សមាជិកសភា​អង់គ្លេសទាត់ចោល​កិច្ចព្រមព្រៀង​ចេញពី​អឺរ៉ុបជា​លើក​ទី​ពីរ​

13-03-2019 3:31 pm 157
  ស្តាប់
លោកស្រីធារីសាមេពេលនិយាយទៅកាន់សមាជិកសភាក្រោយដឹងលទ្ធផលបោះឆ្នោត
ស្តាប់ជាសំឡេង

​ថ្ងៃទី​១២​ខែ​មីនាឆ្នាំ​២០១៩ សភា​អង់គ្លេស​បានរៀបចំ​ការ​បោះឆ្នោត ស្វែងរក​ការគាំទ្រ លើ​កិច្ចព្រមព្រៀង​ចេញពី​សហភាព​អឺរ៉ុប​ជា​លើក​ទី​ពីរ​។ លទ្ធផល​ក៏​មិន​ខុសពី​លើក​ទី​១ ដែល​បាន​បោះឆ្នោត​កាលពី​ខែមករា​កន្លងទៅ​នោះដែរ ដោយ​សមាជិកសភា​ភាគច្រើន បាន​បោះឆ្នោត​ប្រឆាំង​។ ពោល ក្នុងចំណោម​សមាជិកសភា​សរុប​ចំនួន​៣៩១​នាក់ មាន​២៤២​នាក់​បោះ​មិន​គាំទ្រ​។ មាន​ចំណុច​មួយចំនួន ដែល​ក្រុម​សមាជិកសភា​មិន​ពេញចិត្ត តែ​ចំណុច​ដែល​សំខាន់បំផុត គឺ​ទាក់ទង​លក្ខខណ្ឌ កំណត់​យក​ដែនដី​អៀរ​ឡង់​ខាងជើង របស់​អង់គ្លេស និង​ប្រទេស​អៀរ​ឡង់ ធ្វើជា​ព្រំដែន​រវាង​អង់គ្លេស ជាមួយ​សហភាព​អឺរ៉ុប ក្រោយ​អង់គ្លេស​ផ្តាច់ខ្លួន​។ 

​ភ្លាមៗ ក្រោយ​បរាជ័យ​មិនអាច​ស្វែងរក​សំឡេងគាំទ្រ​កិច្ចព្រមព្រៀង​បាន លោកស្រី​ធា​រី សា​មេ​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​និយាយ​ទៅកាន់​សមាជិកសភា ដោយ​សម្តែង​ការខកចិត្ត ចំពោះ​លទ្ធផល​បោះឆ្នោត​នេះ​។  ព្រោះ​លោកស្រី​បាន​ខិតខំ​ប្រឹងប្រែង​ចរចា សម្របសម្រួល​ជាមួយ​សហភាព​អឺរ៉ុប​មិនតិច​ដង​នោះឡើយ ទម្រាំ​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ ហើយ​មុន​ការបោះឆ្នោត​មួយថ្ងៃ លោកស្រី​ក៏បាន​ទៅ​ជួប ពិភាក្សា​សម្រេច​ចុងក្រោយ ជាមួយ​អឺរ៉ុប​នៅឯ​ប្រទេស​បារាំង​ទៀត​។ 

​ឈរ​នៅ​កណ្តាល​អង្គប្រជុំ អមដោយ​សមាជិកសភា​អង្គុយ​ជុំវិញ នាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ បាន​និយាយ​ដោយ​សំឡេង​មិនសូវ​លះ ព្រោះតែ​មាន​ជំងឺ​ផ្តាសាយ​ថា កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចរចា គឺជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​បំផុត​ហើយ​។ បើ​កិច្ចព្រមព្រៀង​នេះ នៅតែ​មិនអាច​អូសទាញ​សមាជិកសភា ឲ្យទទួល​យកបាន​ទៀត នោះ​នឹងមាន​ការរៀបចំ​បោះឆ្នោត​ថ្មី​មួយ នៅ​ថ្ងៃ​ពុធ​ទី​១៣​មីនា ដើម្បី​ស្វែងរក​ការគាំទ្រ ការចាកចេញ​ពី​សហភាព​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ ជំហាន​បន្ទាប់ បើ​ការបោះឆ្នោត​នេះ​នៅតែ​បរាជ័យ​ទៀត លោកស្រី​មេ នឹង​សុំ​ពន្យារពេល​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​។ តាម​ការកំណត់ អង់គ្លេស​ត្រូវ​ចាកចេញ​ពី​អឺរ៉ុប នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩ តែ​ពេលវេលា​កាន់តែ​ខើច សមាជិកសភា​អង់គ្លេស នៅតែ​មិនទាន់​អាច​រកឃើញ​ច្រកចេញ​រួម​នៅឡើយ​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​Jean-Claude Juncker បាន​និយាយប្រាប់​លោកស្រី​មេ កាលពី​ថ្ងៃ​ចន្ទ​ថា នឹង​គ្មានអ្វី​ត្រូវ​ថែមថយ នៅក្នុង​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ​ទៀត​ទេ​។ បើ​សមាជិកសភា​លោកស្រី នៅតែ​ជំទាស់​កិច្ចព្រមព្រៀង រួច​ក៏​មិន​ជ្រើស​យក​ការចាកចេញ​ពី​អឺរ៉ុប ដោយ​គ្មាន​កិច្ចព្រមព្រៀង ហើយ​ចង់​សុំ​ពន្យារពេល​ចាកចេញ គឺ​អឺរ៉ុប​យល់ព្រម​។ មេដឹកនាំ​នៃ​ប្រទេស ដែលជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​២៧​ប្រទេស នឹង​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២១​និង​២២​ខែមីនា​នេះ​។ ប៉ុន្តែ​ការពន្យារពេល​នេះ បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ធ្វើយ៉ាងណា​ឲ្យបាន​ចប់ មុន​អឺរ៉ុប​រៀបចំ​ការបោះឆ្នោត នៅ​ចុង​ខែឧសភា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត