបង ។ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៨៥.០០០ ដុល្លារ​អាមេរិក សម្រាប់​ពង្រីក​បរិក្ខារ​សាលារៀន និង​ដំឡើង​សម្ភារ​បណ្តុះបណ្តាល​ក្នុង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​បាត់ដំបង ។​

​លោក ហូ​រីណូ​អ៊ុជី ហ៊ី​ដេ​ហ៊ីសា បញ្ជាក់ថា តាមរយៈ​គម្រោង​នេះ សមត្ថភាព​របស់​គ្រូបង្រៀន និង​សិស្ស​ប្រមាណ​៣០០​នាក់ នឹង​ត្រូវបាន​ពង្រឹង និង​ជួយ​ធ្វើ​បច្ចុប្បន្នភាព​ជំនាញ​បច្ចេកទេស​របស់​ពួកគេ ដែល​ត្រូវការ​ពី​ឧស្សាហកម្ម​ពាក់ព័ន្ធ និង​ទីផ្សារ​ការងារ ៕

ព័ត៌មានផ្សេងទៀត