សមត្ថកិច្ច​ចាប់បាន​គ្រឿង​សមុទ្រ​ផ្ទុក​សារ​ជាតិគីមី​ជាង​៧​តោន​នាំចូល​ពី​វៀតណាម​

14-03-2019 9:14 am 528
  ស្តាប់
ស្តាប់ជាសំឡេង

​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​បាន​បង្គា និង​គ្រឿង​សមុទ្រ​ផ្ទុក​សារជាតិ​គីមី​ចំនួន​ជាង​៧​តោន នាំចូល​ពី​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ។ ក្រោយ​ត្រួតពិនិត្យ វត្ថុតាង​ទាំងអស់ ត្រូវបាន​ដកហូត ដោយ​យក​មួយ​ចំនួន​ទៅ​ពិសោធន៍ និង​បញ្ជា​ឱ្យ​យក​គ្រឿង​សមុទ្រ​ដែល​ផ្ទុក​សារជាតិ​គីមី​ទាំងនោះ ទៅ​ដុត​កម្ទេច​ចោល​នៅ​ល្ងាច​ថ្ងៃ​ដដែល ...

​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បង្ក្រាប​ករណី​នាំចូល​បង្គា និង​គ្រឿង​សមុទ្រ​មាន​សារជាតិ​គីមី​ចំនួន ៣៧៦​កេស ស្មើ​នឹង​ប្រមាណ ៧.៥២០ គីឡូក្រាម នាំចូល​ពី​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ។​

​សមត្ថកិច្ច​បាន​ចាប់​ឃាត់​រថយន្ត​ចំនួន​៣​គ្រឿង ដែល​ដឹក​បង្គា​និង​គ្រឿង​សមុទ្រ​ទាំងនោះ នៅត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៥ ផ្លូវជាតិ​លេខ​៣ ។ ក្រោយ​ត្រួតពិនិត្យ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​បង្គា​មាន​ចាក់​សារធាតុ​ម្យ៉ាង ខាប់​ដូច​ចាហួយ​ចូល​ក្បាល​បង្គា និង​គ្រឿង​សមុទ្រ​មួយ​ចំនួន​ដោយ​គ្មាន​ការអនុញ្ញាត ។​

​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បាន​សម្រេច​ឱ្យ​ដកហូត​រក្សាទុក​ជា​បណ្តោះ​អាសន្ន នៅ​នាយកដ្ឋាន និង​យក​វត្ថុតាង​មួយ​ចំនួន ទៅ​ពិសោធន៍​រក​សារធាតុ​ហាមឃាត់ បន្ទាប់មក បាន​បញ្ជា​ឱ្យ​យក​បង្គា​ដែល​ចាក់​បញ្ចូល​សារធាតុ​គីមី​ទាំងនោះ ទៅ​ដុត​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក នៅ​ល្ងាច​ថ្ងៃ​ដដែល ។​

​ចំណែក​ឯ​រថយន្ត​ទាំង​៣​នោះ រួមមាន រថយន្ត​ម៉ាក HYUNDIA ស្លាក​លេខ 3A-0869 មួយគ្រឿង​, ម៉ាក​សាំង​យ៉ុង​កែច្នៃ 2A-0342 មួយគ្រឿង និង​ម៉ាក HYUNDIA គ្មាន​ស្លាក​លេខ​មួយគ្រឿង ។ ដោយឡែក អ្នកបើកបរ​រថយន្ត​ចំនួន​៣​នាក់ ត្រូវបាន​នាំ​ខ្លួន​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន ដើម្បី​ស្វែងរក​ម្ចាស់ បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ៕

ព័ត៌មានផ្សេងទៀត