អាជ្ញាធរ​អប្សរា​ចាប់ផ្តើម​កែសម្រួល​ផ្លូវ​ថ្មើរជើង​ថ្មី​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

13-03-2019 5:03 pm 185
  ស្តាប់
ស្តាប់ជាសំឡេង

​លោក សុខ សង្វា​រ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការងារ​នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក​បង្ហាញ​ពី​មូលហេតុ​ចម្បង​នៃ​ការកែសម្រួល​ផ្លូវ​ដើរ ដោយ​លោក​លើកឡើង​ថា ផ្លូវ​ចាស់​រាល់ថ្ងៃ គ្រួស​និង​ថ្ម​មិច​បាន​ខ្ទាត​គ្រាប់​ថ្ម​ចេញពី​ផ្លូវ​អស់​ច្រើន​ហើយ រាល់​ពេល​ធ្វើដំណើ​រតែង​បង្ក​សំឡេង​រំខាន​និង​ស្រុតៗ ហើយ​ជួនកាល​ទៀត​គ្រាប់​គ្រួស​ទាំងនោះ បាន​ជាប់​តាម​ស្បែកជើង​ទៅ​ជ្រុះ​លើ​ថ្ម​ប្រាសាទ​ក៏មាន​ដែរ​។​

​លោក​បន្តថា ក្រោយ​ទទួលបាន​យោបល់​និង​មាន​ការឯកភាព​ពី​អ្នកជំនាញ​នៅក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ក្រុម​ការងារ​សម្រេច​កែ​លម្អ​ផ្លូវ​នេះ​ឡើងវិញ ដោយ​ប្រមូល​គ្រួស​ថ្ម​មិច​ដែលមាន​ស្រាប់​ចេញ ដាក់​បង្ហាប់​ដីល្បាយខ្សាច់ បង្ហាប់​គ្រួស​ពីលើ ដាក់​ដីល្បាយខ្សាច់ ធ្វើ​ជា​ជម្រាល​ខ្នង​អណ្តើក​ដើម្បី​សម្រួល​ទឹក​ហូរ​លឿន និង​មាន​ដាំ​បង្គោល​អម​សងខាង​ផ្លូវ​ដើម្បី​ការពារ​ការដើរ​ជាន់​ស្មៅ​។ ម្យ៉ាងទៀត​វត្ថុ​ធាតុ​ដែល​យក​មក​ធ្វើ​មាន​គ្រួស​ថ្ម​មិច ដី​ល្បាយខ្សាច់ ស៊ីចង្វាក់​ជាមួយ​ទេសភាព​ស្មៅ និង​ប្រាសាទ​ជាដើម​។​

​ការសម្រេច​លុបចោល​ផ្លូវ​ដើរ​ខ្លះ ដោយសារ​តែ​ផ្លូវ​ដើរ​ទាំង​នោះ ភ្ញៀវទេសចរ​នាំគ្នា​ដើរកាត់​វាលស្មៅ​បន្តិច​ម្តងៗ បង្កើតបាន​ជា​ផ្លូវ​ដើរ​ទាំង​ដែល​មិន​មាន​គម្រោង មិន​មាន​ទំហំ​ច្បាស់លាស់ មិន​មាន​របៀបរៀបរយ ខ្វាត់ខ្វែង​មិន​ល្អមើល​។​ចំណែក​ការបន្ថែម​ផ្លូវ​ថ្មី​មួយចំនួនទៀត គឺ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង​ឲ្យមាន​របៀបតាម​ការរៀបចំ​របស់​មន្ត្រី​ជំនាញ​។​

​តាមរយៈ​គម្រោង​ផ្លូវ​ថ្មី​ទាំងនេះ ក្រុមការងារ​នឹងត្រូវ​ដាំ​ស្មៅ​នៅ​ខាងចុង​ផ្លូវ​ប្រវែង​៥​ម៉ែត្រ​មុន ដើរ​ឡើង​លើ​ថ្ម​ប្រាសាទ​។​ការដាំ​ស្មៅ​នៅ​ខាងចុង​ផ្លូវ​នេះ នឹង​ជួយ​ក្នុងការ​ជម្រុះ​នូវ​គ្រាប់​គ្រួស ឬ​ដី​ធូលី​ផ្សេងៗ ដែល​ជាប់​តាម​ស្បែកជើង​មុននឹង​ឡើង​លើ​ថ្ម​ប្រាសាទ ដែល​រួមចំណែក​ក្នុង​ការថែរក្សា​នូវ​សោភណភាព​ប្រាសាទ ក៏ដូចជា​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​៕

ព័ត៌មានផ្សេងទៀត