អាមេរិក​ប្រកាស​ដក​បុគ្គលិក​ការទូត​ដែល​នៅសល់ ចេញពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

12-03-2019 3:25 pm 255
  ស្តាប់
ស្តាប់ជាសំឡេង

​អាមេរិក​បាន​សម្រេចកា​លពី​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ ស្តីពី ការដក​បុគ្គលិក​ការទូត​អាមេរិក​ប្រចាំ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា និង​កាត់បន្ថយ បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ស្ថានទូត ឲ្យនៅ​ក្នុង​កម្រិត​តិច​បំផុត ខណៈដែល​គេ​យល់ឃើញថា វត្តមាន​នៃ​បុគ្គលិក​ការទូត​អាមេរិក នៅ​ស្ថានទូត បាន​ក្លាយជា​ឧបសគ្គ​មួយ ចំពោះ​គោលនយោបាយ​សហ​រដ្ឋ​អាមេរិក​។ ការ​នេះ ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ស្ថានភាព​នៅ​ក្នុងប្រទេ​ស​វេ​ណេ​ហ្ស៊ូ​អេ​ឡា កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​។ នេះ​បើតាម​ការឲ្យដឹង ពី​ក្រសួងការបរទេស​អាមេរិក​។​

​ដូចដែល​បានសម្រេច​ក្នុង​ខែមករា ក្រសួង​ការបទេស​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ បានប្រកាស​ដក​បុគ្គលិក​ការទូត​ដែល​នៅ​សេសសល់ ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ឲ្យ​អស់ នៅក្នុង​សប្តាហ៍​នេះ​តែម្តង​។ ប៉ុន្តែ​ក្រសួង​នេះ មិន​បានបញ្ជាក់​ទេ​ថា នឹង​ចាប់ផ្តើម​បញ្ជូន​បុគ្គលិក​របស់ខ្លួន​ចេញពី​ស្ថានទូត ក្នុង​ទីក្រុង​កា​រ៉ា​កាស នៅពេលណា​ជាក់លាក់​នោះទេ​។ 

​ស្ថានភាព​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ក្រៅពី​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច​មិនទាន់​ដោះស្រាយបាន ហើយ​មេ​បក្សប្រឆាំង​បន្ត​បំផុសបំផុល ឲ្យ​អ្នកគាំទ្រ​ចូលរួម​តវ៉ា ដើម្បី​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង ថ្មីៗ​នេះ ស្រាប់តែ​វេ​ណេ​ហ្ស៊ូ​អេ​ឡា ជួបប្រទះ​នូវ​ហេតុការណ៍​ដាច់​ច​រន្ធ​អគ្គស​នី​ទ្រង់ទ្រាយ​ធំ​បន្តបន្ទាប់​។ វេ​ណេ​ហ្ស៊ូ​អេ​ឡា​បានប្រកាស បន្ត​ផ្អាក​ដំណើរការ​សាលារៀន និង​សកម្មភាព​អាជីវកម្ម​នានា​នៅ​ថ្ងៃ​អង្គារ​នេះ ដោយសារតែ​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​។ ការ​ដាច់​ច​រន្ធ​អគ្គិសនី ចំពេល​ស្ថានភាព​ក្នុងប្រទេស​ហាក់​មិន​នឹងនរ លោក​ម៉ា​ឌូ​រ៉ូ​ចោទ​អាមេរិក ជា​អ្នក​នៅ​ពីក្រោយ​ក្រុមចោរ​ព័ត៌មានវិទ្យា ចូល​វាយលុក​ប្រព័ន្ធ​អគ្គស​នី​។​

​អាមេរិក​ធ្លាប់​ត្រូវបាន​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា ប្រកាស​ផ្តាច់​ទំនង​ទំនងជា​មួយ ព្រោះតែ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ប្រកាស ប្រឆាំងនឹង​រូបលោក​ដោយ​ចំហ ហើយ​គាំទ្រ​លោក​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ជូ​អាន ហ្គៃ​ដូ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទៀត​។ លោក​ម៉ា​ឌូ​រ៉ូក៏​ស្អប់​អាមេរិក មិន​ចាញ់​អាមេរិក​ស្អប់​លោក​ប៉ុន្មាន​ដែរ ដែល​សូម្បីតែ​ជំនួយ​មនុស្សធម៌​អាមេរិក សម្រាប់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដឹក​មកដល់​របង​ផ្ទះ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ទៅហើយ ក៏​លោក​ម៉ា​ឌូ​រ៉ូ បដិសេធ​មិន​ទទួលយក​ដែរ ព្រោះ​យល់ថា​ជំនួយ​នេះ មាន​បង្កប់​ផែនការ​មិនល្អ​ចំពោះ​រូបលោក​៕ 

ព័ត៌មានផ្សេងទៀត