ពលរដ្ឋ​ទីក្រុង​ភ្នំពេញ​ផ្តើម​ចាប់អារម្មណ៍​ងាក​មក​ដាំ​ដំណាំ​ដោយ​ខ្លួនឯង​

12-03-2019 2:28 pm 260
  ស្តាប់
ស្តាប់ជាសំឡេង

​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ល្បីឈ្មោះ​មួយរូប បាន​រៀបចំ​សិក្ខាសាលា​ផ្ទេរ​ចំណេះដឹង ស្តីអំពី «​សួន​ដំណាំ​គ្រួសារ​» ទៅ​ដល់​ពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា នា​ភោជនីយដ្ឋាន​អូ​ក្រា ស្ថិត​នៅលើ​ផ្លូវ​៥៩២ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ដែល​នេះ​ជា​សិក្ខាសាលា​លើក​ទី​បួន​ហើយ ។ លោក​បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃ​នោះ​ថា ជារឿយៗ លោក​តែង​ទទួលបាន​នូវ​សំណួរ​ជា​ចម្ងល់ ទាក់ទង​ទៅនឹង​ចំណេះដឹង​កសិកម្ម​ពី​សំណាក់​ពលរដ្ឋ ពិសេស​យុវជន​ដែល​កំពុង​រស់នៅ​ទីក្រុង​ភ្នំពេញ ក្នុង​គោលបំណង​ចង់​ដាំ​ដុះ​បន្លែបង្ការ​ដោយ​ខ្លួនឯង ។ ជាមួយគ្នានេះ សិក្ខាកាម​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា និង​បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​វា​យោ សុទ្ធ​តែ​លើក​ឡើង​ដូចៗ​គ្នា​ថា មានបំណង​ចង់​ចេះ ចង់ដឹង វិធី​នៃ​ការដាំដុះ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ​នៅផ្ទះ ក្រោយ​មាន​ក្តី​បារម្ភ​ពី​ការបរិភោគ​បន្លែ​ដែល​ទិញ​ពី​ទីផ្សារ ...

​បន្ទាប់​ពី​សម្រាក​បន្តិច​ក្នុង​សិក្ខាសាលា​ស្តីអំពី «​សួន​ដំណាំ​គ្រួសារ​» នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា វិទ្យុ​វាយោ​បាន​ជួប​សម្ភាសន៍​ជាមួយ​សិក្ខាកាម​ដែល​បាន​ចូលរួម​មួយចំនួន ភាគច្រើន សុទ្ធ​តែ​លើក​ឡើង​ស្រដៀង​គ្នា​អំពី​បំណង​នៃ​ការចង់​ចេះ ចង់ដឹង​ពី​វិធី​ដាំ​ដុះ​ដំណាំ​ដោយ​ខ្លួនឯង​នៅផ្ទះ ។​

​អ្នកស្រី អ៊ុង សុក្រ​ធី​យ៉ា អាយុ​៣១​ឆ្នាំ បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ទេសចរណ៍​មួយកន្លែង បាន​ប្រាប់​វិទ្យុ​វាយោ​ថា អ្នកស្រី​មាន​ចំណង់​ចំណូលចិត្ត ក្នុង​ការដាំដុះ ខណៈ​បច្ចុប្បន្ន អ្នកស្រី មាន​ដំណាំ​គ្រឿងទេស​នៅ​ផ្ទះ​មួយ​ចំនួន ។ អ្នកស្រី​បញ្ជាក់ថា ចំណេះដឹង​នៃ​ការដាំដុះ​របស់​អ្នកស្រី​កន្លងមក គឺ​ទទួលបាន​ពី​ការស្រាវជ្រាវ​ពី​យូ​ធូប និង​ចំណាយ​ពេល​អនុវត្ត​ដោយ​ខ្លួនឯង​ច្រើន រហូត​ក្លាយជា​ទម្លាប់​…
សំឡេង​អ្នកស្រី អ៊ុង សុក្រ​ធី​យ៉ា ៖

​លោក សុខ ច័ន្ទ​តា​រ៉ា អាយុ​៣២​ឆ្នាំ មុខរបរ​ជា​អ្នក​រចនា​ក្រាហ្វិក បាន​ប្រាប់ថា លោក​ចង់​ចេះ ចង់ដឹង​ពី​វិធី នៃ​ការរៀបចំ​ការដាំដុះ​ដំណាំ​នៅលើផ្ទះ សម្រាប់​បរិភោគ​ជា​លក្ខណៈ​គ្រួសារ ខណៈ​បច្ចុប្បន្ន លោក​មាន​ការបារម្ភ​អំពី​ការបរិភោគ​បន្លែ​ដែល​ទិញ​ពី​ទីផ្សារ​…
​សំឡេង​លោក សុខ ច័ន្ទ​តា​រ៉ា ៖

​លោក​បន្តថា ចំណេះ​ជំនាញ​ដែល​លោក​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ ជា​ដំណាក់កាល​ដំបូង លោក​នឹង​អនុវត្ត​ទៅលើ​ការដាំដុះ​នៅលើផ្ទះ ហើយ​ជា​ជំហាន​បន្ទាប់ លោក​នឹង​ពង្រីក​ចំណេះដឹង​ទាំងនេះ ទៅ​ធ្វើ​ចម្ការ​នៅ​ដី​របស់​លោក​ផ្ទាល់​តែម្តង​នៅ​ថ្ងៃ​អនាគត ។​

​អ្នកស្រី កេត ពិ​ណ្ណា​រ៉ា អាយុ​៣៤​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​ហៅ​ថា​កាត់​ថា តិច​ណូ បាន​ប្រាប់ថា ស្របពេល​ដែល​អ្នកស្រី​មាន​ជំនាញ​ខាង​គ្រប់គ្រង​ទឹក អ្នកស្រី​ត្រូវការ​ជំនាញ​កសិកម្ម​បន្ថែម ដែល​មិន​ទាន់​មាន ។ អ្នកស្រី​បន្ត​ថា ម្យ៉ាងទៀត អ្នកស្រី​ក៏​ចង់​ស្វែងយល់​អំពី​ការដាំដុះ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ​ដែរ ខណៈ​បច្ចុប្បន្ន អ្នកស្រី​មាន​ដាំ​ដំណាំ​គ្រឿងទេស​មួយចំនួន​នៅផ្ទះ ។​

​លោក ដុះ ពេជ្រ​សុចិត្រ អាយុ​២៦​ឆ្នាំ បុគ្គលិក​ស្ថាប័នរដ្ឋ​មួយកន្លែង បាន​ប្រាប់ថា លោក​មាន​បំណង និង​ចាប់អារម្មណ៍​ទៅលើ​ការដាំដុះ​ដំណាំ​នេះ​យូរ​មក​ហើយ ដោយសារតែ​លោក​មើលឃើញ​អំពី​ផលប្រយោជន៍​នៃ​ដាំ​ដុះ គឺ​មាន​ច្រើន ពោល​គឺ​ផ្តល់​នូវ​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត …
​សំឡេង​លោក ដុះ ពេជ្រ​សុចិត្រ ៖

​យ៉ាងណាក៏ដោយ លោក​ប្រាប់​ថា បច្ចុប្បន្ន លោក​នៅ​ពុំទាន់​បាន​រៀបចំ​ដាំ​ប្រភេទ​ដំណាំ​ណាមួយ​ឡើយ នៅលើ​ផ្ទះ​របស់​លោក​ជា​ប្រភេទ​ធុង​ស្នោ ដោយសារ​តែ​នៅ​ខ្វះ​ចំណេះដឹង និង​ជំនាញ​ផ្នែក​កសិកម្ម ។ លោក​បញ្ជាក់​បន្តថា ក្រៅ​ពី​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​សិក្ខាសាលា​ទៅ​អនុវត្ត​លើ​ការដាំដុះ​ក្នុង​ធុង​ស្នោ ទៅ​ថ្ងៃ​អនាគត លោក​ក៏​នឹង​យក​វា​ទៅ​អនុវត្ត​លើ​ការដាំដុះ​នៅឯ​ស្រុកកំណើត​ដែរ ក្រោយ​ទទួលបាន​បច្ចេកទេស​នៃ​ការដាំដុះ​គ្រប់គ្រាន់ ។​

​អ្នកស្រី វ៉េ​ត ចាន់​ធី អាយុ​៣៥​ឆ្នាំ មានមុខ​របរ​ផ្នែក​ពិធីការ​បាន​ប្រាប់ថា អ្នកស្រី​ចាប់អារម្មណ៍​ទៅលើ​ការរៀបចំ​ដាំ​ដុះ​ដំណាំ​ដោយ​ខ្លួនឯង ក្រោយ​បារម្ភ​ពី​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន ក៏​ដូចជា​គ្រួសារ ។ អ្នកស្រី​បន្ត​ថា ទៅ​ថ្ងៃ​អនាគត ក្រោយ​ទទួលបាន​ចំណេះដឹង​កសិកម្ម​គ្រប់គ្រាន់ អ្នកស្រី​អាច​នឹង​ពង្រីក​ការដាំដុះ ដើម្បី​រក​ចំណូល​បន្ថែម​ពី​ការលក់​ទិន្នផល​ដំណាំ​ផងដែរ​…
​សំឡេង​អ្នកស្រី វ៉េ​ត ចាន់​ធី ៖

​បើទោះបីជា​អ្នកស្រី​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​សុខភាព​ក្តី តែ អ្នកស្រី​បាន​ប្រាប់ថា សព្វថ្ងៃ អ្នកស្រី​ក៏​មាន​ការដាំដុះ​ដំណាំ​ជា​លក្ខណៈ​គ្រឿងទេស និង​បន្លែ​មួយចំនួន​ដែរ ដែល​រៀបចំ​ដាំ​ដុះ​ដោយ​ខ្លួនឯង ។​

​លោក យ៉ង សាំង​កុមារ គ្រូ​បណ្តុះបណ្តាល​ក្នុង​សិក្ខាសាលា «​សួន​ដំណាំ​គ្រួសារ​» បាន​ប្រាប់ថា សិក្ខាសាលា​នេះ ធ្វើឡើង​ក្រោយ​លោក​មើលឃើញ​អំពី​ការចង់​ចេះ​ចង់ដឹង លើ​ការដាំដុះ​ដំណាំ​ដោយ​ខ្លួនឯង ពី​សំណាក់​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​សាកសួរ​លោក​ជារឿយៗ​… 
​សំឡេង​លោក យ៉ង សាំង​កុមារ ៖

​អ្នកជំនាញ​កសិកម្ម​រូប​នេះ​ប្រាប់​បន្តថា នៅ​ក្នុង​វគ្គ​ទី​មួយ​នៃ​សិក្ខាសាលា «​សួន​ដំណាំ​គ្រួសារ​» គឺ​ផ្តោត​ទៅលើ​ផលប្រយោជន៍​នៃ​ការ​មាន​សួន​បន្លែ​ខ្លួនឯង​, ចំណេះដឹង​មូលដ្ឋាន​ទាក់ទង​នឹង​ដី​, ដំណាំ​, ការការពារ​ដំណាំ និង​និយាយ​អំពី​ការរៀបចំ​សួន​ខ្នាតតូច​, ប្រភេទ​ដំណាំ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​គ្រួសារ និង​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​របស់​គ្រួសារ ។​

​គាត់​បាន​ពន្យល់ថា សួន​ដំណាំ​គ្រួសារ មានន័យ​ថា ជា​ការរៀបចំ​ដាំ​ដុះ​ដំណាំ​លក្ខណៈ​គ្រួសារ​, ប្រើប្រាស់​កម្លាំង​គ្រួសារ​, រៀបចំ​ឡើង​នៅលើ​ដី​,​ថូ​, ផើង ឬ​រង​ដំណាំ តាម​ភាពជាក់ស្តែង​…
​សំឡេង​លោក យ៉ង សាំង​កុមារ ៖

​សិក្ខាសាលា​ស្តីអំពី «​សួន​ដំណាំ​គ្រួសារ​» នេះ ត្រូវបាន​ធ្វើឡើង​ចំនួន​៤​លើក​មក​ហើយ រាប់​ត្រឹម​ថ្ងៃទី​១០ ខែ​មីនា ។ គ្រូ​បណ្តុះបណ្តាល​សិក្ខាសាលា​រូបនេះ បាន​ប្រាប់ថា បន្ទាប់ពី​ចប់​វគ្គ​ទី​១ នឹង​មាន​ការជួបជុំរ​វាង​សិក្ខាកាម​ទាំងអស់ ដើម្បី​រៀបចំ​បណ្តាញ​អ្នក​ស្រឡាញ់​កសិកម្ម សួន​លក្ខណៈ​គ្រួសារ ក្នុង​គោលដៅ​ជំរុញ​ចលនា​ឱ្យ​មាន​ការដាំដុះ និង​មាន​សួន​បន្លែ​គ្រប់​ទី​កន្លែង​នៅ​ទីក្រុង ដែល​ទាំងនេះ នឹង​ជួយ​ទៅ​ដល់​សុខភាព មិត្តភាព ចំណេះដឹង និង​លុយកាក់​ផងដែរ ៕

ព័ត៌មានផ្សេងទៀត