រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស្នើ​មន្ត្រី​វែកមុខ​ឈ្មូញ​ខិលខូ​ចមក​ផ្តន្ទាទោស​តាមច្បាប់​

13-03-2019 4:53 pm 161
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ឱ្យ​មន្ត្រីក្រោមឱវាទ រឹតបន្តឹង​ការត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​ឱ្យ​ហ្មត់ចត់ ពិសេស​វែកមុខ​ឈ្មួញ​ខិលខូច​មក​ផ្តន្ទាទោស​តាមច្បាប់ ។ លោក​បាន​លើកឡើង​បែប​នេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​១១-១២ ខែ​មីនា...

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានស្នើ​មន្ត្រី​កាំកុងត្រូល​ទាំងអស់ រឹតបន្តឹង​ការត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​ឱ្យបាន​ហ្មត់ចត់ ដោយ​មិន​គ្រាន់តែ​ដកហូត​ទំនិញ​ខូច​គុណភាព​ប៉ុណ្ណោះ​ទេ តែ ត្រូវ​បន្ត​វែកមុខ​ឈ្មួញ​ខិលខូច​ដែល​នាំចូល​ទំនិញ​ទាំងអស់ និង​អ្នកពាក់ព័ន្ធ យក​មក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​អ្នកប្រើប្រាស់​ទូទាំងប្រទេស ។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​តួនាទី និង​ការទទួលខុសត្រូវ​របស់​មន្ត្រី​សាខា​កាំកុងត្រូល​ទាំងអ​ស់ ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន តាមរយៈ​ការពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ ការ​គាំពារ​អ្នកប្រើប្រាស់ និង​ការបង្ក្រាប​សកម្មភាព​ធុរកិច្ច​មិន​ស្មោះត្រង់ ដែល​អាច​បង្ក​នូវ​ហានិភ័យ​ផ្សេងៗ​ដល់​សុខមាលភាព​ប្រជាជន បរិស្ថាន និង​សេដ្ឋកិច្ច​ជាតិ ។​

​លោក​បន្ថែមថា បច្ចុប្បន្ន ក្រសួង​ពាណិជ្ជកម្ម​កំពុង​ចងក្រង​ច្បាប់​សំខាន់ៗ​ចំនួន​៣ ដើម្បី​ពង្រឹង​តួនាទី ភារកិច្ច និង​ពង្រីក​ដែន​សមត្ថកិច្ច​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ឱ្យមាន​លក្ខណៈ​ច្បាស់លាស់ និង​កាន់តែ​មាន​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​សុវត្ថិ​ភាព​ម្ហូបអាហារ ការពារ​អ្នកប្រើប្រាស់ និង​ធានា​ការធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​សមធម៌ នៅក្នុង​ប្រទេស​កម្ពុជា ។​

​លោក​សង្កត់ធ្ងន់​ថា ពេល​ច្បាប់​ទាំង​៣​នេះ​អនុម័ត មន្ត្រី​កាំកុងត្រូល​របស់​យើង​នឹង​មាន​សមត្ថកិច្ច​កាន់តែ​ខ្លាំង ក្នុង​ការទប់ស្កាត់​ការផលិត និង​ចែកចាយ​ទំនិញ​ក្លែងក្លាយ គ្មាន​គុណភាព ឬ​ខូចគុណភាព ព្រមទាំង​ផ្អាក​សកម្មភាព​ធុរកិច្ច​ទុច្ចរិត ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ទំនិញ ឬ​សេវាកម្ម និង​លើកទឹកចិត្ត​អ្នករកស៊ី​ត្រឹមត្រូវ ឱ្យ​ពង្រីក​ធុរកិច្ច ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាមួយ​រាជរដ្ឋាភិបាល ៕

ព័ត៌មានផ្សេងទៀត