សមាជិកសភា​អង់គ្លេស មិន​ព្រម​ដកខ្លួន​ចេញពី​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង​ឡើយ​

14-03-2019 9:40 am 345

​សមាជិកសភា​អង់គ្លេស បាន​បោះឆ្នោត​ច្រានចោល គំនិត​ផ្តួចផ្តើម​នៅក្នុង​ការចាក​ចេញពី​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង នៅ​យប់​ថ្ងៃទី​១៣​មីនា​។ ដំណាក់កាល​បន្ទាប់ សភា​នឹង​បន្ត​រៀបចំ​ការបោះឆ្នោត ដើម្បី​ស្វែងរក​សំឡេងគាំទ្រ ស្នើសុំ​សហភាព​អឺរ៉ុប​ពន្យារ​កាលបរិច្ឆេទ​សម្រាប់​ការចាកចេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការរៀបចំ​ការបោះឆ្នោត​បន្តបន្ទាប់​គ្នា​នេះ ក្រោយពី​សមាជិកសភា​អង់គ្លេស កាលពី​ថ្ងៃទី​១២​មីនា បាន​បោះឆ្នោត បដិសេធ​មិន​ទទួលយក​កិច្ចព្រមព្រៀង ចាកចេញ​ពី​អឺរ៉ុប ដែល​លោកស្រី​ធា​រី សា​មេ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​។ ពេលវេលា​ចាកចេញ​ពី​អឺរ៉ុប​កាន់តែ​ខិតជិត​មកដល់ នៅ​ថ្ងៃទី​២៩​មីនា​ទៅហើយ តែ​សមាជិកសភា​អង់គ្លេស នៅតែ​មិនទាន់​ឯកភាពគ្នា​លើ​ច្រកចេញ​រួម​ណាមួយ​នៅឡើយ​ទេ​។ ពួក​សមាជិកសភា បាន​បោះឆ្នោត​មិន​ព្រម​ទទួលយក​កិច្ចព្រមព្រៀង​ចេញពី​សហភាព​អឺរ៉ុប ចំនួន​២​ដង​មកហើយ ដោយ​ម្តង​នៅ​ខែមករា​។ ក្រោយ​បរាជ័យ​លើកទីមួយ​លោកស្រី​មេ​បានរ​ត់ទៅ​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ម្តងទៀត​ជាមួយ​អឺរ៉ុប មុន​បោះឆ្នោត​ជាថ្មី​នៅ​ថ្ងៃទី​១២​មីនា តែ​ត្រូវ​សមាជិកសភា​លោកស្រី បោះឆ្នោត​បដិសេធ​កិច្ចព្រមព្រៀង ចាកចេញ​ពី​អឺរ៉ុប​ជា​លើក​ទី​ពីរ​ទៀត​។​

​មធ្យោបាយ មានតែ​សុំ​អឺរ៉ុប​ពន្យារពេល​ចាកចេញ​។ សម្រាប់​សហភាព​អឺរ៉ុប​បាន​និយាយ​រួចហើយ​ថា នឹង​គ្មាន​ការកែប្រែ​ខ្លឹមសារ​ណាមួយ នៅក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រួចហើយ​នោះទេ​។ អ្វីៗ​អឺរ៉ុប​បានធ្វើ​អស់ពី​លទ្ធភាព ដើម្បី​ជួយ​អង់គ្លេស​ចាកចេញ ដោយ​សុវត្ថិភាព​ហើយ ដូច្នេះ​ស្ថិតនៅលើ​សមាជិកសភា​អង់គ្លេស​ទាំងអស់ ជា​អ្នកដោះស្រាយ​ដោយ​ខ្លួនឯង​។ តែបើចង់សុំពន្យារពេល គឺសហភាពអឺរ៉ុបយល់ព្រម។ តែក៏មិនអាចអូសបន្លាយយូរបានដែរ ព្រោះតែអឺរ៉ុបត្រូវរៀបចំការបោះឆ្នោតនៅចុងខែឧសភាខាងមុខ ដូច្នេះធ្វើយ៉ាងណាអង់គ្លេសត្រូវបញ្ចប់រឿងរ៉ាវនេះឲ្យបានមុនការបោះឆ្នោត៕

ព័ត៌មានផ្សេងទៀត